Startup Series : វគ្គ២៖ ការចាប់ផ្តើមអាជីវកម្មដឹកជញ្ជូន FastNas Delivery

3092

ក្រោយពីបរាជ័យលើកទីមួយបានបីខែ ស៉ីនត្រាបានបញ្ជេញគម្រោងថ្មីមួយទៀត គឺសេវាដឹកជញ្ជូនទំនិញខ្នាតតូច។ អាជីវកម្មនេះត្រូវបានដាក់ឈ្មោះថា FastNas Delivery ដោយប្រើទុនចំនួន 1,5000 ដុល្លារ និងមានចុះបញ្ចីស្របតាមច្បាប់ធ្វើពាណិជ្ជកម្មនៅកម្ពុជា។ មានទុនសល់ពី Students Online Shop បូករួមទាំងការវិនិយោគបន្ថែមពីសមាជិកក្រុមទាំងបួននាក់បានចំនួន 1,5000 ដុល្លារ។ ទុននេះច្រើនជាងអាជីវកម្មលើកទីមួយរបស់ពួកគេ ដោយសារតម្រូវការចំណាយលើការជួយទីតាំង ចុះបញ្ចី សម្ភារៈសំខាន់ៗ និងចំណាយផ្សេងៗទៀត។ វាជារឿងងាយស្រួលសម្រាប់ពួកគេ ដោយសារឪពុកម្តាយរបស់ពួកគេសុទ្ធតែធូរធា និងគាំទ្រពួកគេពេញទំហឹង។

FastNas គឺជាសេវាកម្មដឹកជញ្ជូនទំនិញខ្នាតតូចនៅទីក្រុងភ្នំពេញ ដែលផ្តល់សេវាកម្មលឿន មានទំនុកចិត្ត និងតម្លៃអាចទទួលយកបាន សាកសម្យបំផុតសម្រាប់អ្នកលក់ឥវ៉ាន់តាមអនឡាញ។ FastNas មានសេវា pick-up ទំនិញដល់កន្លែងអ្នកលក់រួចដឹកជញ្ជូនទៅកាន់អ្នកទិញផងដែរ។

លើកនេះ លី ស៉ីនត្រា កាន់ដំណែងជា CEO, ស៊ា សុខា កាន់តំណែងជា COO, គិត លីនដា កាន់តំណែងជា CFO និង ឡាន រចនា កាន់តំណែងជា CMO។ ដោយសារតែពួកគេជឿជាក់លើគម្រោងនេះខ្លាំង ពួកគេបានប្តូរវេនទៅរៀនយប់ ហើយធ្វើការនៅ FastNas ពេលថ្ងៃ។ នៅក្នុងការិយាល័យ មានរចនា និងលីនដានៅប្រចាំការ ចំណែកស៉ីនត្រា និងសុខាត្រូវរ៉ាប់រងលើការដឹកជញ្ជូនទៅឲ្យអតិថិជន។ ពួកគេបានព្យាយាមកាត់ចំណាយមិនចាំបាច់ចេញ ហើយខិតខំធ្វើការតាមតែអាចធ្វើបាន ព្រោះតែពួកគេមានដើមទុនតិច ហើយមានគូប្រជែងច្រើន។ 

ប្រតិបត្តិការរបស់ពួកគេដំបូងចេញពីរជើងក្នុងមួយថ្ងៃ គឺវេនព្រឹក និងវេនរសៀល។ នៅពេលមានគេទិញសេវាផ្ញើរទំនិញពី FastNas ពួកគេមានគោលការណ៍ដឹកក្នុងថ្ងៃតែមួយ និងដឹកក្នុងថ្ងៃបន្ទាប់។ បើមានគេយកទំនិញមកផ្ញើរចន្លោះម៉ោង៨ដល់ ម៉ោង១០ព្រឹក ពួកគេរៀបចំទំនិញនឹងដឹកចេញទៅកាន់គោលដៅជើងទីមួយនៅចន្លោះម៉ោង១១ដល់ម៉ោង២ថ្ងៃត្រង់ ហើយចេញជើងទីពីរនៅម៉ោង៣ដល់ម៉ោង៥ ចំណែកទំនិញដែលត្រូវបានគេយកដាក់លើសម៉ោង៣ នឹងចេញដំណើរនៅថ្ងៃស្អែក។

សហគ្រិនវ័យក្មេងទាំងបួននាក់នេះ ធ្លាប់តែរស់នៅក្នុងគ្រួសារស្រណុកសុខស្រួល ប៉ុន្តែពេលនេះដើម្បីក្តីស្រមៃ ពួកគេបានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត រួមគ្នាជាធ្លុងមួយធ្វើឲ្យគម្រោងរបស់ FastNas ក្លាយជាការពិត មិនថាត្រូវធ្វើការពិបាកៗដែលពួកគេមិនធ្លាប់ធ្វើក៏ដោយ។

រចនា បានបង្កើតគម្រោងធ្វើទីផ្សារជាច្រើនដាក់ឲ្យស៉ីនត្រាវិភាគ ចំណែកសុខាក៏បានខិតខំស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងជាងមុនផងដែរ។ នៅខែទីមួយប្រតិបត្តិការរបស់ពួកគេស្ទើរតែខាតទាំងស្រុង ដោយសារតែកម្មវិធីប្រមូសិន និងការចំណាយធ្វើទីផ្សារច្រើន។ ដើមខែទីពីរ ស៉ីនត្រាបានដាក់យុទ្ធសាស្ត្រចាប់យកទីផ្សារតូចៗដោយចាប់ដៃគូជាមួយអ្នកលក់អនឡាញល្បីៗនៅលើ Facebook និង Instagram។ តាមរយៈការយុទ្ធសាស្ត្រនេះ ពួកគេខាតតិចតួចក្នុងខែទីពីរ ហើយរកបានចំណុចរួចដើម(Break-even)នៅខែទីបី។ ដោយសារតែមានអ្នកដឹកជញ្ជូនតែពីរនាក់(ស៉ីនត្រា និងសុខា) និងដោយសារតែមានអ្នកប្រើប្រាស់សេវារបស់ពួកគេកើនឡើងច្រើនផង ពួកគេក៏សម្រេចចិត្តជួលបុគ្គលិកដឹកជញ្ជូនពីរនាក់បន្ថែមទៀត។ តាមពិតទៅសហស្ថាបនិកទាំងអស់របស់ FastNas មិនបានយល់ពីគម្រោង និងទិសដៅច្បាស់លាស់នោះទេនៅពេលចាប់ផ្តើមដំបូង ប៉ុន្តែក្រោយពីដំណើរការមក ពួកគេកាន់តែយល់ច្បាស់ទៅៗ និងរីកគំនិតច្រើនជាងមុន។

មិនយូរប៉ុន្មាន រឿងអាក្រក់បានកើតឡើងជាថ្មី នៅក្នុងត្រីមាសទី៣ វិបត្តិរបស់ FastNas ក៏កើតឡើងដោយសារកំណើនគូប្រជែងកាន់តែច្រើន ហើយគូប្រជែងទាំងនោះប្រើប្រាស់បច្ចេកវិទ្យាទំនើបជាង FastNas ទៀតផង ធ្វើឲ្យ FastNas ចាប់ផ្តើមបាត់បង់ចំណែកទីផ្សារបន្តិចម្តងៗ។

ដើម្បីដោះស្រាយបញ្ហា ស៉ីនត្រា បានបើកការប្រជុំជាមួយសហស្ថាបនិកទាំងអស់របស់ FastNas ប៉ុន្តែមិនអាចរកឃើញដំណោះស្រាយសមស្របនោះទេ ក្រៅពីតែបន្ថែមសកម្មភាពធ្វើទីផ្សារ។ ប៉ុន្តែដំនោះស្រោយមិនសូវសំខាន់នេះ មិនបានជួយពួកគេនោះទេ ថែមទាំងធ្វើឲ្យ FastNas ខាតបង់ថែមទៀត ដោយសារតែគូប្រជែងដំណើរការដោយ App ដែលធ្វើឲ្យអតិថិជនកាន់តែងាយស្រួល និងរហ័ស។

សម្ពាធទៅលើសហស្ថាបនិកទាំងអស់របស់ FastNas ជាពិសេសលើ លី ស៉ីនត្រា កាន់តែកើនឡើងខ្លាំងទៅៗ។ ពួកគេបានពិនិត្យមើលលទ្ធភាពបង្កើត App ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ប៉ុន្តែតម្រូវការនោះត្រូវឲ្យពួកគេចំណាយច្រើនទាំងការផលិត និងគ្រប់គ្រង ព្រោះក្នុងចំណោមពួកគេមិនមាននរណាម្នាក់ចេះផ្នែកបច្ចេកវិទ្យានោះទេ។

សូមតាមអានភាគ ៣ បន្ត…

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។