តើ Amazon រៀបគម្រោងបែបណាដើម្បីបំបាក់ Walmart នៅទីផ្សារប្រទេសឥណ្ឌា?

2524

ឥណ្ឌា៖ ថ្មីៗនេះក្រុមហ៊ុន Walmart បានជះលុយរាប់ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុនលក់រាយតាមអនឡាញរបស់ឥណ្ឌា។ ឥលូវនេះក្រុមហ៊ុន Amazon កំពុងតែបន្ថែមយុទ្ធសាស្ត្រដើម្បីច្បាមយកអតិថិជនថ្មីចំនួនរាប់លាននាក់នៅក្នុងទីផ្សារលក់រាយរបស់ឥណ្ឌា និងតាមបន្តសមរភូមិជាមួយ Walmart ក្រោយស្ងប់ស្ងាត់អស់ជាងពីរខែមកនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរបស់ឥណ្ឌា បានឱ្យដឹងថា ក្រុមហ៊ុន Amazon នឹងទិញយកភាគហ៊ុន 49% របស់ក្រុមហ៊ុន More ដែលជាផ្សារទំនើបដ៏ពេញនិយមរបស់ឥណ្ឌា។ ភាគហ៊ុនដែលនៅសេសសល់ចំនួន 51% ទៀត នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគឯកជនរបស់ឥណ្ឌា Samara Capital ។

ផ្សារទំនើប More នេះមានសាខាជាង 540 នៅទូទាំងប្រទេសឥណ្ឌា។ វាគឺជាអាជីវកម្មលក់រាយធំជាងគេមួយ ហើយទើបតែថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនឥណ្ឌា Indian Aditya Birla Group បានលក់ផ្សារ More ទៅឲ្យក្រុមហ៊ុន Witzig គ្រប់គ្រងវិញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon ម្នាក់បានប្រាប់ទូរទស្សន៍ CNN ថា Amazon និង Samara បានយល់ព្រមសហការគ្នាវិនិយោគនៅក្នុង ក្រុមហ៊ុន Witzig ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីទំហំនៃការវិនិយោគ ឬក៏ចំនួនភាគហ៊ុនរបស់ខ្លួននោះទេ។

នាយកក្រុមហ៊ុន Witzig លោក Paurush Roy បានអះអាងថាភាគហ៊ុន 51% នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន Samara Capital មែន ប៉ុន្តែមិនបានបញ្ជាក់ពីការចូលរួមរបស់ Amazon នោះទេ។

លោក Roy មានប្រសាសន៍ថា “យើងមានជំនឿចិត្តលើអនាគតរបស់ More។ យើងនឹងអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដោយការផ្តល់ជូនទំនិញ និងគ្រឿងទេសដែលល្អបំផុតនៅទូទាំងប្រទេស»។

ក្រុមហ៊ុន Amazon បានទិញយកភាគហ៊ុនភាគតិចនៅក្នុងហាងលក់សម្លៀកបំពាក់មួយឈ្មោះ Shoppers Stop របស់ឥណ្ឌាកាលពីឆ្នាំមុន ប៉ុន្តែការវិនិយោគទៅក្នុងផ្សារទំនើប More គឺជាលើកទីមួយហើយដែលក្រុមហ៊ុន Amazon ហក់ចូលក្នុងវិស័យលក់រាយធំបែបនេះ។

វាគឺសញ្ញាមួយដែលនឹងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយក្រុមហ៊ុន Walmart ដើម្បីដណ្តើមគ្នាកាន់កាប់ទីផ្សារដែលមានអតិថិជនរាប់រយលាននាក់មួយនេះ។

គួររំលឹកថាក្រុមហ៊ុន Walmart បានគ្រប់គ្រងក្រុមហ៊ុន Flipkart ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេនៅឥណ្ឌា នៅក្នុងខែឧសភាកន្លងទៅ តាមរយៈការចំណាយប្រាក់ចំនួន 16ពាន់លានដុល្លារ ទិញយកភាគហ៊ុន 77% របស់ Flipkart។

ការទិញ Flipkart ដោយ Walmart បានផ្តល់ឱកាសឲ្យ Walmart ចូលដោយផ្ទាល់ ទៅកាន់កាប់ទីផ្សារលក់រាយតាមអ៉ីនធើណិតឥណ្ឌាដែលក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថាវានឹងមានតម្លៃ 200 ពាន់លានដុល្លារនៅឆ្នាំ 2026 ខាងមុខ។

ប្រជាជនឥណ្ឌាភាគច្រើនចូលចិត្តទិញទំនិញដោយផ្ទាល់នៅក្នុងហាង ហើយ Amazon ទិញយកផ្សារលក់ទំនិញ More គឺជាយុទ្ធសាស្ត្រមួយក្តាប់យកទីផ្សារលក់រាយក្រៅអ៉ីនធើណិត ពីលើការកាន់កាប់ទីផ្សារលក់រាយតាមអ៉ីនធើណិតដែលគ្រប់គ្រងដោយក្រុមហ៊ុនសាខារបស់ខ្លួន គឺ Amazon India ។ ចាំមើលថា Walmart នឹងមានយុទ្ធសាស្ត្រអ្វីដើម្បីឆ្លើយតបជាមួយគូប្រកួតស៉ីសាច់ហុតឈាមតាំងពីនៅអាមេរិករហូតដល់ឥណ្ឌា របៀបណាបន្តទៀត!

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។