ហេតុផលធំៗដែលជំរុញអោយអតិថិជនទិញ!

2659

មុននឹងទិញទំនិញអ្វីមួយយើងគ្រប់គ្នាសុទ្ធតែមានហេតុផលរៀងខ្លួនថាហេតុអ្វីយើងចាំបាច់ទិញវា។ ហេតុផលដែលជំរុញមនុស្សយើងអោយទិញមានជាច្រើន តែខាងក្រោមនេះគឺជាហេតុផលធំៗដែលជានិច្ចកាលអាចអូសទាញមនុស្សអោយចាប់អារម្មណ៍ទំនិញណាមួយបាន។ ប្រសិនបើអ្នកគឺជាអាជីវករ អ្នកអាចប្រើយុទ្ធសាស្ត្រដែលមានក្នុងអត្ថបទនេះទៅអនុវត្តក្នុងអាជីវកម្ម ឬការធ្វើទីផ្សារបានទៀតផង។ 

១. សុវត្ថិភាព៖ មនុស្សតាំងពីដើមមកតែងតែអោយតម្លៃទៅលើអ្វីដែលផ្ដល់សុវត្តិភាពដល់ខ្លួន ហើយផលិតផលណាដែលអាចផ្ដល់នូវទំនុកចិត្តដូចដែលអតិថិជនចង់បាននោះប្រាកដជាលក់ដាច់មិនខាន។ ឧទាហរណ៍ សព្វថ្ងៃនេះបើគេទិញឡានគេនឹងជ្រើសរកឡានណាដែលមានពោងការពារច្រើន មានប្រព័ន្ធការពារចោរលួច និងអាចរក្សាលំនឹងបានល្អពេលបើកបរជាដើម ឬបើគេបរិភោគអាហារគេប្រាកដជាជ្រើសរើសយកអាហារធម្មជាតិគ្មានគឺមី។

២. ផ្ដល់នូវផាសុកភាព៖ ពេលខ្លះមានទំនិញមួយចំនួនគឺមិនចាំបាច់សម្រាប់យើងទេដូចជាផ្ទះថ្មីធំជាងមុន ឡានសេរីចុងក្រោយ ឬអាហារក្នុងហាងទំនើបៗជាដើម។ តែហេតុអ្វីក៏នៅតែមានមនុស្សទិញរបស់ទាំងនេះ? ចម្លើយនោះគឺមនុស្សជាច្រើននឹងហ៊ានចំណាយលុយប្រសិនបើអ្វីដែលគាត់បានទិញនោះផ្ដល់នូវផាសុកភាពដល់ខ្លួននិងក្រុមគ្រួសារខ្លួនទោះបីជាវាមិនមែនជាតម្រូវការចាំបាច់ក៏ដោយ។ 

៣. ស្គាល់ផលិតផលនោះតាំងពីតូច៖ មនុស្សយើងពេលមានវ័យកាន់តែច្រើនទៅ ពេលខ្លះតែងនឹកដល់កាលខ្លួននៅក្មេងនិងអ្វីៗនៅជុំវិញខ្លួន។ យុទ្ធសាស្ត្រនេះហើយដែលធ្វើអោយក្រុមហ៊ុនមួយចំនួនដូចជា Starbucks យកមកប្រើប្រាស់ដោយផ្ដោតលើទំនិញនិងសេវាកម្មរបស់កុមារ ព្រោះខាងក្រុមហ៊ុនដឹងថានៅពេលកុមារទាំងនោះធំឡើងគេនឹងនៅតែចាំបទពិសោធន៍នៃការចូលហាង Starbucks ហើយក្លាយទៅជាអតិថិជនរបស់គេអស់មួយជីវិត។ មួយទៀតសួរថាហេតុអីយើងផឹកកូកាតាំងពីតូចរហូតដល់ពេលនេះនៅមិនទាន់ឈប់ទៀត? នោះគឺដោយសារវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែវាថែមទាំងផ្ដល់នូវបទពិសោធន៍ និងអារម្មណ៍រីករាយដូចកាលពីក្មេងម្ដងទៀត។ 

៤. សន្សំសំចៃលុយ៖ ផលិតផលណាដែលមានសមត្ថភាពដូចផលិតផលដទៃទៀតតែអាចសន្សំសំចៃលុយបាននោះនឹងទទួលបានការចាប់អារម្មណ៍ពីអតិថិជនច្រើនជាង ទោះបីជាអ្នកទិញបានចំនេញតែបន្តិចបន្ដួចក៏ដោយ។ ហើយក្រុមហ៊ុនលក់ផលិតផលទាំងនោះកំពុងតែប្រើនូវយុទ្ធសាស្ត្រនេះដើម្បីទាក់ទាញអតិថិជន ដូចជាផ្សាយពាណិជ្ជកម្មពីឡានដែលស៊ីសាំងតិចជាងមុន អំពូលភ្លើងដែលប្រើបានយូរម៉ោងជាង ឬ ប្រេងម៉ាស៊ីនដែលប្រើបានច្រើនគឺឡូជាងផលិតផលរបស់ដៃគូរប្រជែង…។

៥. ខ្លាចអ្នកផ្សេងយកអស់៖ អ្នកប្រាកដជាធ្លាប់ឃើញផ្សាយពាណិជ្ជកម្មមិនថាអនឡាញ តាមផ្លូវ ឬក្នុងផ្សារទំនើបទេដែលសរសេរអក្សរធំៗពីការលក់បញ្ចុះតម្លៃនិងរយៈពេលនៃការលក់នោះ ហើយជាទូទៅរយៈពេលបញ្ចុះតម្លៃមិនសូវជាយូរប៉ុន្មានទេ។ ការដែលអាជីវកម្មធ្វើបែបនេះព្រោះគេយល់ពីចិត្តសាស្ត្ររបស់មនុស្សដែលចង់បានរបស់បញ្ចុះតម្លៃ ម្ល៉ោះហើយពេលឃើញគេបញ្ចុះតម្លៃក៏ធ្វើអោយក្នុងខ្លួនមិនសុខចង់តែទៅទិញព្រោះគិតថាទំនិញទាំងនោះនឹងមានគេយកអស់បើខ្លួនមិនប្រញាប់ទៅទិញទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។