គណនី Facebook ជិត 50លាន ត្រូវបាន Hackers វាយប្រហារ

2090

អាមេរិក(CNBC)៖ Facebook បានរកឃើញបញ្ហាសុវត្តិភាពគណនីមួយ ដែលអាចឱ្យពួក Hacker អាចទទួលបានព័ត៌មានដែលអាចឱ្យពួកគេចូលកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ប្រមាណ 50 លានគណនី។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយតាមទូរស័ព្ទជាមួយអ្នកកាសែតថា “នេះគឺជាបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរមួយហើយយើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ” ។

តម្លៃភាគហ៊ុនរបស់ហ្វេសប៊ុកបានធ្លាក់ចុះប្រហែល 1,5 ភាគរយរួចមកហើយមុនពេលការប្រកាសនេះ ហើយការខាតបង់បានកើនឡើង 3,5 ភាគរយបន្ទាប់ពីបញ្ហានេះត្រូវបានទម្លាយ។

ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងប្លក់របស់ខ្លួនថា ក្រុមអ្នកវាយប្រហារកំណត់បានភាពទន់ខ្សោយក្នុងកូដរបស់ហ្វេសប៊ុក ទាមរយៈមុខងារ “View As” របស់ខ្លួនកាលពីថ្ងៃអង្គារ។ ហ្វេសប៊ុកបានចាប់ផ្តើមសង្ស័យអំពីការវាយប្រហារដ៏ធំនេះ បន្ទាប់ពីបានកត់សម្គាល់ឃើញមានការកើនឡើងនូវសកម្មភាពរបស់អ្នកប្រើប្រាស់កាលពីថ្ងៃទី 16 ខែកញ្ញាកន្លងទៅ។

មុខងារ “View As” អនុញ្ញាតឱ្យអ្នកប្រើមើលឃើញព័ត៌មាន (Profile) របស់ពួកគេ មើលទៅដូចអ្នកប្រើផ្សេងទៀតនៅលើកម្មវិធី Facebook។ កំហុសឆ្គងនេះអាចឲ្យពួក Hacker ចូលលួចយកគណនី ពាក្យសំងាត់ឌីជីថលដែលអាចឲ្យពួកគេនៅតែអាចប្រើប្រាស់គណនីហ្វេសប៊ុកបានដោយមិនចាំបាច់វាយពាក្យសំងាត់ម្តងទៀត និងអាចឲ្យពួកគេចូលទៅគ្រប់គ្រងគណនីរបស់អ្នកផ្សេងទៀតទាំងស្រុង។

គណនីជិត 50 លាន ត្រូវបានគេទាញយកទិន្ន័យ ហើយហ្វេសប៊ុកបានកំណត់ទិន្ន័យទាំងនោះឡើងវិញ។ ក្រុមហ៊ុនក៏បានកំណត់ទិន្ន័យថ្មីលើគណនី 40លានបន្ថែមទៀត ដែលបានប្រើប្រាស់មុខងារពិសេស “View As” កាលពីឆ្នាំមុនផងដែរ ដើម្បីបង្កាគ្រោះថ្នាក់។ 

ការកំណត់ឡើងវិញនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់សរុបទាំង 90លានគណនីនេះ បញ្ចូលពាក្យសម្ងាត់របស់ពួកគេឡើងវិញ នៅពេលដែលពួកគេចូលប្រើកម្មវិធីហ្វេសប៊ុក។ ពួកគេក៏នឹងទទួលបានការជូនដំណឹងផងដែរនៅផ្នែកខាងលើនៃពត៌មានរបស់ពួកគេ (Notification) ដែលពន្យល់អំពីអ្វីដែលបានកើតឡើង។

លើសពីនេះក្រុមហ៊ុនបានផ្អាកមុខងារ “View As” កំឡុងពេលដែលខ្លួនកំពុងពិនិត្យមើលប្រព័ន្ធសុវត្ថិភាព។ ហ្វេសប៊ុកបាននិយាយថាខ្លួនបានដោះស្រាយបញ្ហានេះ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលម្ងៃ ហើយបានជូនដំណឹងដល់ភ្នាក់ងារ FBI និងគណៈកម្មការការពារទិន្នន័យអៀរឡង់ដើម្បីដោះស្រាយបញ្ហាទូទៅនៃច្បាប់ការពារទិន្នន័យ (GDPR) ផងដែរ ។

ហ្វេសប៊ុកបាននិយាយថាខ្លួនទើបតែចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន ហើយមិនបានរកឃើញថាមានព័ត៌មានណាមួយត្រូវបានគេប្រើខុសនៅឡើយទេ ដូចជាការផ្ញើសារ ការបង្ហោះអ្វីផ្សេងៗដោយពួក Hacker។ ពួក Hacker បានព្យាយាមទាញយកទិន្ន័យរបស់អ្នកប្រើប្រាស់ពីក្នុងប្រព័ន្ធ APIs របស់ហ្វេសប៊ុក ខណៈក្រុមហ៊ុននេះមិនបានប្រាកដទេថា ពួក Hacker បានប្រើទិន្នន័យនោះឬអត់ ហើយក៏មិនដឹងថាពួកគេមានប្រភពមកពីទីណាឡើយ។

ក្រុមហ៊ុននេះបាននិយាយថា មិនចាំបាច់ប្តូរពាក្យសម្ងាត់ទេ។ ប្រសិនបើគណនីបន្ថែមត្រូវបានរងផលប៉ះពាល់ ហ្វេសប៊ុកនឹងផ្លាស់ប្តូរទិន្ន័យដែលគេលួចទៅនោះឡើងវិញភ្លាម។ ក្រុមហ៊ុនហ្វេសប៊ុកកំពុងបង្កើនចំនួនបុគ្គលិកធ្វើការដើម្បីបង្កើនសុវត្តិភាពគណនីរបស់អ្នកប្រើប្រាស់ពី 10,000 ទៅ 20,000 នាក់បន្ថែមទៀត។

ខាងក្រោមនេះគឺជាការជូនដំណឹងរបស់លោក Mark Zuckerberg នៅលើគណនីហ្វេសប៊ុកផ្លូវការណ៍របស់លោក

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។