តើ Multi-level-marketing (MLM) ក្នុងទម្រង់បោកប្រាស់ស្របច្បាប់នោះគឺជាអ្វី?

8464

បណ្តាញទីផ្សារ ឬជាភាសាអង់គ្លេស Network Marketing អាចឲ្យអ្នកកើបលុយបានជាច្រើនបើអ្នកប្រើវាចំឱកាស។ ជាទូទៅវាសំដៅលើបណ្តាញទីផ្សារដោយផ្ទាល់ ដែលភាសាអង់គ្លេសហៅថា Multi-level-marketing (MLM) ដែលជាវិធីរកលុយមួយ ដែលគេតែងតែអូសទាញមនុស្សឲ្យចូលរួមជាមួយពួកគេ តាមរយៈការផ្សាយគ្រប់រូបភាពថា មិនតម្រូវឲ្យមានសមត្ថភាពខ្ពស់ ជំនាញពិតប្រាកដ និងទំហំវិនិយោគច្រើន។ ហើយពួកអ្នកបង្កើតវាឡើង ចូលចិត្តសន្យា និងនិយាយផ្តោតតែអំពីការរកប្រាក់ចំណូលពីការចូលរួមនោះ ជាការចាក់មនោគមន៍ឲ្យមនុស្សដែលមិនសូវមានការយល់ដឹងខ្ពស់ទាំងនោះជឿស្លុងលើគម្រោងប្រាក់ចំណេញរបស់ពួកគេ។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនលក់ផលិតផលដែលអៈអាងថាមានប្រភពមកពីអាមេរិក និងថ្មីៗនេះមានក្រុមហ៊ុនមកពីម៉ាឡេស៉ីមួយក៏កំពុងតែប្រើបណ្តាញទីផ្សារ MLM នេះដែរ។ នៅក្នុងប្រទេសកម្ពុជា ពួកគេហាក់ដូចជាងាយស្រួលក្នុងការរកស៉ីដោយប្រើប្រព័ន្ធនេះ ដូច្នេះហើយទើបក្រុមហ៊ុនមួយចំនួននៅតែអាចបោកលុយប្រជាជនខ្មែរជាបន្តបន្ទាប់ ហើយខ្លះដែលកំពុងរកស៉ីដល់ពេលបច្ចុប្បន្ន និងទើបតែចូលមកថ្មី បានប្រើប្រាស់រូបភាពលក់ផលិតផលដើម្បីកុំឲ្យគេសង្ស័យពេក។ 

ការប្រើប្រាស់ផលិតផលជាកូនអុកនេះ ទោះបីវាមិនមែនជាការបោកប្រាស់ពេញតួរក៏ដោយ ប៉ុន្តែវាអាចជាការបោកប្រាស់ស្របច្បាប់ មានន័យថាមនុស្សយល់ព្រមឲ្យគេបោកដោយមិនដឹងខ្លួន។ ដំបូងពួកគេបានបង្កើតគម្រោងប្រាក់ចំណេញដែលភាគច្រើនបានពីការលក់ផលិតផល និងលុយទឹកតែពីការអូសទាញអ្នកផ្សេងចូលបណ្តាញ។ បន្ទាប់មកពួកគេចាប់ផ្តើមបើកសិក្ខាសិលាបណ្តុះបណ្តាលផ្សេងៗដោយដាក់ចំណងជើងថា “វគ្គបណ្តុះបណ្តាលវិធីរកលុយតាមអនឡាញ (Facebook, Instagram, line…)” “វគ្គបណ្តុះបណ្តាលរបៀបបើកអាជីវកម្មដោយមិនប្រើដើម” និងប្រធានបទជាច្រើនទៀត ប៉ុន្តែការបង្រៀនទាំងនោះគឺបង្រៀនឲ្យលក់ផលិតផលជាបណ្តាញរបស់គេនោះឯង។ ក្រោយមកអ្នកដែលចូលរួម ហើយត្រូវមនោគមន៍ចាក់ទឹកមិនលិចរបស់ក្រុមអ្នកបង្កើតបណ្តាញទាំងនោះ ចុះឈ្មោះចូលរួមដោយបង់ប្រាក់ចូលជាសមាជិក រួចគេឲ្យទិញផលិតផលស្តុក ឬអាចរកអ្នកទិញបានសិនចាំយកផលិតផលទៅ ដោយគេមានកន្លែងឲ្យធ្វើការ ហើយការងារទាំងនោះគ្មានអ្វីក្រៅពីខល បង្ហោះរូបភាពស្វែងរកអ្នកចូលរួមគ្រប់រូបភាព Liveវីឌីអូ អូសទាញមិត្តភក្តិ បងប្អូន សាច់ញាតិឲ្យចូលរួមបណ្តាញ និងទិញផលិតផល។ គេក៏តម្រូវឲ្យសមាជិកទាំងនោះ ស្លៀកពាក់ហំហានឲ្យមើលទៅដូចមែនទែន ដើម្បីងាយអូសទាញអ្នកផ្សេង។ 

នៅពីក្រោយការជម្រុញឲ្យមនុស្សហ៊ានធ្វើគ្រប់យ៉ាងដើម្បីអូសទាញអ្នកដទៃឲ្យចូលរួមនោះគឺដើម្បីគម្រោងលុយទឹកតែមិនចេះរីងស្ងួតរបស់ពួកគេ។ ឧទាហរណ៍ថា សមាជិកថ្មី (សមាជិក ខ) ដែលត្រូវបានគេអូសទាញឲ្យចូលបណ្តាញដោយសមាជិក “ក” គេតម្រូវឲ្យសមាជិក “ខ” បង់លុយចូលជាសមាជិកចំនួន $1,200 ហើយសមាជិក “ក” នឹងទទួលបានលុយទឹកតែចំនួន 20% ឬស្មើរ $240 ហើយបើរកបានសមាជិកថ្មីៗចូលទៀតនឹងទទួលបាន $240 ក្នុងម្នាក់ទៀត។ នេះហើយជាវិធីរកលុយដោយមិនចាំបាច់ប្រើដើមទុនរបស់ពួកគេ គឺអូសទាញមនុស្សឲ្យចូលរួមបណ្តាញ។ បន្ទាប់មកបើសមាជិក “ខ” ចង់រកលុយទឹកតែដែរ គេនឹងទៅអូសទាញសមាជិក “គ” ហើយនៅពេលសមាជិក “គ” បង់លុយ មិនមែនត្រឹមតែសមាជិក “ខ” ទេដែលបានលុយទឹកតែ $240 តែសមាជិក “ក” ក៏បានចំណេកនៃលុយ $1,200 នោះដែរ។ សមាជិក “គ” ទៅរកមនុស្សថ្មីទៀតជាបន្តបន្ទាប់គ្មានដែនកំណត់ ហើយមិនមានអ្នកណាឆ្ងាយក្រៅពីមិត្តភក្តិ គ្រួសារ និងអ្នកជិតខាងនោះទេ។ អ្នកណានៅខាងលើគេ នឹងទទួលបានលុយទឹកតែរាល់ពេលដែលមានសមាជិកថ្មីចូលរួម នេះគ្រាន់តែចំណូលពីការអូសទាញមនុស្សឲ្យចូលប៉ុណ្ណោះ នៅមានលុយពីការលក់ផលិតផលទៀត។

មនុស្សនឹងព្យាយាមសរសើរផលិតផលដែលគេលក់នោះ ទោះបីការពិតវាគ្មានគុណភាព និងប្រសិទ្ធភាពក៏ដោយ។ ពួកគេនឹងព្យាយាមអូសទាញអ្នកដែលគេស្គាល់ឲ្យចូលក្រុម ដើម្បីតែចង់បានលុយទឹកតែ។ អ្នកណាចូលបានមុនគេ អ្នកនោះនឹងរកចំណូលបានច្រើន ឯអ្នកដែលចូលក្រោយ លក់មិនដាច់ ឬមិនអាចអូសទាញអ្នកថ្មីឲ្យចូលបណ្តាញ នឹងខាតបង់ទាំងលុយកាក់ ទាំងពេលវេលា និងមិត្តភាព។ អ្នកដែលកើបលុយដោយមិចបាច់ធ្វើអ្វី គឺអ្នកដែលបង្កើតបណ្តាញនោះឡើង ហើយអ្នកដែលនាំគ្នារកលុយឲ្យម្ចាស់ក្រុមហ៊ុន គឺសមាជិកទាំងអស់។  

នៅពេលដែលក្រុមហ៊ុនប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញ យកផលិតផលជាគ្រាប់អុក វិធីឈ្នះៗនេះនឹងមានប្រសិទ្ធភាពជាងការលក់សេវាកម្ម។ ប៉ុន្តែសូមបញ្ជាក់ថា រាល់ក្រុមហ៊ុនដែលប្រើទីផ្សារបណ្តាញ មិនមែនមានន័យថា សុទ្ធតែបោកប្រាស់នោះទេ។ តាមទ្រឹស្តីទីផ្សារ និយាយថា ក្រុមហ៊ុនប្រភេទនេះ ប្រសិនផ្តល់កម្រៃជើងសារតិចតួច ឬសមល្មម ហើយផលិតផលរបស់ពួកគេ ពិតជាមានគុណភាពមែន គឺភាគច្រើនត្រឹមត្រូវ ចំណែកក្រុមហ៊ុនដែលសន្យាឲ្យប្រាក់កម្រៃជើងសារច្រើនហួសហេតុ ផលិតផលមានតម្លៃថ្លៃ និងគ្មានគុណភាព ភាគច្រើនគឺបោកប្រាស់។

ក្រុមហ៊ុនបោកប្រាស់មួយចំនួន ជាក្រុមហ៊ុនលក់ផលិតផល ហើយពួកគេកំណត់តម្លៃផលិតផលមួយដ៏ខ្ពស់ ដោយសារតែពួកគេកាត់ប្រាក់កម្រៃជើងសារទៅឲ្យអ្នកដែលជាបណ្តាញលក់ច្រើន តែគេក៏បានទុកគម្លាតចំណេញដ៏ច្រើនផងដែរ។ ពួកគេមិនមែនកំណត់ថ្លៃទំនិញ ដោយផ្អែកលើគុណភាពផលិតផលនោះទេ។

តាមពិតទៅអត្ថបទនេះចប់ត្រឹមកថាខណ្ឌខាងលើ បន្តែក្រោយពេលអត្ថបទនេះត្រូវបានផ្សព្វផ្សាយ មានមនុស្សជាច្រើនបង្ហាញខ្លួនចូលមកបញ្ចេញមតិតាមប្រអប់ Comment លើ Facebook ទាំងអ្នកកំពុងស្ថិតក្នុងអាជីវកម្មបណ្តាញ អ្នកធ្លាប់ធ្វើហើយដកខ្លួនវិញ និងអ្នកមិនធ្លាប់ធ្វើសោះកាលពីមុន។ អ្នកខ្លះទៀតយល់ថាផលិតផលបង្កើតប្រេនខ្លួនឯងដែលកំពុងផ្សព្វផ្សាយលក់លើបណ្តាញសង្គម មានមេក្រុម មានកូនក្រុមនោះក៏ដូចគ្នាជាមួយអត្ថបទដែលខ្ញុំសរសេរនេះ។ អ្នកខ្លះប្រដូចន័យអត្ថបទនេះទៅជា Network កាបអុបទិក ឬសេវាទូរស័ទ្ទទៅវិញ ហើយអ្នកខ្លះខមិនថារកស៉ីត្រូវការ Network សូម្បីតែលក់ដីឡូហ៍ក៏ត្រូវការដែរ…។ Network Markerting ប្រែថាទីផ្សារបណ្តាញ មិនមែនជា Network សេវាអ៉ីនធើណិត ហើយក៏មិនមែន Network ទំនាក់ទំនងរកស៉ីដែរ។  វាជាយុទ្ធសាស្ត្រទីផ្សារមួយ ក្នុងចំណោមយុទ្ធសាស្ត្រទីផ្សារផ្សេងទៀត ដែលគេយកវាមកប្រើដើម្បីលក់ផលិតផល ឬសេវាកម្មយកលុយ។

សម្រាប់អ្នកកំពុងប្រកបរបរនេះដែលបញ្ចេញមតិប្រឆាំងនឹងអត្ថបទរបស់ខ្ញុំ

បន្តធ្វើវាទៅ…! វាជាពេលវេលា ជាលុយរបស់អ្នក ហេតុអ្វីខ្ញុំត្រូវខ្វល់? ខ្ញុំគ្រាន់តែសរសេរសំដៅក្រុមហ៊ុនបោក និងចែករំលែកចំណេះខ្លះដល់អ្នកអានទេតើ ហេតុអ្វីទ្រង់ពិបាកក្នុងខ្លួនខ្លាំងម្លេះ? បើអ្នកច្បាស់ម្លឹងហើយ គួរបញ្ចាំ ឬលក់ផ្ទះ លក់ដី ហើយប្រមូលទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានទៅវិនិយោគក្នុងក្រុមហ៊ុនទីផ្សារបណ្តាញនោះទៅ នឹងអាលឆាប់ក្លាយជាសេដ្ឋីប្រចាំភូមិ ប្រចាំខេត្ត ឬប្រចាំប្រទេស ចាំបាច់អ្វីទៅអូសទាញអ្នកដទៃមកចូលបណ្តាញនាំតែពិបាកធ្វើអ្វី? មកពីអ្នកចង់បានលុយ commission ពីការនាំមនុស្សថ្មីចូល មកពីអ្នកលក់មិនដាច់ទើបដើរអូសទាញអ្នកដទៃឲ្យចូលជាសមាជិក និងទិញផលិតផលពីខ្លួន។

ឈប់ធ្វើដូចជាមនុស្សពិកាទៀតទៅ អ្នកមានមាត់សម្រាប់សួរគេ មានភ្នែកសម្រាប់អាន មានដៃសម្រាប់វាយអក្សរស្រាវជ្រាវលើអ៉ីនធើណិត ហេតុអ្វីចេះតែឆាប់ជឿគេ ព្រមយកលុយដែលរកបានដោយពិបាកទៅឲ្យគេស្រួលៗម្លេះ? បើទីផ្សារបណ្តាញអាចរកលុយបានច្រើនអញ្ចឹង មិនមែនអ្នកវិនិយោគគេយកលុយរាប់ពាន់លានដុល្លារទៅបើកធនាគារ បើសណ្ឋាគារ ទៅទិញភាគហ៊ុន ឬបណ្ណបំណុល ដែលរកចំណូលបានយឺត និងរកប្រាក់ចំណូលប្រចាំឆ្នាំមកវិញក្រោម ១០% នៃដើមទុនសរុបនោះទេ។  បើមិនចេះអង់គ្លេស មិនអាចស្រាវជ្រាវចំណេះដឹងនៅលើវេបសាយបរទេសបាន អ្នកអាចបើក apamat.com ដែលមានអត្ថបទចំណេះដឹងរាប់ពាន់អត្ថបទទាក់ទងនឹងការធ្វើពាណិជ្ជកម្ម។

បើអ្នកនៅក្រោមគេ ហើយមានលទ្ធភាព និងសមត្ថភាពបង្កើតបណ្តាញខ្លួនឯងបាន គួរចេញពីបណ្តាញរបស់គេទៅ ព្រោះឥឡូវនេះនរណាៗក៏អាចជួលរោងចក្រផលិតឲ្យបង្កើតប្រេនគ្រឿងសម្អាង និងអាហារបំប៉នបានដែរ។ ការកើនឡើងនៃប្រេនបង្កើតថ្មីដោយបុគ្គលកាន់តែច្រើនដែលអ្នកឃើញនៅលើបណ្តាញសង្គមស្រាប់ នឹងធ្វើឲ្យការលក់ផលិតផលនៃក្រុមហ៊ុនប្រើទីផ្សារបណ្តាញរបស់អ្នកធ្លាក់ចុះ គេមានជម្រើសច្រើននាំឲ្យអ្នកពិបាករកមនុស្សថ្មីចូលបណ្តាញ ហើយអ្នកដែលរងគ្រោះ គឺអ្នកដែលចាយលុយកាត់ទំនិញលក់មិនចេញ។ បើអ្នកមិនដឹងទេ រដ្ឋាភិបាលទើបតែចេញច្បាប់ហាមឃាត់គម្រោងលក់បែបពីរ៉ាមីដ ថ្មីៗនេះទេ ប្រយ័ត្នដល់ថ្ងៃគេអនុវត្តន៍ ប៉ូលីសទៅចាប់ឆ្លើយមិនដឹង!

សម្រាប់អ្នកមិនធ្លាប់ចូលបណ្តាញនឹងគេ និងមិនធ្លាប់បើកអាជីវកម្មខ្លួនឯង

យុទ្ធសាស្ត្រទីផ្សារបណ្តាញខ្លួនវា មិនមែនសម្រាប់តែបោកគេទេ ប៉ុន្តែក្រុមហ៊ុន និងមនុស្សមួយចំនួនទេដែលយកវាមករៀបដើម្បីបោកមនុស្សដទៃ។ មានក្រុមហ៊ុនធំៗច្រើនណាស់ដែលគេប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញក្នុងលក្ខណៈសុចរិត ប៉ុន្តែទីផ្សារបណ្តាញដែលមានលក្ខណៈត្រឹមត្រូវទាំងនោះមិនអាចធ្វើឲ្យមនុស្សមានបានលឿន ទើបមនុស្សមួយចំនួនទៀតបង្កើតទីផ្សារបណ្តាញថ្មីដោយខ្លួនឯង ហើយរៀបគម្រោងរកលុយឲ្យបានច្រើន និងលឿន។ នៅក្នុងក្រុមហ៊ុនទីផ្សារបណ្តាញលក់ផលិតផលអាហារបំប៉នដ៏ធំមួយរបស់ពិភពលោក មានសមាជិកតែជាង ១០% ដែលអាចរកលុយបានខ្ទង់ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដែលពួកគេទាំងនោះសុទ្ធតែជាសមាជិកនៅលើគេបង្អស់។ អ្នកនៅក្រោមៗរកលុយបានតិចៗទៅរហូតដល់ level អ្នកខាត។ បើអ្នកជាមនុស្សដែលបង្កើតបណ្តាញនោះឡើង អ្នកប្រាកដជារៀបចំដាក់សាច់ញាតិ និងមិត្តភក្តិរបស់អ្នកឲ្យនៅលើគេហើយមែនទេ?

Level បែបណា? ផលិតផលដែលគេបង្កើតប្រេនខ្លួនឯង ដើម្បីលក់នៅលើបណ្តាញសង្គមនោះ ភាគច្រើនមិនមែនជាអាជីវកម្មបណ្តាញពេញលេញទេ ទោះបីជាមានក្រុម និងមានរង្វាន់ផ្សេងៗក៏ដោយ ព្រោះគេលក់យកលុយភ្លាមៗ ហើយសមាជិកអាចរកលុយបានតែមួយវិធីទេគឺបានពីការលក់ផលិតផលនោះចេញវិញ។ ប៉ុន្តែនៅពេលគេចង់ឲ្យមានសមាជិកច្រើនចូលក្រុម គេក៏បង្កើតវិធីរកលុយមួយទៀតឲ្យសមាជិក គឺសមាជិកនោះនឹងទទួលបានលុយទឹកតែ នៅពេលពួកគេរកបានសមាជិកថ្មីចូលក្រុម ឬបណ្តាញបាន។ វាអាចមាន ១ Level ឬ ២ Level ឬច្រើនជាងនេះតាមតែគេរៀប ដែលអាចទទួលបានលុយ % នៅពេលមានសមាជិកថ្មីចូលក្រោមបណ្តាញរបស់ខ្លួន មានន័យថាបើអ្នកអាចនាំមនុស្សម្នាក់ទៀត (B) ឲ្យចូលបណ្តាញក្រោមអ្នក អ្នកនឹងទទួលបានលុយទឹកតែ ហើយនៅពេលម្នាក់ B នោះនាំមនុស្ស C ចូលមកទៀត មិនមែនម្នាក់ B តែម្នាក់ទេដែលបានលុយទឹកតែ អ្នកដែលនៅលើបណ្តាញនោះក៏បានចំណែកដែរ ប៉ុន្តែបានតិចជាងម្នាក់ B ព្រោះគេមិនអាចយកលុយដែលបានពីសមាជិកថ្មីទៅចែកឲ្យសមាជិកលើៗបានទាំងអស់គ្នាទេ។

វាទូលំទូលាយ និងមានច្រើនទម្រង់ណាស់ ខ្ញុំមិនអាចសរសេរពន្យល់អ្នកឲ្យច្បាស់តាមអត្ថបទតែមួយនេះបានទេ ប៉ុន្តែបើពន្យល់ដោយវិធីសាមញ្ញក្នុងប្រព័ន្ធពាណិជ្ជកម្ម ខ្ញុំអាចពន្យល់អ្នកបានបែបនេះ។ ក្រុមហ៊ុនមួយអាចដំណើរការទៅរួច យ៉ាងហោចណាស់មានផ្នែកសំខាន់ ៣ សម្រាប់ទ្រទ្រង់ ដោយមានដូចជាផ្នែកប្រតិបត្តិការ(ផ្នែកដែលរ៉ាប់រងឲ្យអាជីវកម្មរបស់អ្នកដំណើរការ មានផលិតផល ឬសេវាកម្មសម្រាប់លក់ និងផ្តល់សេវាកម្មអតិថិជន) ផ្នែកទីផ្សារ(ជាអ្នកលក់ និងជំរុញការលក់ផលិតផល ឬសេវាកម្មដែលអ្នកមាន តាមវិធីផ្សេងៗ) និងផ្នែកហិរញ្ញវត្ថុ(អ្នកកត់ត្រារបាយការណ៍ហិរញ្ញវត្ថុ វិភាគ រាយការណ៍ និងគ្រប់គ្រងទ្រព្យសម្បត្តិ បំណុល និងដើមទុនរបស់ក្រុមម្ចាស់ក្រុមហ៊ុន)។

នៅក្នុងផ្នែកទីផ្សារ មានយុទ្ធសាស្ត្រទីផ្សារជាច្រើនដែលគេយកមកប្រើដើម្បីពន្លឿនការលក់ដូចជាការដាក់រង្វាន់ ការបញ្ចុះតម្លៃ និងការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ។ ប៉ុន្តែនៅក្នុងចំណោមយុទ្ធសាស្ត្រទីផ្សារទាំងនោះ មានជម្រើសយុទ្ធសាស្ត្រមួយ គឺយុទ្ធសាស្ត្រទីផ្សារបណ្តាញ។ ជាទូទៅអាជីវកម្មដែលប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញ ពួកគេប្រើតែយុទ្ធសាស្ត្រទីផ្សារនេះមួយទេ ដោយសារពួកគេពិបាក ក្នុងការបង្កើតកម្មវិធីលក់បញ្ចុះតម្លៃ និងកម្មវិធីផ្សេងៗឲ្យអតិថិជន ព្រោះវាប៉ះពាល់ដល់សមាជិកក្នុងបណ្តាញដែលទិញផលិតផលទៅលក់បន្ត។

អ្នកដែលកំពុងងប់ងល់នឹងមនោគមន៍របស់មេបណ្តាញ ពួកគេត្រឹមតែគិតឃើញថាមានតែយុទ្ធសាស្ត្រទីផ្សារបណ្តាញទេដែលអស្ចារ្យជាងគេ ប៉ុន្តែតាមពិតយុទ្ធសាស្ត្រនោះគ្រាន់តែជាចំណុចតូចមួយនៃផ្នែកទីផ្សារប៉ុណ្ណោះ។ អ្នកអាចសួរខ្លួនឯងនូវសំណួរខ្លះៗ…ទាំងនេះ។ ក្រុមហ៊ុន Apple ដែលជាអ្នកផលិតទូរស័ព្ទ iPhone និងផលិតផលបច្ចេកវិទ្យាជាច្រើនទៀត និងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ហេតុអ្វីបានជាក្រុមហ៊ុននេះមិនប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញដើម្បីលក់ផលិតផលរបស់ពួកគេទៅ ចាំបាច់អ្វីលក់តែនៅតាមហាង? តើក្រុមហ៊ុនធំៗជាងគេទាំង ១០ នៅស្រុកខ្មែរ ហេតុអ្វីពួកគេមិនប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញទៅ ចាំបាច់ចំណាយលុយជួលបុគ្គលិកទីផ្សារ បុគ្គលិកលក់រាប់សិបនាក់ធ្វើអ្វី ដាក់រង្វាន់ក្នុងផលិតផល ផ្សាយលក់បញ្ចុះតម្លៃ…ធ្វើអ្វី?

សរុបមក ក្រុមហ៊ុនប្រើទីផ្សារបណ្តាញដើម្បីលក់ផលិតផល ឬសេវាកម្មរបស់ខ្លួន មិនមែនសុទ្ធតែអាក្រក់ទេ។ ប៉ុន្តែជាយោបល់ បើអ្នកចង់រកស៉ី ចង់មានអាជីវកម្ម ឬចង់មានប្រភពចំណូលបន្ថែម អ្នកអាចមានជម្រើសជាច្រើន ក្រៅពីចូលទៅធ្វើបណ្តាញរបស់គេ។ អ្នកក៏អាចប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញដើម្បីលក់ផលិតផល ឬសេវាកម្មរបស់ខ្លួនបានដែរ មិនចាំបាច់ទៅធ្វើជាកូនអុករបស់គេនោះទេ។ ចម្លើយដែលក្រុមហ៊ុន Apple និងក្រុមហ៊ុនក្នុងស្រុកធំៗបំផុត មិនប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញដើម្បីលក់ផលិតរបស់ពួកគេ ព្រោះថាវាគ្មានភាពស្ថិតស្ថេរ ចំពោះអនាគតរបស់ពួកគេ។ បើពួកគេប្រើយុទ្ធសាស្ត្រសម្រាប់តែផ្ទៃក្នុងខ្លួនឯង ពួកគេអាចបត់បែនបានគ្រប់ពេល ចំណែកយុទ្ធសាស្ត្របណ្តាញពាក់ព័ន្ធជាមួយមនុស្សក្រៅប្រព័ន្ធគ្រប់គ្រង ពោលគឺសមាជិកក្នុងបណ្តាញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។