របៀបបែងចែកថាក្រុមហ៊ុនដែលប្រើ Network Marketing ណាបោក ឬមិនបោក?

5648
ការបោកប្រាស់យ៉ាងកក្រើកនៅកម្ពុជាក្នុងអំឡុងឆ្នាំ 2012 ដល់ឆ្នាំ 2014 ដោយក្រុមហ៊ុន TelexFree

បណ្តាញទីផ្សារ ឬភាសាអង់គ្លេស Network marketing ឬ multi-level marketing (MLM) គឺជាគម្រូអាជីវកម្មមួយដ៏ជោគជ័យបំផុតក្នុងរយះពេលពីរទសវត្សរ៍ ចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 2003។ បច្ចុប្បន្ននេះ បណ្តាញទីផ្សារនៅតែត្រូវបានគេយកមកធ្វើជាគម្រូអាជីវកម្ម ប៉ុន្តែមិនជោគជ័យខ្លាំងដូចចន្លោះឆ្នាំ 1993-2003 ទេ។ បើនិយាយពីប្រវត្តិសាស្ត្រនៃបណ្តាញទីផ្សារនេះនៅកម្ពុជា គឺមានរឿងអាក្រក់ច្រើនជាងរឿងល្អ។ រឿងអាក្រក់នោះគឺមានក្រុមមនុស្សដែលនាំយកបណ្តាញបោកប្រាស់មកពីបរទេស មកបោកប្រាស់ប្រជាជនខ្មែរជាបន្តបន្ទាប់ ហើយក្រុមមនុស្សទាំងនោះនៅតែមិនប្រឈមមុខនឹងផ្លូវច្បាប់ និងនៅតែអាចប្រព្រឹត្តិបានដដែលៗ។ ចំណែករឿងល្អខ្លះៗវិញ គឺបណ្តាញទីផ្សារដែលមានប្រភពមកពីប្រទេសថៃមួយចំនួន ដែលប្រើប្រាស់ការលក់ផលិតផលចម្រុះ ប៉ុន្តែមកដល់បច្ចុប្បន្នពួកគេចាប់ផ្តើមអស់ភាពសាកសិទ្ធបណ្តើរៗហើយ ដោយសារតែផលិតផលរបស់ពួកគេចាប់ផ្តើមប្រើលែងមានប្រសិទ្ធភាព។

សំណួរសួរថា តើបណ្តាញទីផ្សារ (Network marketing) ស្របច្បាប់ដែរឬទេ?

ចម្លើយគឺស្របច្បាប់ខ្លះ អត់ខ្លះ។ មានន័យថា បណ្តាញទីផ្សារខ្លួនវាគឺមិនខុសច្បាប់ទេ ប៉ុន្តែមនុស្សមួយចំនួនប្រើវាដើម្បីបោកអ្នកដទៃ។ ក្រុមហ៊ុនជាច្រើនដែលគេប្រើបណ្តាញទីផ្សារស្របច្បាប់ គេមានទិសដៅច្បាស់លាស់ វែងឆ្ងាយ និងបង្កើតឡើងដោយមនុស្សត្រឹមត្រូវ។ ក្រុមហ៊ុនទាំងនោះមាន ក្រុមហ៊ុនលក់អាហារបំប៉ន Herbalife ក្រុមហ៊ុន Mary Kay ក្រុមហ៊ុន Avon ក្រុមហ៊ុន Amway និងក្រុមហ៊ុនជាច្រើនទៀត។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធល្បីៗក៏ប្រើបណ្តាញទីផ្សារដើម្បីលក់សៀវភៅ និងក្នុងអាជីវកម្មរបស់ពួកគេដែរ ដូចជាលោក Robert Kiyosaki លោក Robert G. Allen និងលោក Mark Victor Hansen ជាដើម។

ដើម្បីដឹងថាក្រុមហ៊ុនដែលប្រើបណ្តាញទីផ្សារនោះបោក ឬមិនបោក ខាងក្រោមនេះគឺជាសំណួរដែលអាចបែងចែកចម្លើយបាន។

តើនរណាជាអ្នកនៅពីលើអ្នក (Upline)?

សួរខ្លួនឯងអំពីអ្នកដែលណែនាំអ្នកចូលបណ្តាញដែលគេប្រើពាក្យថាជាឱកាសរកប្រាក់ចំណូលនោះ ហើយតើមានភស្តុតាងអ្វីដែលអាចឲ្យអ្នកជឿគេបាន។ អ្នកត្រូវសួរពួកគេឲ្យច្បាស់ថាមុននឹងពួកគេមកណែនាំនោះ តើពួកគេសល់អ្វីខ្លះហើយ។ បន្ទាប់មកងាកទៅសួរដេញដោលពីម្ចាស់ក្រុមហ៊ុនហ្នឹងវិញ គេជានរណា មកពីណា ឧបមាថាក្រុមហ៊ុននោះទើបបង្កើតថ្មី។ ស្រាវជ្រាវអំពីប្រវត្តិម្ចាស់ក្រុមហ៊ុន និងក្រុមហ៊ុនថាពួកគេធ្លាប់ជោគជ័យលើអ្វីខ្លះ ហើយតើម្ចាស់ក្រុមហ៊ុននោះធ្លាប់បង្កើតអាជីវកម្មណាខ្លះពីមុន ពួកគេអាចធ្លាប់បង្កើតក្រុមហ៊ុនបោកប្រាស់ពីមុន ហើយមកលើកនេះដោយប្រើឈ្មោះថ្មី។ ស៉ើបសួរឲ្យអស់អំពីអ្នកដែលនៅពីលើអ្នក ឲ្យដូចជាការជ្រើសរើសដៃគូរកស៉ីដែលអ្នកមិនធ្លាប់ស្គាល់អញ្ចឹង។

តើផលិតផល ឬសេវាកម្មនោះគឺជាអ្វី?

អ្នកត្រូវស៉ើបមើលថាក្រុមហ៊ុនហ្នឹងមានផលិតផលពិតអ្វីខ្លះ មានលក់នៅទីផ្សារឬអត់ ហើយផលិតផលនោះលក់ដាច់ទេ មានគុណភាព ប្រសិទ្ធភាពឬអត់ ឬគ្រាន់តែយកមកធ្វើជាកូនអុកបំបាំងភ្នែកកុំឲ្យគេសង្ស័យ? លក់ថ្លៃខុសធម្មតា ហើយគ្មានគុណភាព?

តើពេលណាទើបអ្នកពិតជាអាចរកប្រាក់ចំណូល ប្រសិនបើអ្នកចូលក្នុងបណ្តាញនោះ?

កុំចូលក្នុងបណ្តាញដែលត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំទើបអាចរកចំណូលបាន។ ប្រសិនបើផលិតផលនោះមានគុណភាព ល្អពិតប្រាកដមែន អ្នកនឹងអាចរកចំណូលបានដោយប្រើពេលតែពីរបីសប្តាហ៍ប៉ុណ្ណោះក្រោយពេលចូលរួម។ តែបើសិនជាអ្នកត្រូវចំណាយពេលរាប់ខែ រាប់ឆ្នាំហើយ នោះគឺមកពីក្រុមហ៊ុន ឬផលិតផលនោះមានកេរិ៍ឈ្មោះមិនល្អ។ ក្រុមហ៊ុនបោកខ្លះ ពួកគេកំណត់តម្លៃផលិតផលគ្មានគុណភាពរបស់ពួកគេក្នុងតម្លៃដ៏ខ្ពស់ ទើបធ្វើឲ្យអ្នកចូលរួមបណ្តាញលក់មិនដាច់ ហើយមូលហេតុដែលដែលគេកំណត់តម្លៃខ្ពស់គឺដោយសារគេទុកគម្លាតចំណេញឲ្យអ្នកដែលលក់បាន និងលុយទឹកតែដល់អ្នកនៅលើៗទាំងនោះ។ 

ប្រសិនបើអ្នកចូលរួមក្នុងបណ្តាញ ហើយអ្នកលក់មិនដាច់ ពួកគេនឹងបន្ទោសអ្នកថាមិនចេះលក់ ឬមិនខិតខំព្យាយាមលក់ ប៉ុន្តែគេមិនបាននិយាយអំពីគុណភាពដ៏អន់នៃផលិតផលរបស់គេនោះទេ។ 

តើផលិតផលទាំងនោះមានផ្សព្វផ្សាយនៅទីណា ហើយតើអ្នកអាចផ្សាយលក់ផលិតនោះតាមវិធីណា?

រកមើលថាតើក្រុមហ៊ុនហ្នឹងមានផ្សាយពាណិជ្ជនៅកន្លែងណាខ្លះ ជាសារធារណៈឬអត់ ហើយក្រុមហ៊ុនហ្នឹងមានកម្មវិធីជួយផ្សាយដើម្បីបង្កើនតម្រូវការនៅក្នុងទីផ្សារឲ្យអ្នកចូលក្នុងបណ្តាញលក់ទាំងអស់ឬអត់។ បើពួកគេមកបោក ច្បាស់ណាស់ពួកគេមិនហ៊ានចេញមុខមកផ្សព្វផ្សាយជាសាធារណៈ និងទូលំទូលាយទេ ព្រោះខ្លាចគេមើលធ្លុះគំនិតអាក្រក់របស់ក្រុមអ្នកបង្កើតបណ្តាញនោះឡើង។ មួយវិញទៀត កុំជឿការផ្សាយព័ត៌មានខ្លីៗនៅលើទូរទស្សន៍ដែលក្រុមហ៊ុនបោកទាំងនោះជួលឲ្យផ្សាយ ពួកគេអាចជួលឲ្យទូរទស្សន៍ផ្សាយគឺដោយសារវាងាយស្រួល និងអស់លុយតិច គ្រាន់តែឲ្យលុយអ្នកកាន់កម្មវិធីព័ត៌មានទាំងនោះជាការស្រេច ខុសពីជួលម៉ោងផ្សាយពាណិជ្ជកម្ម ព្រោះគេត្រូវសួរដេញដោលច្រើនអំពីប្រភពក្រុមហ៊ុន និងផលិតផល។ 

តើគេប្រើវិធីអ្វីដើម្បីអូសទាញអ្នក?

គិតអំពីសកម្មភាពដែលពួកគេព្យាយាមអូសទាញអ្នកចូល ប្រសិនបើពួកគេនិយាយផ្តោតតែ “ឱកាសរកប្រាក់ចំណូល” ដដែលៗ តែហាក់ដូចជាមិនច្បាស់ពីប្រភពក្រុមហ៊ុន និងផលិតផល ភាគរយខ្ពស់គឺបោកហើយ។ ពួកដែលខិតខំណែនាំអ្នកឲ្យចូលបណ្តាញដើម្បីដាក់ខាងក្រោមពួកគេ (downline) គឺដោយសារពួកគេចង់បានលុយទឹកតែ (commission) ហើយព្រោះតែចង់បានលុយទឹកតែ ពួកគេមិនខ្វល់ថាត្រូវប្រើវិធីអ្វីឡើយ ឲ្យតែអ្នកព្រមចូល។ 

ក្រុមហ៊ុនបោកខ្លះ គេស្លៀកពាក់ដូចមែនទែន ហើយទៅថតរូបនៅក្នុងហាងធំៗ ប្រេនៗ(ថតរូបហើយមកវិញ តែមិនមែនទៅទិញទេ) ទៅឈរថតរូបក្បែរឡានទំនើបៗរបស់អ្នកដទៃ ដើម្បីយកមកបង្ហោះនៅលើអនឡាញ ឲ្យអ្នកដែលគាត់មិនសូវមានការយល់ដឹងខ្ពស់ជឿ បន្ទាប់មកពួកគេអូសទាញឲ្យចូលធ្វើការ ដោយត្រូវបង់លុយចូលជាសមាជិក និងទិញឥវ៉ានចូលស្តុកដើម្បីលក់។ 

ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវធ្វើវា?

នេះគឺជាសំណួរសំខាន់ជាងគេ។ ប្រសិនបើអ្នកចង់ធ្វើវាដោយសារតែគិតថាវាអាចឲ្យអ្នកក្លាយជាសេដ្ឋី ចូរបំភ្លេចវាចោលទៅ។ អ្នកដែលអាចកើបលុយក្លាយជាសេដ្ឋី គឺមានតែអ្នកនៅលើៗចូលមុនគេ និងក្រុមមនុស្សដែលបង្កើតក្រុមហ៊ុននោះឡើងទេ។ ប្រសិនបើអ្នកចង់ធ្វើវាដោយសារចង់រកចំណូលខ្លះៗ ឬចង់ដឹង អ្នកអាចធ្វើវាបាន ប៉ុន្តែកុំវិនិយោគលុយធំឲ្យសោះ។ 

សរុបមក មានមនុស្សជាច្រើនរកលុយបានយ៉ាងសន្ធឹកសន្ធាប់ពីយុទ្ធសាស្ត្របណ្តាញទីផ្សារ (Network marketing)នេះ  ប៉ុន្តែក៏មានមនុស្សជាច្រើនរលាយរលត់ជាមួយវាដែរ ហើយអ្នកខ្លះទៀតកំពុងតែនៅក្នុងគុកទៀតផង។ លុយងាយរកចំពោះអ្នកដែលដឹងល្បិច មានទិចនិច មានសមត្ថភាពខ្ពស់ និងឆ្លាតប៉ុណ្ណោះ (មិននិយាយពីជនពុករលួយ និងជនរកស៉ីខុសច្បាប់)។ កុំជឿពាក្យបោកដែលគេផ្សាយថាអាចរកចំណូលបានច្រើនដោយមិនចាំបាច់មានចំណេះដឹង បទពិសោធន៍ ងាយងាយៗទាំងនោះឲ្យសោះ។ ត្រូវស្រាវជ្រាវឲ្យបានច្បាស់ មុនពេលអ្នកសម្រេចចិត្តវិនិយោគលុយ និងពេលវេលាជាមួយបុគ្គល ឬអាជីវកម្មណាមួយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។