លោក Elon Musk យល់ព្រមចុះចេញពីតំណែងប្រធានក្រុមហ៊ុន Tesla តាមគណៈកម្មការមូលបត្រអាមេរិក

2011

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នឹងលាលែងពីតំណែងជាប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងព្រមបង់ប្រាក់ពិន័យចំនួន 20 លានដុល្លារ ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក។ លោក Musk នឹងនៅតែកាន់តំណែងជានាយកប្រតិបត្តិដដែល ហើយលោកក៏នឹងនៅតែមានអាសនៈនៅក្នុងក្រុមប្រឹក្សាភិបាល គ្រាន់តែមិនអាចកាន់តំណែងជាប្រធានក្រុមហ៊ុន។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីការពារហានិភ័យដែលមិនអាចស្មានទុកមុនបានសម្រាប់លោក Musk និងម្ចាស់ភាគហ៊ុនរបស់ Tesla ទាំងអស់ផងដែរ ។

លោក Musk នឹងលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល Tesla ក្នុងរយៈពេល 45 ថ្ងៃ រាប់ចាប់ពីកិច្ចព្រមព្រៀងដែលត្រូវបានដាក់កាលពីថ្ងៃសៅរ៍ទៅ។ គាត់បានយល់ព្រមមិនស្វែងរកការបោះឆ្នោតឡើងវិញ ឬទទួលយកការតែងតាំងជាប្រធានក្នុងរយៈពេល 3 ឆ្នាំ។ ចំណែកប្រធានឯករាជ្យថ្មីនឹងត្រូវបានតែងតាំងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។

យោងតាមគណៈកម្មការមូលបត្រ ក្រុមហ៊ុន Tesla នឹងបង់ប្រាក់ពិន័យចំនួន 20 លានដុល្លារដាច់ដោយឡែកពីគ្នា។ គណៈកម្មការមូលបត្រ ឬហៅកាត់ថា SEC បាននិយាយថាការចោទប្រកាន់ និងការផាកពិន័យប្រឆាំងនឹងក្រុមហ៊ុន Tesla គឺជាកំហុសឆ្គងដែលតម្រូវឱ្យមានការត្រួតពិនិត្យការបញ្ចេញមតិ និងនីតិវិធីទាក់ទងទៅនឹងសារលិខិតរបស់លោក Musk នៅលើបណ្តាញ Twitter ។

លោក Musk មិនបានទទួលស្គាល់ ឬបដិសេធការចោទប្រកាន់របស់ SEC ក្នុងកិច្ចព្រមព្រៀងនោះទេ។

ក្រុមហ៊ុន Tesla ក៏បានយល់ព្រមតែងតាំងនាយកឯករាជ្យថ្មីពីររូបឱ្យចូលជាសមាជិកក្រុមប្រឹក្សាភិបាល និងបង្កើតគណៈកម្មាធិការថ្មីនៃក្រុមនាយកឯករាជ្យ និងបានដាក់ការគ្រប់គ្រង និងនីតិវិធីបន្ថែមដើម្បីត្រួតពិនិត្យការទំនាក់ទំនងរបស់លោក Musk ផងដែរ ។ នេះទំនងជាមានន័យថាលោក Musk ដែលតែងតែប្រើបណ្តាញ Twitter ដើម្បីបង្ហាញផលិតផលថ្មី លក្ខណៈពិសេស និងការធ្វើបច្ចុប្បន្នភាពលើក្រុមហ៊ុនជាច្រើនរបស់គាត់នោះ នឹងត្រូវបានគេរឹតបន្តឹងជាងមុន។

លោក Steven Peikin សហនាយកនៃនាយកដ្ឋានអនុវត្តន៍ច្បាប់របស់ SEC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណោះស្រាយនេះ គឺដើម្បីទប់ស្កាត់ការរំខានទីផ្សារ និងប៉ះពាល់ដល់ភាគទុនិករបស់ក្រុមហ៊ុន Tesla” ។

កិច្ចព្រមព្រៀងនេះកត់សម្គាល់ពីការចាប់ផ្តើមនៃយុគសម័យថ្មីនៃអភិបាលកិច្ចសាជីវកម្មសម្រាប់ក្រុមហ៊ុន Tesla ដែលភាគទុនិកខ្លះបានអះអាងថា ពួកគេត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយលោក Musk និងអ្នកដទៃទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ដូចជាប្អូនប្រុសរបស់គាត់ Kimbal Musk ផងដែរ។

នៅឆ្នាំ 2017 ក្រុមហ៊ុន Tesla បានធ្វើកំណែរទម្រង់ក្រុមប្រឹក្សាភិបាលរបស់ខ្លួន និងបានបន្ថែមលោក James Rupert Murdoch នាយកប្រតិបត្តិនៃក្រុមហ៊ុន Twenty-First Century Fox Inc. និងលោក Linda Johnson Rice ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Johnson Publishing Company ឲ្យចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla។

សមាជិកក្រុមប្រឹក្សាភិបាលផ្សេងទៀតរួមមានលោក Robyn Denholm ដែលបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅឆ្នាំ 2014 លោក Brad W. Buss ដែលបានចាប់ផ្តើមតាំងពីឆ្នាំ 2009 លោក Antonio Gracias និងលោក Ira Ehrenpreis ដែលជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ 2007 ។

SEC បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការដែលបានចោទប្រកាន់ថាលោក Musk បាននិយាយកុហកនៅពេលគាត់បង្ហោះសារនៅលើ Twitter នៅថ្ងៃទី 7 ខែសីហាថាគាត់មាន “មូលនិធិដែលមានសុវត្ថិភាព” សម្រាប់ការកាន់កាប់ឯកជនរបស់ក្រុមហ៊ុនក្នុងតម្លៃ 420 ដុល្លារក្នុងមួយភាគហ៊ុន។ ការស៊ើបអង្កេតអាចចំណាយពេលច្រើនឆ្នាំមុននឹងចាត់វិធានការណាមួយត្រូវបានគេធ្វើឡើង ខណៈក្នុងករណីនេះ ការចោទប្រកាន់ត្រូវបានគេដាក់ត្រឹមតែ 6 សប្តាហ៍ប៉ុណ្ណោះ។

SEC បាននិយាយនៅក្នុងពាក្យបណ្តឹងថាលោក Musk បានរំលោភលើបទបញ្ជាប្រឆាំង និងក្លែងបន្លំច្បាប់គណៈកម្មការមូលបត្ររបស់អាមេរិក។ គណៈកម្មការនេះបានស្នើសុំឱ្យតុលាការសម្រេចពិន័យលោក Musk និងរារាំងមហាសេដ្ឋីរូបនេះមិនឱ្យធ្វើជាមន្រ្តី ឬជាប្រធានក្រុមហ៊ុនដែលបានដាក់លក់ភាគហ៊ុនជាសាធារណៈនោះទេ។

លោក Musk បានរៀបរាប់ពីការលួចបន្លំ “សកម្មភាពមិនសមស្រប” ដែលបានធ្វើឱ្យគាត់មានការ “សោកសៅ និងខកចិត្តយ៉ាងខ្លាំង” ។

ក្រោយមកក្រុមហ៊ុន Tesla និងក្រុមប្រឹក្សាភិបាលបានចេញសេចក្តីថ្លែងការណ៍រួមមួយគាំទ្រដល់លោក Musk ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។