សញ្ញាណដែលបង្ហាញថាការរកស៊ីរបស់អ្នកឈានទៅរកភាពបរាជ័យ

1875

សម្រាប់អ្នកទើបចេញរកស៊ីដំបូងៗ បទពិសោធន៍ក៏មិនសូវមាន ដែលវាជាហេតុអាចនាំអោយយើងមានការធ្វេសប្រហែស ហើយអាចឈានទៅដល់ការក្ស័យធន។ ប៉ុន្ដែមុននឹងទៅដល់ការបិទអាជីវកម្ម វាក៏ផ្ដល់នូវសញ្ញាណមួយចំនួនដូចខាងក្រោមជាមុនដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺរកមូលហេតុដែលនាំអោយកើតមានបញ្ហាទាំងនោះប្រសិនបើចង់បន្ដបើកអាជីវកម្មតទៅមុខទៀត។ 

១. បាត់បង់អតិថិជន៖ ជាទូទៅអាជីវកម្មដែលជោគជ័យគឺតែងតែទាក់ទាញបានអតិថិជនថ្មីជានិច្ច ប៉ុន្ដែបើមុខរបរដែលកំពុងដួលរលំវិញអ្នកអាចសង្កេតឃើញថាមិនមានអតិថិជនថ្មីមកទិញផលិតផលយើងទេ ចំណែកឯអតិថិជនចាស់ៗក៏កំពុងបាត់មុខម្ដងមួយៗ។ ចំនុចដំបូងដែលត្រូវមើលនោះគឺការប្រាស្រ័យទាក់ទងរវាងអាជីវកម្មទៅនឹងអតិថិជនទាំងនោះ(ផ្នែកសេវាកម្ម) ព្រោះពេលខ្លះការមិនចេះយល់ចិត្តពួកគាត់ឬការប្រើសំដីមិនសមរម្យអាចជាមូលហេតុ។ ប្រសិនបើអ្នករកឃើញថាមកពីមូលហេតុនឹងហើយគួរតែផ្លាស់ប្ដូរទម្លាប់មិនល្អទាំងនោះចោលភ្លាម។ ហេតុផលមួយទៀតដែលធ្វើអោយបាត់បង់អតិថិជននោះអាចដោយសារការមិនពេញចិត្តរបស់ពួូកគាត់ក្នុងការផ្ដល់នូវផលិតផលដែលគ្មានគុណភាពល្អ ឬខ្លះណាក៏អាចមកពីការចុះថយនូវគុណភាពព្រមទាំងសេវាកម្មក្នុងហាងផងដែរ។

២. ការលក់ថយចុះ៖ អាជីវកម្មអាចរីកលូតលាស់បានដោយសារតែការកើនឡើងការលក់ពីមួយឆ្នាំទៅមួយឆ្នាំ បើវានៅទ្រឹងក៏មិនសូវជាបញ្ហាប៉ុន្មានដែរ ប៉ុន្ដែបើធ្លាក់ចុះនោះបង្ហាញថាអាជីវកម្មកំពុងស្ថិតក្នុងហានិភ័យ ហើយក្នុងនាមជាម្ចាស់មុខជំនួញនោះអ្នកចាំបាច់ត្រូវត្រួតពិនិត្យមើលចន្លោះប្រហោងខាងការធ្វើទីផ្សារ ឬយុទ្ធសាស្ត្រទាក់ទាញអ្នកទិញផ្សេងៗទៀតព្រោះអ្នកមិនអាចបន្ដែតបន្ដោយអោយបញ្ហានេះនៅកាន់តែយូរទេ។ ពេលខ្លះការធ្លាក់ចុះនូវការលក់ក៏អាចដោយសារតែចំណូលចិត្តរបស់ពួកគាត់ ឬការពេញនិយមក្នុងសង្គមប្រែប្រួល ដូចនេះអ្នកត្រូវចេះបត់បែនតាមសង្គមខាងក្រៅ។ ឧទាហរណ៍ ហាងរបស់អ្នកលក់កាហ្វេមួយមុខប៉ុណ្ណោះដែលធ្វើអោយអតិថិជនមិនមានជម្រើសច្រើន ដូចនេះដើម្បីទាក់ទាញអតិថិជនថ្មីៗនិងរក្សាអតិថិជនចាស់អ្នកគួរបញ្ចូលភេសជ្ជៈផ្សេងៗ និងម្ហូបអាហារមួយចំនួនផងដែរ។

៣. ជំពាក់គេកាន់តែច្រើន៖ ហេតុផលដែលយើងចេញរកស៊ីគឺដើម្បីរកលុយអោយបានច្រើន ប៉ុន្ដែបើអ្នកចេញរកស៊ីយូរគ្រាន់ហើយតែមិនដែលឃើញមានសល់លុយ ឬរួចខ្លួន ផ្ទុយទៅវិញបែរជាជំពាក់លុយគេកាន់តែច្រើននោះជាសញ្ញាណបង្ហាញថាមុខរបរសព្វថ្ងៃនេះមិនអាចយកមកបម្រើការរស់នៅប្រចាំថ្ងៃបានឡើយ មិនតែប៉ុណ្ណោះអ្នកនឹងអស់លុយដើមទុនសម្រាប់ទប់ទល់ការខាត។

៤. ទទួលបានការរិះគន់ច្រើនពីអតិថិជន៖ ការរិះគន់មិនពេញចិត្តនឹងផលិតផលឬសេវាកម្មរបស់អ្នកគឺជាសញ្ញាណដំបូងដែលបង្ហាញថាបើអ្នកហ៊ានតែធ្លោះធ្លោយមួយជំហានទៀតនោះអាជីវកម្មកាន់តែខិតជិតភាពក្ស័យធុនហើយ។ ការមិនពេញចិត្តរបស់ពួកគាត់នាំខូចឈ្មោះរបស់ហាងបន្ទាប់មកនាំអោយបាត់បង់អតិថិជន ហើយចុងក្រោយបាត់បង់ការលក់និងប្រាក់ចំណូល។ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺចេះសុំយោបល់ពីអតិថិជនដែលមិនពេញចិត្តទាំងនោះថាហើយត្រូវធ្វើដូចម្ដេចដើម្បីកែសម្រួលកំហុសរបស់យើង បើអាចត្រូវធ្វើការប៉ះប៉ូវអោយពួកគាត់វិញ។ អ្នកត្រូវចងចាំថាអតិថិជនដែលពូកែរិះគន់គឺជាអតិថិជនសំខាន់បំផុត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។