ប្រធានាធិបតី និងអ្នកជំនួញ លោក Donald Trump មានស្នាដៃជាច្រើន ខណៈពេលដែលគាត់ ត្រូវបានគេចាប់ផ្តើមស្គាល់ច្បាស់នៅក្នុងកម្មវិធីទូរទស្សន៍របស់គាត់ គឺកម្មវិធី The Apprentice ។ គាត់បានកសាងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរបស់គាត់ចាប់ពីពេលនោះ បន្ទាប់មកបានរលាយរលត់ ហើយក៏បានងើបឡើងម្តងទៀតនៅក្នុងពាណិជ្ជកម្មអចលនទ្រព្យ។
លោក Donald Trump ជាអ្នកជំនួញដែលបានអភិវឌ្ឍអាគារការិយាល័យ លំនៅឋាន និងសណ្ឋាគារល្បីៗនៅក្នុងទឹកដីអ្នកមាន Manhattan ជាទីក្រុងមួយរបស់សហរដ្ឋអាមេរិក ព្រមទាំងមានសណ្ឋាគារ កាស៊ីណូ និងរមណីយដ្ឋានវាយកូនហ្គោលនៅទីតាំងសំខាន់ៗដូចជាទីក្រុង Atlantic City, Palm Beach និង Palm Springs ផងដែរ។
ជីវិតដំបូង
លោក Donald Trump កើតនៅថ្ងៃទី 14 ខែមិថុនាឆ្នាំ 1946 ក្នុងគ្រួសារអ្នកមាន។ គាត់បានចូលសិក្សានៅសាលាយោធាញូវយ៉ក និងសាកលវិទ្យាល័យហ្វ័រហែម មុនពេលផ្ទេរទៅសាលា Wharton នៅសកលវិទ្យាល័យ Pennsylvania ដែលជាកន្លែងគាត់បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ 1968 ។ ចាប់ពីពេលនោះមក គាត់បានចូលរួមក្នុងអាជីវកម្មអចលនទ្រព្យរបស់ឪពុកគាត់នៅទីក្រុង Brooklyn ។ លោក Donald Trump ធ្លាប់និយាយថា “ឪពុករបស់ខ្ញុំគឺជាអ្នកបង្ហាត់បង្ហាញរបស់ខ្ញុំ ហើយខ្ញុំបានរៀនសូត្រយ៉ាងច្រើនអំពីគ្រប់ទិដ្ឋភាពនៃឧស្សាហកម្មសំណង់ពីគាត់” ។
ការផ្ទុះឡើងនៃវិស័យអចលនទ្រព្យ
នៅដើមទសវត្សរ៍ឆ្នាំ 1970 លោកត្រាំ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ឪពុកលោកលើលំនៅដ្ឋានជួលសម្រាប់មនុស្សថ្នាក់កណ្តាល ហើយបានងាកមករកការអភិវឌ្ឍអចលនទ្រព្យទ្រង់ទ្រាយធំវិញ។ នៅទីក្រុងញូវយ៉កកាលណោះ បានផ្តល់ការសម្រាលពន្ធច្រើនគួរសមដល់អ្នកវិនិយោគដែលមានមហិច្ចតាខ្ពស់ដូចជាលោកត្រាំជាដើម។ ជំនាញបង្កើតកិច្ចព្រមព្រៀងរបស់ Trump បានជួយឱ្យគាត់ទទួលបានប្រាក់កម្ចីសាងសង់ដោយមានវត្ថុបញ្ចាំតិចតួច ហើយវាធ្វើឱ្យគាត់សាងអាណាចក្រអចលនទ្រព្យ និងការកម្សាន្តយ៉ាងធំ ហើយគាត់ចាប់ផ្តើមក្លាយជាអ្នកមានកំពូលម្នាក់ចាប់តាំងពីពេលនោះមក។
ការក្ស័យធន
ទោះបីជាលោក Trump ត្រូវបានគេស្គាល់ថាជាអ្នកពូកែខាងអភិវឌ្ឍអចលនទ្រព្យអន់ ឲ្យក្លាយជាម៉ាស៉ីនបង្កើតលុយយ៉ាងណាក៏ដោយ ក៏លោកនៅតែគេចមិនផុតពីវិបត្តិសេដ្ឋកិច្ចនៅចុងទសវត្សឆ្នាំ 1980 ដូចគេឯទៀតដែរ ។ ដោយសារមិនអាចបំពេញកាតព្វកិច្ចបង់ប្រាក់កម្ចីបាន គាត់បានប្រកាសក្ស័យធននៅឆ្នាំ 1990 ។ ដើម្បីបញ្ចៀសការប្រថុយ និងការតស៊ូប្តឹងផ្តល់គ្នាក្នុងតុលាការ ម្ចាស់បំណុលរបស់គាត់បានយល់ព្រមរៀបចំរចនាសម្ព័ន្ធនៃការសងបំណុលឡើងវិញ។ ថ្វីបើរឿងនេះអនុញ្ញាតឱ្យគាត់ចាកចេញពីការក្ស័យធនក៏ដោយ ក៏គាត់នៅតែមានបំណុលជាប់ខ្លួនចំនួន 900 លានដុល្លារដដែលនៅពេលនោះ។
ការតស៊ូងើបឡើងមកវិញ
ពេលវេលាដ៏អាក្រក់ បានបង្ខំឱ្យលោក Trump បោះបង់ក្រុមហ៊ុនអាកាសចរណ៍ថ្មីរបស់គាត់មួយឈ្មោះ Trump Shuttle និងលក់ដីដ៏ធំបំផុតរបស់គាត់នៅ Manhattan ចោល។ ទោះជាយ៉ាងណាក៏ដោយ គាត់បានដើរពិនិត្យមើលការស្ថាបនាអគារដែលដាក់នៅនឹងការដ្ឋាន ហើយម៉ៅយកវាទុកចំណេញនាពេលអនាគត។ នៅឆ្នាំ 1994 លោកត្រាំបានសងបំណុលផ្ទាល់ខ្លួនជាច្រើន និងបំណុលក្នុងអាជីវកម្មបានចំនួន 3,5 ពាន់លានដុល្លារ។
ឈ្មោះហៅក្រៅ The Donald
មានឈ្មោះហៅក្រៅថា “The Donald” Trump បានល្បីល្បាញដោយសារតែបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់គាត់។ គាត់ពូកែក្នុងការទាក់ទាញប្រជាប្រិយភាពរាល់ពេលចូលក្នុងប្រព័ន្ធផ្សព្វផ្សាយម្តងៗ។ គាត់រិះគន់អ្នកដទៃជាសាធារណៈ ហើយធ្វើអួតពីចំណេះដឹងរបស់គាត់ដូចមនុស្សដែលដឹងគ្រប់រឿង។ គាត់គឺជាអ្នកផ្សព្វផ្សាយលើកខ្លួនឯងដ៏ជំនាញ ហើយគាត់ចេះពីរបៀបបង្តើតកេរិ៍ឈ្មោះឲ្យល្បី។ ឈ្មោះ “Trump” តែងតែលេចឡើងនៅលើឈ្មោះអគាររបស់គាត់ទាំងអស់ ដូចជា Trump Tower ជាដើម។
កម្មវិធីទូរទស្សន៍ Apprentice
លោក Trump ធ្លាប់ជាអ្នកដឹកនាំ និងជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ NBC ក្នុងកម្មវិធី The Apprentice ដែលជាកម្មវិធីមួយដែលបេក្ខជនចូលរួមត្រូវប្រកួតប្រជែងគ្នាដើម្បីក្លាយជាផ្នែកមួយនៃអង្គការរបស់លោក។ រៀងរាល់សប្ដាហ៍អ្នកចូលលេងម្នាក់ ត្រូវបានជម្រុះចេញដោយលោក Trump ហើយគាត់ប្រើពាក្យថា «You’re fired!» ហើយបន្ទាប់មកលោកត្រាំបានចុះកម្មសិទ្ធលើពាក្យនេះ ដោយមិនឲ្យកម្មវិធីផ្សេងទៀតប្រើឡើយ។ លោក Trump រកចំណូលបានត្រឹមតែ 50,000 ដុល្លារប៉ុណ្ណោះក្នុងមួយវគ្គសម្រាប់រដូវកាលទី1 ប៉ុន្តែចាប់ពីវគ្គនោះមក គាត់អាចរកចំណូលបានរហូតដល់ 3លានដុល្លារឯណោះក្នុងមួយវគ្គនៃកម្មវិធីនោះ។
ជីវិតគ្រួសារ
នៅឆ្នាំ 1977 លោក Trump បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាម៉ូដែល Ivana Zelniekova ហើយមានកូន 3 នាក់គឺ លោក Donald, Jr. (កើតឆ្នាំ 1977) អ្នកស្រី Ivanka (កើតឆ្នាំ 1981) និង លោក Eric (កើតឆ្នាំ 1984) ។ លោកត្រាំ និងតារាម៉ូឌែលនោះបានលែងលះគ្នានៅឆ្នាំ 1992 ។ នៅឆ្នាំ 1993 គាត់បានរៀបការម្តងទៀតជាមួយតារាភាពយន្តគឺអ្នកស្រី Marla Maples ហើយពួកគេមានកូនម្នាក់ឈ្មោះ Tiffany (កើតឆ្នាំ 1993) ។ លោកត្រាំបានលែងលះគ្នាជាលើកទីពីរក្នុងឆ្នាំ 1999 ហើយក្នុងឆ្នាំ 1999 ដដែល គាត់បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូត Melania Knavs ហើយពួកគេបានរៀបការនៅឆ្នាំ 2005 ។ អ្នកស្រី Knavs ទទួលបានភាពល្បីល្បាញខ្លះៗបន្ទាប់ពីរៀបរាប់រឿងរ៉ាវជីវិតផ្លូវភេទរបស់អ្នកស្រីជាមួយនឹងលោក Trump នៅលើកម្មវិធី Howard Stern និងមានរូបអាក្រាតនៅក្នុងទស្សនាវដ្តី GQ ផងដែរ ។
សៀវភៅដែលលោកត្រាំបានសរសេរ
លោកដូណាល់បានសរសេរសៀវភៅលក់ដាច់បំផុតជាច្រើនដែលរៀបរាប់ពីអាជីព និងចំណេះដឹងដែលគាត់ទទួលបានពីការធ្វើជំនួញ។ សៀវភៅទាំងនោះមានចំណងជើង រួមទាំង:
- The Art of the Deal (សិល្បៈនៃការចរចារចុះកុងត្រា)
- Surviving at the Top (ក្រោកពីបរាជ័យ ហើយឈនៅលើកំពូលឡើងវិញ)
- The Art of Survival (សិល្បៈនៃការគេចពីស្លាប់(ក្នុងអាជីវកម្ម))
- Think Like Billionaire – Everything You Need To Know About Success, Real Estate, And Life (គិតដូចមហាសេដ្ឋី – អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ និងជីវិត)
គាត់ក៏បានបង្កើត និងត្រូវបានគេរិះគន់ និងប្តឹងផងដែរចំពោះ សាកលវិទ្យាល័យត្រាំ (Trump University) ដែលផ្សព្វផ្សាយថាមានកម្មវិធីសិក្សាអំពី គំនិត និងយោបល់ពីលោក Donald Trump ហើយនិងអ្នកជំនាញរបស់គាត់។ ប៉ុន្តែការពិតមិនដូចជាការផ្សាយនោះទេ ក្រោយមកសកលវិទ្យាល័យនោះក៏ត្រូវបិទចោល ហើយលោកត្រាំបានចេញលុយសងដល់សិស្សវិញ។
ប្រធានាធិបតី Donald Trump
ទោះបីជាគាត់ធ្លាប់បានអះអាងថា មិនមានចំណាប់អារម្មណ៍លើការធ្វើនយោបាយក៏ដោយ ស្រាប់តែនៅពេលមួយ លោកត្រាំបានចុះបញ្ជីចូលជាសមាជិកគណបក្សប្រជាធិបតេយ្យ និងបានប្រកាសបេក្ខភាពប្រធានាធិបតីរបស់គាត់ជាសាធារណរដ្ឋនៅឆ្នាំ 2015 ហើយចុងក្រោយគាត់បានឈ្នះឆ្នោតតែងតាំង និងក្លាយជាប្រធានាធិបតីទី 45 របស់សហរដ្ឋអាមេរិក៕
