តិចនិកក្នុងការក្លាយខ្លួនជាបុគ្គលជោគជ័យក្នុងវិស័យការងារតាមប្រព័ន្ធអ៊ីនធឺណេត ឬ Freelance

2194

ការធ្វើការតាមប្រព័ន្ធអ៉ីនធឺណិត គឺវាអស្ចារ្យណាស់ដែលវាផ្តល់អោយយើងនូវសេរីភាពក្នុងការកំណត់ពេលវេលាសម្រាប់ធ្វើការ និងរបៀបដែលយើងចង់ធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ ជួនកាលកង្វះនៃការទទួលខុសត្រូវផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់យើងអាចធ្វើអោយមានការលំបាកក្នុងការរក្សាលំនឹងទឹកចិត្តធ្វើការផងដែរ។ ធ្វើការងារតាមអ៉ីនធើណិត ឬធ្វើជាលក្ខណៈ Freelance នៅក្នុងការងារជាអ្នកសរសេរអត្ថបទដូចជាខ្ញុំជាដើម អ្នករចនារូបភាព អ្នកកាត់តវីឌីរកលុយតាមយូធូប និងអ្នករកលុយតាម Facebook Instant ជាដើម ដែលការងារទាំងនេះយើងអាចធ្វើវានៅទីកន្លែងណាក៏បាន ពេលណាក៏បាន។ ដូច្នេះហើយខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ជួយអ្នកអោយរក្សាបាននូវតុល្យភាពល្អឥតខ្ចោះក្នុងការបំពេញការងារដោយអារម្មណ៏ស្រស់ថ្លា ហើយថែមទាំងទាន់ពេលវេលាដែលបានកំណត់ទៀតផង។

១. ក្រោកពីព្រលឹម

វាអាចជាការលំបាកក្នុងការក្រោកពីព្រលឹមប្រសិនបើអ្នកមិនតម្រូវអោយទៅការិយាល័យទាន់ពេលវេលាដែលបានកំណត់ទេនោះ ក៏ប៉ុន្តែវាគឺជាទម្លាប់ដ៏ល្អដែលមានប្រសិទ្ធភាពបំផុតនៅពេលដែលអ្នកអាចសម្របខ្លួនភ្ញាក់ពីព្រលឹមបែបនេះបាន។ ការក្រោកពីព្រលឹមគឺជាលក្ខណៈទូទៅនៃសហគ្រិនដែលទទួលបានភាពជោគជ័យ ព្រោះថានៅពេលដែលអ្នកក្រោកលឿននោះអ្នកក៏មានឱកាសចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកមុនគេផងដែរ ហើយទទឹមនឹងនោះអ្នកក៏មានពេលវេលាច្រើនសម្រាប់ការធ្វើសមាធិខួរក្បាលដោយមិនចាំបាច់ធ្វើអ្វីមួយប្រញាប់ៗនោះទេ។ ម្យ៉ាងវិញទៀតវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាក់លាក់ជាច្រើនចំពោះថ្ងៃធ្វើការរបស់អ្នកផងដែរ អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងអ៊ីម៉ែលប្រចាំថ្ងៃរបស់អ្នក និងសូម្បីតែការធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាពនិងភាពស្រស់ស្រាយបានទៀតផង។ ដូចច្នេះហើយនៅពេលដែលដល់ម៉ោងធ្វើការអ្នកពិតជាអាចផ្តោតលើអ្វីដែលត្រូវធ្វើហើយធ្វើវាបានយ៉ាងល្អ។

២. ត្រូវចេះស្របតាមទម្លាប់ខ្លួនឯង

ជាការពិតណាស់នៅពេលដែលអ្នកធ្វើការតាមរយៈប្រព័ន្ធអ៉ីនធឺណិតអ្នកប្រហែលជាមិនអាចធ្វើការនៅមួយកន្លែងនោះទេ វាអាចជាទីកន្លែងផ្សេងគ្នា ឬនៅលើតុធ្វើការមិនដូចគ្នាគ្រប់ពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចបង្កើតទម្លាប់ដែលអាចសម្របតាមអ្នកមិនថាអ្នកនៅទីណានោះទេ។ ឧទាហរណ៏ ទម្លាប់របស់អ្នកអាចធ្វើដូចនេះ៖ ក្រោកពីព្រលឹម ធ្វើលំហាត់ប្រាណ បង្កើតបញ្ជីការងារដែលត្រូវធ្វើ ឆ្លើយតបអ៊ីមែល បន្ទាប់មកធ្វើការតាមដែលបានកំណត់។ តាមរយៈការប្រកាន់ខ្ជាប់នូវទម្លាប់បែបនេះអ្នកនឹងអាចទទួលបានរបៀបល្អក្នុងការធ្វើកិច្ចការ មិនថាអ្នកនៅទីណាក៏ដោយអ្នកនឹងឃើញលទ្ធផលវិជ្ជមាននៅក្នុងផលិតភាពការងារសរុបរបស់អ្នកជានិច្ច។ 

៣. ស្លៀកពាក់សំរាប់ភាពជោគជ័យ

ការស្លៀកពាក់អោយបានល្អសម្រាប់ការធ្វើការងារ ពិតជាសំខាន់ណាស់ព្រោះវាអាចជួយអ្នកអោយមានអារម្មណ៍ថាមានការរៀបចំកាន់តែប្រសើរឡើង មានផាសុកភាព ហើយថែមទាំងបង្កើននូវទំនុកចិត្តរបស់អ្នកសូម្បីតែអ្នកមិនត្រូវការចេញក្រៅ ឬជួបអ្នករួមការងារក៏ដោយ។ នៅពេលដែលអ្នកធ្វើការងារហើយមានអារម្មណ៏ថានៅមិនសុខ ឬមិនមានទំនុកចិត្តលើការតុបតែងខ្លួនរបស់អ្នក នោះអ្នកមិនមានអារម្មណ៏មូលក្នុងការបំពេញកិច្ចការងារនោះទេ។ ឧទាហរណ៏៖ អ្នកស្លៀកសម្លៀកបំពាក់រឹបពេក ឬទម្លាក់សក់រញ៉េរញ៉ៃ ទាំងនេះវានឹងធ្វើអោយអ្នកមានអារម្មណ៏មិនស្ងប់ល្អព្រោះអ្នករវល់តែគិតពីបញ្ហាទាំងនេះ ដូចនេះហើយអ្នកនឹងមានមានរម្មណ៏ធ្វើការងារហើយថែមទាំងអូសបន្លាយពេលវេលាអោយកាន់តែយូរទៀតផង។

៤. ទទួលការរៀបចំ

អ្នកប្រហែលជាមិនចាប់អារម្មណ៏ទេថាភាពរញ៉េរញ៉ៃ ក៏ដូចជាការមិនបានរៀបចំបានធ្វើអោយមានភាពប៉ះពាល់ដល់សមត្ថភាពក្នុងការគិត និងការធ្វើកិច្ចការងាររបស់អ្នកមិនមានប្រសិទ្ធភាពល្អ​​ ប្រសិនបើកន្លែងធ្វើការងាររបស់អ្នកមានភាពរញ៉េរញ៉ៃ ដូចជាការស្វែងរកឯកសារ ឬអ្វីមួយសំខាន់ អ្នកត្រូវការចំណាយពេលយូរបន្តិច ហើយបើមានសម្លេងរំខានទៀតនោះវាអាចជាការរំខានផ្លូវអារម្មណ៏ក្នុងការធ្វើកិច្ចការរបស់អ្នកមួយរំពេចនោះផងដែរ។ ពិតហើយចំនួនពេលវេលានៃការរំខានអាចមានតិចតួចទេ បើអ្នកគិតជារាងរាល់ថ្ងៃ ប៉ុន្តែនៅពេលអ្នកធ្វើការគណនាវាជាចំនួនសប្តាហ៍ ខែ និងឆ្នាំអ្នកនឹងដឹងថាវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលការងាររបស់អ្នក។

៥. កាត់បន្ថយការរំខាន

តើអ្នកតែងតែប្រើប្រាស់ហ្វេសប៊ុកនៅពេលដែលអ្នកមានភាពធុញទ្រាន់ជាមួយនឹងការងាររបស់អ្នកមែនទេ? តើការញ័រ និងសម្លេងរោទិ៍ចេញពីទូរស័ព្ទដៃរបស់អ្នកតែងរំខានអ្នក ឬឆក់យកការផ្តោតអារម្មណ៍ទៅលើកិច្ចការដែលកំពុងធ្វើដែររឺទេ? នៅពេលភារកិច្ចក្លាយជាការរំខាន ឬធុញទ្រាន់វាអាចជាហេតុធ្វើអោយអ្នកចំណាយពេលប្រើកម្មវិធីទូរស័ព្ទដៃដែលអ្នកចូលចិត្ត ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកកំពុងព្យាយាមបញ្ចប់កិច្ចកាងាររបស់អ្នក ចូរព្យាយាមកាត់បន្ថយការរំខានទាំងឡាយណាដែលអ្នកគិតថាមានឥទ្ធិពលចំពោះការទាក់ទាញអារម្មណ៏របស់អ្នក ដើម្បីកុំអោយពួកវាល្បួងអ្នកបាន។ ឧទាហរណ៍អ្នកអាចបិទទូរស័ព្ទរបស់អ្នក ឬដាក់ airplane mode សម្រាប់ពេលវេលាជាក់លាក់ណាមួយ ឬអ្នកអាចបិទកម្មវិធីជជែកកំសាន្តនៅលើទូរស័ព្ទដៃនិងកុំព្យូទ័ររបស់អ្នកដើម្បីកុំអោយអ្នកបាត់បង់ការផ្តោតអារម្មណ៏លើការងារ នៅពេលដែលអ្នកត្រូវបំពេញការងារសំខាន់មួយដែលត្រូវការប្រសិទ្ធភាពការងារខ្ពស់។

៦. សំរាក

និយាយអំពីការសំរាកសូមកុំភ្លេចធ្វើវា។ អ្នកប្រហែលជាគិតថាវាជាការបង្ហាញពីក្រមសីលធម៌ការងារល្អ ឬមួយការខិតខំប្រឹងប្រែងធ្វើការងាររបស់អ្នកអោយមានភាពប្រសើរជាងមុននៅពេលដែលអ្នកធ្វើការដោយមិនមានការផ្អាក ប៉ុន្តែនេះមិនមែនមានន័យត្រឹមត្រូវទាំងអស់ទេ។ មនុស្សយើងត្រូវការសំរាក និងបរិភោគអាហារអោយបានគ្រប់គ្រាន់ហើយប្រសិនបើអ្នកមិនទទួលបានការសម្រាកគ្រប់គ្រាន់ទេវាអាចនឹងប៉ះពាល់ដល់សមត្ថភាពរាងកាយ និងខួរក្បាលរបស់អ្នក ដូចច្នេះហើយអ្នកនឹងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការងារអោយមានប្រសិទ្ធភាពឡើយ។

ជារួមមកមិនថាអ្នកប្រកបការងារអ្វី ឬនៅទីណានោះទេ វាទាមទារអោយអ្នកគោរពនូវតម្លៃរបស់ពេលវេលា មានរបៀបរៀបរយ យកចិត្តទុកដាក់ និងការតាំងចិត្តក្នុងការបំពេញភារកិច្ចទាំងនោះ ហើយអ្វីដែលរិតតែសំខាន់ជាងនេះទៀតគឺការថែទាំសុខភាពរបស់អ្នកអោយបានល្អទាំងផ្លូវកាយ និងចិត្ត។ អ្នកត្រូវចេះស្រលាញ់ការងារហើយអ្នកក៏ត្រូវចេះស្រលាញ់ខ្លួនឯងដែរ ត្រូវរកពេលវេលាសម្រាប់ខ្លួនឯងបានសម្រាកគ្រប់គ្រាន់ ហើយក៏ត្រូវចេះរកវិធីសាស្រ្តកាត់បន្ថយភាពខ្ជិលច្រអូសរបស់ខ្លួនឯងផងដែរ។ ជាចុងក្រោយយើងសង្ឃឹមថាវិធីសាស្រ្តទាំងប្រាំមួយខាងលើអាចជួយអ្នកបានច្រើនក្នុងការជំរុញអ្នកអោយក្លាយជាបុគ្គលជោគជ័យលើការងារ Freelance និងលើប្រព័ន្ធអ៉ីនធឺណិត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!