ទម្លាប់ទាំងប្រាំដែលជួយអោយក្លាយទៅជាអ្នកទំនាក់ទំនងដ៏ល្អម្នាក់

3660

ការជោគជ័យក្នុងជីវិត ការងារ ឬជំនួញកើតឡើងបានដោយសារការពូកែទំនាក់ទំនងទៅកាន់អ្នកដទៃ។ ពេលខ្លះអ្នកមានគំនិតរកស៊ីដ៏ល្អមួយតែអន់ខាងការទំនាក់ទំនងជាមួយនឹងមនុស្សដែលអាចនឹងចាប់អារម្មណ៍លើគំនិតនោះ ហើយចុងក្រោយទាំងយើងទាំងគេមិនអាចធ្វើអោយវាលេចចេញរូបរាងបានឡើយ។ ដូចនេះដើម្បីអោយគេដឹងពីគំនិតនិងការយល់ឃើញរបស់ខ្លួន យើងគួរតែអនុវត្តតាមចំនុចទាំងប្រាំដូចខាងក្រោម។

១. មានគោលដៅច្បាស់លាស់៖ ជាទូទៅយើងនិយាយពីរឿងសំខាន់អ្វីមួយទៅកាន់នរណាម្នាក់ព្រោះមានគោលដៅពីរ មួយគឺដើម្បីនិយាយណែនាំអោយគេដឹងពីអ្វីមួយ និងមួយទៀតគឺដើម្បីនិយាយបញ្ចុះបញ្ចូលគេអោយយល់ស្របតាមគំនិតខ្លួន។ ដូចនេះមុននឹងនិយាយទៅកាន់គេអ្នកសួរខ្លួនឯងថាគោលដៅរបស់យើងមួយណា? ឧទាហរណ៍ បើអ្នកចង់និយាយអំពីការលក់ផលិតផលមួយ (និយាយណែនាំគេ) អ្នកត្រូវចេះរៀបពាក្យនិយាយតាមរបៀបអ្នកលក់និងដឹងអោយច្បាស់ពីផលិតផលរបស់ខ្លួនដើម្បីកុំអោយមានភាពស្រពិចស្រពិលក្នុងការនិយាយស្ដី។ មួយទៀតអ្នកមានគំនិតរកស៊ីដ៏ល្អមួយហើយត្រូវនិយាយអូសទាញគេអោយចូលហ៊ុនវិនិយោគជាមួយ(និយាយបញ្ចុះបញ្ចូល) នោះអ្នកត្រូវយល់ដឹងពីចំនុចល្អនិងមិនល្អនៃអាជីវកម្មនោះ ហើយត្រូវដឹងថាធ្វើដូចម្ដេចដើម្បីទាក់ទាញអតិថិជនបានជាដើម..។ ការនិយាយទៅកាន់មនុស្សទាំងពីរក្រុមមានតិចនិចផ្សេងគ្នា ដូចនេះបើអ្នកដឹងថាខ្លួននិយាយទៅកាន់ក្រុមមួយណាដើម្បីរៀបចំខ្លួនអោយបានល្អ។

២. ស្ដាប់អោយបានច្រើន៖ អ្នកពូកែទំនាក់ទំនងមិនមែនចេះតែនិយាយទេ តែថែមទាំងចេះស្ដាប់ដៃគូរបានល្អទៀតផង។ ការស្ដាប់នេះមិនមែនអត់ប្រយោជន៍ទេព្រោះវាធ្វើអោយយើងអាចរៀនបាននូវអ្វីដែលមិនធ្លាប់ដឹង និងយល់ច្បាស់ពីគេដែលជាហេតុនាំអោយយើងកាន់តែមានទំនុកចិត្តពេលនិយាយទៅកាន់គេដោយសារតែយើងដឹងថាគេជាមនុស្សប្រភេទណា ហើយត្រូវនិយាយតាមវិធីសាស្ត្រណាទើបសាកសម។

៣. ប្រើកាយវិការស្របពេលកំពុងនិយាយ៖ បើអ្នកនិយាយហើបតែមាត់តែខ្លួនរឹងដូចថ្មវាធ្វើអោយគេមិនទុកចិត្តហើយគិតថាអ្នកមិនមានទំនុកចិត្តលើអ្វីដែលខ្លួនកំពុងនិយាយ មួយទៀតការមិនចេញកាយវិការនេះមិនមែនជាធម្មជាតិរបស់មនុស្សទេ។ អ្នកស្រី Amy Cuddy សាស្ត្រាចារ្យ  នៅសាកលវិទ្យាល័យ Harvard បាននិយាយថាបើអ្នកចេះរៀបចំខ្លួននិងកាយវិការក្នុងការនិយាយបានល្អនោះវាធ្វើអោយយើងមានទំនុកចិត្តជាងមុន ហើយពាក្យដែលយើងនិយាយក៏មានឥទ្ធិពលដែរ។ 

៤. ខ្លីតែខ្លឹម៖ អ្នកដឹងទេថាមនុស្សភាគច្រើនអាចផ្ដោតអារម្មណ៍បានប្រហែល ១០វិនាទីប៉ុណ្ណោះមុននឹងចាប់ផ្ដើមគិតឬផ្ដោតអារម្មណ៍លើអ្វីផ្សេងទៀត។ ដូចនេះបើអ្នកនិយាយអូសបន្លាយមុននឹងចូលសាច់ការនោះអាចធ្វើអោយគេមិនអាចចាប់បាននូវពាក្យឬអត្ថន័យដែលអ្នកចង់និយាយ ហើយវាក៏មិនមានឥទ្ធិពលខ្លាំងទៅលើគេទេ។ ហេតុនេះបើអ្នកដឹងថាខ្លួនឯងចូលចិត្តនិយាយពីនេះពីនោះច្រើនចូលកាត់បន្ថយដោយមុនពេលនិយាយទៅកាន់គេកុំទាន់ចាប់ផ្ដើមភ្លាម ត្រូវទុកពេលគិតមួយភ្លែតពីថាចំនុចសំខាន់ត្រូវនិយាយមានប៉ុន្មានរួចហើយសឹមចាប់ផ្ដើមនិយាយ។

៥. បន្ដអនុវត្ត៖ ចំនុចទាំងបួនទាំងលើគឺពិតណាស់ថាយើងគ្រប់រូបមិនអាចអានហើយអនុវត្តបានល្អលើកទីមួយទេ ដូចនេះដើម្បីក្លាយខ្លួនជាអ្នកពូកែទំនាក់ទំនងយើងត្រូវអនុវត្តវាម្ដងហើយម្ដងទៀត ពិនិត្យមើលថាមានកន្លែងណាអាចកែប្រែបាន ឬមិនគួរនិយាយនៅពេលក្រោយ…។ វាគឺជាច្បាប់ធម្មជាតិមួយដែលថា ការអនុវត្តកាន់តែច្រើននឹងធ្វើអោយយើងកាន់តែពូកែ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។