មេទ័ពពាណិជ្ជកម្មទាំងបីរបស់ចិន មិនឲ្យក្រុមហ៊ុនអាមេរិក ចេះតែហក់ចូលបានតាមចិត្តនោះទេ

1926

ប៉េកាំង(CNBC)៖ នៅដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតរបស់ចិនដែលគេស្គាល់ថាជា BATs ដែលជាពាក្យតំណាងឲ្យក្រុមហ៊ុនយក្សទាំងបីគឺ Baidu, Alibaba និង Tencent ដែលហាក់ដូចជាមានភាពរីកចម្រើនអត់ឈប់ឈរ។ រឿងល្អៗបានកើតឡើងជាបន្តបន្ទាប់សំរាប់ក្រុមហ៊ុនទាំង 3 នេះនៅពេញមួយឆមាសទីមួយនៃឆ្នាំនេះ ហើយតម្លៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនទាំងនេះបានឡើងដល់កំរិតខ្ពស់បំផុត។

ប៉ុន្តែចាប់តាំងពីរដូវក្តៅ ឆ្នាំ2018 មក វិនិយោគិននៅ BATs និង​តម្លៃភាគហ៊ុនបានចាប់ផ្តើមធ្លាក់ចុះមកវិញ។ ជារួម BATs បានខាតបង់ប្រហែល 165 ពាន់លានដុល្លារ គិតចាប់ពីដើមឆ្នាំមកដល់ថ្ងៃនេះ។

មូលហេតុនៃការខាតបង់នេះគឺដោយសារតែ ក្រុមហ៊ុន Alibaba និង Baidu ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកនោះ បានរងឥទ្ធិពលពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនផលិតហ្គេម Tencent ក៏ត្រូវរងគ្រោះផងដែរ។ រដ្ឋាភិបាលចិនបានលើកឡើងនូវការព្រួយបារម្ភអំពីបញ្ហាភ្នែកនៅក្នុងប្រទេសចិន ដោយសារតែផលប៉ះពាល់ពីការសម្លឹងទូរស័ព្ទលេងហ្គេម ដែលនេះជាបញ្ហាធំមួយនៃបញ្ហាជាច្រើនទៀតដែលធ្វើឲ្យប្រជានជនចិនមានបញ្ហាភ្នែក។ រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើសុំឲ្យកាត់បន្ថយការអនុម័តលើហ្គេមកំសាន្តថ្មីៗ  ខណៈចំណូលភាគច្រើនរបស់ក្រុមហ៊ុន Tencent បានមកពីវិស័យហ្គេម។

ប៉ុន្តែបើសម្លឹងមើលទិដ្ឋភាពនៃសង្គ្រាមពាណិជ្ជកម្ម និងបញ្ហារយៈពេលខ្លី ឃើញថាក្រុមហ៊ុនយក្សចិនទាំងបី BATs ពិតជាមានភាពខ្លាំងក្នុងការឈានមុខនៅក្នុងទីផ្សារ។ BATs មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតតាំងជាមួយក្រុមហ៊ុនអ៉ីនធើណិតធំៗទាំងបួនរបស់អាមេរិក  ហៅកាត់ថា FANGs ដែលជាឈ្មោះតំណាងឲ្យក្រុមហ៊ុន Facebook, Amazon, Netflix និង Alphatbet ដែលជាក្រុមហ៊ុនមេរបស់ Google

បើមើលលើទំហំរីកចម្រើនរបស់ BATs វិញឃើញថា ក្រុមហ៊ុន Tencent បានកើនឡើង 30% ធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីពីរដូចគ្នា ខណៈក្រុមហ៊ុន Alibaba បានបង្កើនប្រាក់ចំណូលរហូតដល់ទៅ 61% ឯណោះ ហើយក្រុមហ៊ុន Baidu មានទំហំរីកចម្រើនជាងឆ្នាំមុន 32%។

អាជីវកម្មធំៗទាំងអស់នេះ បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីតាំងភូមិសាស្ត្រថ្មី។ ក្រុមហ៊ុនផលិតហ្គេមដ៏ធំរបស់ចិន ក្រុមហ៊ុន Tencent នៅតែបន្តអូសទាញអ្នកលេងហ្គេមថ្មីៗបន្ថែមទោះបីជាមានបទបញ្ជាហាមប្រាមពីរដ្ឋាភិបាលចិនយ៉ាងណាក៏ដោយ ហើយក្រុមហ៊ុនយក្សនេះក៏ជាម្ចាស់កម្មវិធីផ្ញើសារដែលមានប្រជាប្រិយបំផុតរបស់ប្រទេសចិន និងមានអ្នកប្រើប្រាស់ប្រចាំខែជាងមួយពាន់លាននាក់ គឺកម្មវិធី WeChat ផងដែរ។ ក្រុមហ៊ុន Tencent កំពុងជំរុញ WeChat Pay ដែលជាសេវាកម្មបង់ប្រាក់ ឲ្យអាចដំណើរការនៅក្នុងកម្មវិធី WeChat ដែរ។

ក្រុមហ៊ុន Alibaba នៅតែបន្តពង្រីកអាជីវកម្មពាណិជ្ជកម្មស្នូលរបស់ខ្លួនខណៈពេលដែលក្រុមហ៊ុន Baidu ដែលត្រូវបានគេមើលឃើញថាបានវិនិយោគលុយយ៉ាងច្រើនទៅលើបច្ចេកវិទ្យា AI និងរថយន្តស្វ័យប្រវិត្ត។

FANGs របស់អាមេរិកមិនអាចបង្កព្យុះភ្លៀងនៅប្រទេសចិនបានទេ។ ក្រុមហ៊ុន Google ត្រូវបានរដ្ឋាភិបាលចិនបិទមិនឲ្យប្រើក្នុងប្រទេសចិនតាំងពីឆ្នាំ 2010។ ក្រុមហ៊ុន Facebook ក៏ត្រូវបានបិទមិនឲ្យប្រើនៅប្រទេសចិន ហើយ Netflix គឺមិនមានវត្តមាននៅចិនតែម្តង ខណៈ Amazon មានចំណែកអាជីវកម្មតិចតួចក្នុងប្រទេសចិន។

ទោះបីជាមានព័ត៌មានថា Google មានបំណងចង់ចូលប្រទេសចិនវិញក៏ដោយ ប៉ុន្តែវានឹងពិបាកតតាំងជាមួយក្រុមហ៊ុនកក្នុងស្រុកចិន Baidu។ ចំណែកក្រុមហ៊ុន Amazon បើចង់ចូលធំ ត្រូវតតាំងជាមួយក្រុមហ៊ុន Alibaba ហើយបើក្រុមហ៊ុន Facebook វិញ ត្រូវតទល់ជាមួយ WeChat របស់ក្រុមហ៊ុន Tencent។ ទោះជាយ៉ាងណាក្តី នៅប្រទេសចិននៅតែមានឱកាសនៅសល់សម្រាប់ក្រុមហ៊ុនអ៉ីនធើណិតធំៗទាំងបួនរបស់អាមេរិកដែលហៅកាត់ថា FANGs ប៉ុន្តែការចង់ចូលចាប់យកឱកាសទាំងនោះ វាបានត្រឹមតែជាបំណងទៅមុខទៀតតែប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។