ការចាប់ផ្តើមដំណើរជីវិតដំបូងរបស់មហាសេដ្ឋីមានជាងគេលើលោកទី ៣ Warren Buffet

1966

កំពូលអ្នកវិនិយោគប្រចាំសតវត្ស ឫ “the Oracle of Omaha” គឺជារហ័សនាមដ៏ទាក់ទាញរបស់ Warren Edward Buffet។ គាត់បានកើតនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៩៣០ ជាមួយគ្រួសារមួយដែលមានឪពុកឈ្មោះ Howard Buffet និងម្ដាយ Leila Buffet នៅក្នុងទីក្រុង Omaha នៃរដ្ឋ Nebraska សហរដ្ឋអាមេរិក។ Warren ត្រូវបានគេដឹងថាជាមនុស្សដែលចូលចិត្តវិស័យវិនិយោគនៅក្នុង Stock (ទីផ្សារទិញ-លក់ភាគហ៊ុន) តាំងពីគាត់នៅក្មេងមកម៉្លេះ ហើយគាត់តែងតែសរសេរពីតម្លៃឡើងចុះរបស់ Stock នៅលើក្តារខៀនមួយក្នុងការិយាល័យឪពុករបស់គាត់។ អ្វីដែលអស្ចារ្យទៀតនោះគឺ Warren ហ៊ានភ្នាល់ដាក់ជីវិតថា ប្រសិនបើគាត់មិនអាចក្លាយជាសេដ្ឋីនៅវ័យខ្ទង់ ៣០ ឆ្នាំបានទេ គាត់នឹងលោតចុះពីអាគារខ្ពស់បំផុតក្នុងក្រុងអូម៉ាហា។ នៅពេលអាយុ ១១ ឆ្នាំ កុមារា Buffet បានទៅរៀនមើលទីផ្សារភាគហ៊ុននៅ New York Stock Exchange និងបានទិញភាគហ៊ុនជាលើកដំបូង (ទាក់ទងប្រេងនិងឧស្ម័ន) សម្រាប់ខ្លួនគាត់និងបងស្រីរបស់គាត់។

ការងារដំបូង

រដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានរងឥទ្ធិពលយ៉ាងខ្លាំងពី Great Depression (គឺជាកំឡុងពេលវេលាដ៏យូរនិងធំជាងគេនៃវិបត្តិសេដ្ឋកិច្ចនៃពិភពលោកសម័យទំនើប ដែលផ្តើមដោយការធ្លាក់ចុះតម្លៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកឆ្នាំ ១៩២៩ និងបន្តរហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៤៦។ អ្នកប្រវត្តិសាស្ត្រ និងអ្នកសេដ្ឋកិច្ចបានហៅព្រឹត្តិការណ៍នោះថាជាគ្រោះមហន្តរាយសេដ្ឋកិច្ចដ៏អាក្រកបំផុតប្រចាំសតវត្សទី ២០) Warren Buffet ក៏ដូចជាក្មេងដទៃទៀតក្នុងសម័យនោះ បានឱ្យតម្លៃជាខ្លាំងចំពោះលុយ។ គាត់បានក្លាយជាមនុស្សដែលចេះប្រយ័ត្ននិងការចាយវាយនៅពេលដែលគាត់បានផ្លាស់ទៅរៀននៅ New York Business School ដោយសុខចិត្តស្នាក់អាស្រ័យនៅ The Young Men’s Christian Association (YCMA) ដើម្បីសន្សំលុយ។ ដល់អាយុ ១៣ ឆ្នាំ Buffet មានការងារដំបូងជាអ្នកចែកក្រដាសផ្សព្វផ្សាយនិងការសែតផ្សេងៗនៅពេលព្រឹក និងពេលល្ងាច។ ឆ្នាំ ១៩៤៤ Warren Buffet បានដាក់លិខិតបញ្ជាក់ពន្ធលើប្រាក់ចំណេញរបស់គាត់ និងបានសម្រេចផែនការទីមួយក្នុងការរកប្រាក់បាន ១ ពាន់ដុល្លារ។

ក្រោយមក Warren បានបន្តដំណើរជីវិតរបស់គាត់ជាអ្នកជំនួញ និងបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយឈ្មោះ Pinball Leasing ដោយ Warren រួមគ្នាជាមួយដៃគូរបស់គាត់ដើរទិញម៉ាស៊ីន Pinball (សម្រាប់ដាក់កាក់លេងកំសាន្ត) ចាស់ៗដែលនៅប្រើប្រាស់បាន រួចយកវាមកជួសជុលដំឡើងសារថ្មី និងដាក់លក់វិញ។

កសាងទ្រព្យសម្បត្តិដោយដៃខ្លួនឯង

នៅអាយុ ១៥ ឆ្នាំ Warren Buffet រកប្រាក់បាន ២ ពាន់ដុល្លារ ហើយគាត់បានប្រើប្រាក់នេះទៅទិញដីចំការប្រមាណជា ៤០ ហិចតា នៅរដ្ឋ Nebraska។ គាត់បានជួលកសិករម្នាក់ឱ្យដាំដំណាំនៅលើដីនោះ ហើយយកប្រាក់ចំណេញពីទីនោះមកបង់ថ្លៃសិក្សានៅមហាវិទ្យាល័យ។ Warren បានរៀនចប់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រពីសកលវិទ្យាល័យ University of Nebraska –Lincoln ហើយបន្ទាប់មកបានដាក់ពាក្យទៅរៀនបន្តនៅឯ Harvard business School ប៉ុន្តែគាត់ត្រូវបានសាលាបដិសេធមិនទទួលឱ្យចូលរៀន។

ចុងក្រោយ Buffet បានទៅដាក់ចូលរៀននៅ Columbia Business School និងបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងឆ្នាំ ១៩៥១។ នៅទីនោះផងដែរ Buffet បានជួបជាមួយអ្នកវិនិយោគដ៏មានឥទ្ធិពលមួយរូបនិងជាគ្រូបង្រៀនវិនិយោគរបស់គាត់គឺ Benjamin Graham (Benjamin Graham គឺជាអ្នកជំនាញវិនិយោគ និងជាអ្នកនិពន្ធសៀវភៅ “The Intelligent Investor” ដែលនិយាយពីតិចនិចក្នុងបណ្ដាក់ទុន)។

ក្រោយពីបញ្ចប់ការសិក្សាមិនយូរប៉ុន្មាន Warren Buffet បានត្រឡប់ទៅស្រុកកំណើតរបស់គាត់នៅឯ Omaha វិញ និងបានចូលរៀនវគ្គសិក្សាជំនាញនិយាយជាសាធារណៈ។ គាត់ថែមទាំងបានបង្រៀនពីរបៀបវិនិយោគនៅ University of Nebraska នៃទីក្រុងអូម៉ាហា។ ក្នុងឆ្នាំ ១៩៥៤ Buffet រួមទាំងកូនស្រី និងប្រពន្ធរបស់គាត់ Susan បានផ្លាស់ទីលំនៅមកកាន់ទីក្រុង New York ដើម្បីធ្វើការឱ្យគ្រូរបស់គាត់ Benjamin Graham

Benjamin Graham និង Warren Buffet

អស់រយៈជាង ៣ ទៅ ៤ ឆ្នាំ បន្ទាប់ពីបំលាស់ទីលំនៅពីទីក្រុងមួយទៅកាន់ទីក្រុងមួយ Warren Buffet បានត្រឡប់មករស់នៅជាអចិន្ត្រៃនៅអូម៉ាហាវិញ និងបានទិញផ្ទះមួយខ្នងតម្លៃ ៣១,​៥០០ ដុល្លារនៅទីនោះ។

មកដល់ត្រឹមឆ្នាំ ១៩៥៦ Warren Buffet មានប្រាក់ ១៧៤,​០០០ និងផ្ទះមួយខ្នង និងបានសម្រេចចិត្តចូលនិវត្តនៅវ័យ ២៦ ឆ្នាំ ដោយគាត់ជឿជាក់ថា គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកប្រាក់បន្ថែមតាមរយៈការវិនិយោគតែមួយផ្នែកនិងអាចរស់នៅក្នុងជីវិតដែលគាត់ចង់បានបានយ៉ាងសុខស្រួល។ ប៉ុន្តែ ពេលរំលឹកដល់រឿងដែល Warren បានសន្យាថានឹងក្លាយសេដ្ឋីនៅចន្លោះវ័យពី ៣០ ទៅ ៤០ ឆ្នាំ គាត់បានផ្លាស់ប្តូរគំនិត និងកាន់តែបង្កើនការខិតខំបន្ថែមទៀតដើម្បីជោគជ័យធំជាងនេះ។ រហូតដល់ចុងឆ្នាំ ១៩៥៦ Warren Buffet បានបង្កើតក្រុនហ៊ុនមួយឈ្មោះថា Buffett Partnership Ltd ដែលជាក្រុមហ៊ុនវិនិយោគដំបូងរបស់លោក។

បច្ចុប្បន្ននេះ លោក Warren Buffett គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway។ លោកមានទ្រព្យសម្បត្តិជាង ៩០ពាន់លានដុល្លារ ជាមហាសេដ្ឋីមានជាងគេបំផុតលេខបីលើផែនដី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕