កំហុសដែលអ្នកជោគជ័យមិនដែលធ្វើ

3841

យើងអាចរៀនពីមនុស្សជោគជ័យបានច្រើនមិនថាសកម្មភាពដែលពួកគាត់ធ្វើ ឬមិនធ្វើឡើយ។ រាល់លើកយើងតែងតែនិយាយអំពីការងារដែលអ្នកជោគជ័យចូលចិត្តធ្វើដើម្បីភាពរីកចម្រើនរបស់ខ្លួន តែថ្ងៃនេះយើងសូមយកពីទម្លាប់មិនល្អខ្លះៗដែលពួកគាត់តែងតែព្យាយាមគេចចេញ។ អ្នកអានប្រហែលជាឆ្ងល់ថាបើពួកគាត់មិនដែលធ្វើហេតុអ្វីបានជាពួកគាត់ដឹង តាមពិតគាត់ធ្លាប់សាកល្បងធ្វើរឿងទាំងអស់នេះហើយឃើញថាវាមិនផ្ដល់ប្រយោជន៍ដល់ខ្លួនទើបពេលនេះពួកគាត់ឈប់ធ្វើ និងចង់ចែករំលែកដល់យើងទាំងអស់គ្នា។

១. គិតថាការងារដូចគ្នាទាំងអស់៖ ក្នុងកិច្ចការគ្រប់បែបយ៉ាងគឺត្រូវតែយកច្បាប់ 20/80 មកប្រើដែលវាមានន័យថាប្រសិនបើអ្នកមានការងារដប់ក្នុងមួយថ្ងៃត្រូវធ្វើ មានការងារពីរសំខាន់ដែលពេលធ្វើហើយអាចសម្រេចបានគោលដៅប្រចាំថ្ងៃនោះចំនួន៨០ភាគរយ។ ប្រសិនបើអ្នកគិតថាការងារទាំងអស់ត្រូវការពេលវេលានិងការយកចិត្តទុកដាក់ធ្វើប្រហាក់ប្រហែលគ្នានោះ អ្នកមិនអាចសម្រេចកិច្ចការធំបានឡើយ។ 

២. ចូលចិត្តសម្របតាមអ្នកដទៃ៖ មនុស្សជាច្រើនចូលចិត្តអ្នកព្រោះជាមនុស្សពូកែយល់ចិត្ត និងជួយយកអសារពួកគេ។ ចំនុចមួយទៀតនោះគឺអ្នកមិនសូវចេះប្រកែកជាមួយគេឡើយព្រោះខ្លាចគេអន់ចិត្តនឹងយើង។ ឧទាហរណ៍ ប្រសិនបើគេហៅទៅដើរលេង ឬជួយធ្វើការដែលមិនផ្ដល់ប្រយោជន៍ដល់ខ្លួន…ក៏អ្នកនៅតែមិនហ៊ានជំទាស់ឡើយ។ ការមានអត្តចរិតបែបនេះគឺពិតជាល្អហើយ តែបើយើងមិនចេះប្រកែកខ្លះនៅពេលយូរៗទៅគេដឹងចិត្តហើយនឹងទាញយកផលប្រយោជន៍ពីយើង។

៣. ចង់ធ្វើអ្វីគ្រប់យ៉ាងអោយល្អឥតខ្ចោះ៖ ប្រសិនបើអ្នកចូលចិត្តត្រួតពិនិត្យមើលការងារខ្លួនឯងឬបុគ្គលិកដោយល្អិតល្អន់ពេកនោះនឹងមិនអាចធ្វើការទាន់ពេលទេ ហើយថែមទាំងត្រូវគេអាក់អន់ចិត្តមានអារម្មណ៍ថាអ្នកមិនទុកចិត្តពួកគេទៀតផង។ ធ្វើការងារបានល្អបានហើយព្រោះគ្មានអ្វីឥតខ្ចោះទេ។ នៅពេល Apple ដាក់លក់ iPhone ជំនាន់ដំបូងគឺវាមិនល្អឥតខ្ចោះទេតែផលិតផលគេល្អអាចប្រើប្រាស់បាន ហើយទទួលបានការគាំទ្រច្រើនទៀតផង។ កាលនោះបើ Steve Jobs នៅគិតពិចារណាកែប្រែនេះកែប្រែនោះអោយបានឥតខ្ចោះប្រហែលជាយើងមិនបានប្រើ iPhone ទេ។

៤. គ្មានពេលរៀនអ្វីថ្មី៖ មានជំនាញថ្មីៗដែលអ្នកអាចរៀនបានមិនថារៀនផ្ទាល់ តាមអនឡាញ ឬតាមសៀវភៅល្អជាច្រើនដែលអ្នកអាចអានបាន ប៉ុន្ដែអ្នកមិនព្រមធ្វើព្រោះគិតថាខ្លួនគ្មានពេលទំនេរ។ តែតាមពិតខ្លួនអាចឆ្លៀតពេលបានប្រសិនបើដាក់ទូរស័ព្ទចុះ កាត់បន្ថយការដើរលេងខ្លះ ឬសកម្មភាពមួយចំនួនទៀតដើម្បីទៅបង្កើតចំណេះដឹងនោះ។ 

៥. ចង់ជោគជ័យតែគ្មានគម្រោងច្បាស់លាស់៖ ប្រាកដណាស់ថាអ្នកអាន Apamat ភាគច្រើនគឺសុទ្ធតែជាអ្នកចង់ជោគជ័យក្នុងជំនួញនៅពេលអនាគត ប៉ុន្ដែពេលខ្លះយើងបានតែស្រមៃព្រោះបានគិតតែមិនបានរៀនចំគម្រោងពីមួយជំហានទៅមួយជំហានដើម្បីដើរអោយបានល្អទេ។ អ្នកជោគជ័យគេមិនមែនធ្វើការទាំងដុលទេគឺគេរៀបចំគម្រោងជាច្រើនដំណាក់មុនទៅដល់គោលដៅ ហើយសម្រេចគម្រោងតូចៗនោះម្ដងមួយៗ។ 

៦. ឆាប់លះបង់៖ ពេលខ្លះធ្វើអ្វីតែម្ដងមិនកើតក៏គិតថាខ្លួនមិនអាចធ្វើបានហើយក៏ឈប់។ តើអ្នកគិតថាមនុស្សអាចជោគជ័យបានដោយសារតែទម្លាប់បែបនឹងឬយ៉ាងណា? យ៉ាងហោចណាស់ក៏គួរសាកពីរបីដងទៀតមុននឹងលះបង់វាចោល តែមុននឹងធ្វើវាម្ដងទៀតត្រូវដឹងថាកំហុសពីមុនមានអ្វីខ្លះហើយត្រូវកែប្រែអ្វីខ្លះ។ 

៧. នៅជិតមនុស្សអវិជ្ជមាន៖ យ៉ាងហោចណាស់ក៏អ្នកស្គាល់មនុស្សប្រភេទនឹងមួយដែរ ដោយពួកគេគ្មានទិសដៅច្បាស់លាស់ទេហើយថែមទាំងចូលចិត្តនិយាយរឿងគ្មានប្រយោជន៍ឬបំបាក់ទឹកចិត្តយើងទៀតផង។ មនុស្សនេះទ្រឹស្ដីច្រើនតែមិនដែលឃើញធ្វើអ្វីបានចេញមួយឡើយ បើទំនេរដើរលេង ផឹកស៊ី លេងហ្គេម ហើយរឿងអីក៏ដឹងទាំងអស់ទោះបីជាមិនដែលធ្វើឬប្រឡូកក៏ដោយ។ អ្នកត្រូវដកខ្លួនចេញពីមនុស្សប្រភេទនេះអោយកាន់តែឆាប់កាន់តែល្អ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។