សហរដ្ឋអាមរិក(CNBC)៖ នៅក្នុងបទសម្ភាសន៍ជាមួយ Forbes កាលពីថ្មីៗនេះ លោក Brian Acton សហស្ថាបនិកកម្មវិធីផ្ញើសារ WhatsApp បានពន្យល់ពីមូលហេតុដែលគាត់សំរេចចិត្តចាកចេញពី Facebook ជាមួយ 850លានដុល្លារនៅលើតុ ថាដោយសារមានការខ្វែងគំនិតគ្នាចំពោះរបៀបដែល Facebook គួររកចំណូលពីកម្មវិធី WhatsApp ដោយរបៀនណា បន្ទាប់ពី Facebook បានទិញយកក្នុងឆ្នាំ 2014 ក្នុងតម្លៃ 19ពាន់លានដុល្លារ ។
លោក Acton បានប្រាប់ទៅ Forbes ថាលោក Mark Zuckerberg និងនាយកគ្រប់គ្រងដទៃទៀតរបស់ Facebook ចង់ដាក់ផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ WhatsApp និងការលក់ឧបករណ៍វិភាគពាណិជ្ជកម្ម។ លោក Acton បានប្រាប់ Forbes ថា “នៅចុងបញ្ចប់ខ្ញុំបានលក់ក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំបានលក់ភាពឯកជនរបស់អ្នកប្រើរបស់ខ្ញុំ ព្រោះតែចង់បានអត្ថប្រយោជន៍ធំខ្លួនឯង។ ខ្ញុំបានបង្កើតជម្រើសមួយដែលខុសពីអ្វីដែលខ្ញុំបានសន្យា ហើយខ្ញុំរស់នៅជាមួយភាពសោកសៅនោះ ជារៀងរាល់ថ្ងៃ។”
កាលពីខែមីនាកន្លងទៅ នៅពេលដែលហ្វេសប៊ុករងការវាយប្រហារដោយរឿងអាស្រូវពាក់ព័ន្ធនឹងការបង្ហាញទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ លោក Acton បានសរសេរថា “វាដល់ពេលហើយ ដើម្បីលុបហ្វេសប៊ុក” ។ សហស្ថាបនិករបស់ WhatsApp ម្នាក់ទៀតគឺលោក Jan Koum ក៏បានចាកចេញពីហ្វេសប៊ុកកាលពីខែមេសាផងដែរ។
It is time. #deletefacebook
— Brian Acton (@brianacton) March 20, 2018
កាលពីថ្ងៃចន្ទម្សិលមិញ អ្នកបង្កើតកម្មវិធី Instagram លោក Kevin Systrom និង Mike Krieger បានលាលែងពី Facebook ។ លោក Systrom និង Krieger បានប្រាប់ទស្សនាវដ្ឋី Wall street Journals ថាមិនមាន “ការខុសឆ្គងផ្នែកទស្សនវិស័យ” ជាមួយ Facebook ដូចជាលោក Acton និង Koum ទេ។
ហ្វេសប៊ុកមិនអាចសុំការបំភ្លឺបានទេ ចំពោះបញ្ហានេះ៕
