អាមេរិក(CNBC)៖ កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Facebook បានប្រកាសថាលោក Adam Mosseri នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន Instagram បន្ទាប់ពីមានការលាឈប់ពីសហស្ថាបនិកទាំងពីរនាក់របស់ Instagram គឺលោក Kevin Systrom និងលោក Mike Krieger កាលពីសប្តាហ៍មុន។
លោក Mosseri បានចូលធ្វើជាប្រធានផ្នែកផលិតផលរបស់ Instagram ចាប់តាំងពីដើម 2018 ហើយកាលពីមុននោះទៀតគាត់ធ្វើការជាអ្នកដឹកនាំផ្នែកព័ត៌មាន (New Feeds) របស់ក្រុមហ៊ុន Facebook។ អ្នកនាំពាក្យ Instagram បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា Mosseri នឹងធ្វើជាអ្នកគ្រប់គ្រងនៅ Instagram ឆាប់ៗនេះ។
លោក Systrom និង Krieger បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានក្តីរំភើបរីករាយក្នុងការប្រគល់តំណែងអ្នកគ្រប់គ្រងទៅឲ្យអតីតអ្នកដឹកនាំផលិតផលដែលមានប្រវត្តិដឹកនាំដ៏អស្ចារ្យ និងជាមនុស្សម្នាក់ដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពសាមញ្ញ ហើយគាត់ជាមនុស្សដែលយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃសហគមន៍” ។
លោក Systrom និងលោក Krieger បានប្រកាសលាលែងពីក្រុមហ៊ុនដែលអ្នកទាំងពីរបង្កើតឡើង កាលពីសប្តាហ៍មុន បន្ទាប់ពីអ្នកទាំងពីរបានលក់ Instagram ទៅឲ្យ Facebook នៅឆ្នាំ 2012 ក្នុងតម្លៃ 1 ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ជាច្រើនដែលបានផ្សាយកាលពីសប្ដាហ៍មុនបានឱ្យដឹងថា ការចាកចេញរបស់ពួកគេបានកើតមានឡើងបន្ទាប់មានការរីកឡើងនៃការលូកដៃរបស់លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក ដោយសារលោក Mark បានព្យាយាមជ្រៀតជ្រែកក្នុងការកំណត់ទិសដៅអនាគតនៃកម្មវិធីចែករំលែករូបភាពដ៏ពេញនិយមមួយនេះ ខណៈនៅពេលដែល Facebook សុំទិញ Instagram កាលពីប្រាំមួយឆ្នាំមុន លោក Mark បានសន្យាថាឲ្យសហស្ថាបនិកទាំងពីររបស់ Instagram នៅបន្តដឹកនាំក្រុមហ៊ុនដោយឯករាជ្យដដែល ទោះបីខ្លួនបានទិញយកមកធ្វើជាកម្មសិទ្ធក៏ដោយ។
លោក Mosseri បានក្លាយជាក្រុមអ្នកបង្កើតបណ្តាញទំនាក់ទំនងសង្គមចាប់តាំងពីលោកបានចូលរួមជាអ្នករចនាម៉ូដផលិតផលនៅក្នុងឆ្នាំ 2008 ។ ក្នុងអំឡុងពេលធ្វើការជាមួយ Facebook លោក Mosseri ក៏បានបម្រើការជាប្រធានផ្នែករចនាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន និងក្រោយមកទៀតបានផ្លាស់មកដឹកនាំផ្នែកព័ត៌មានវិញ មុនពេលទៅធ្វើជាប្រធានផ្នែកផលិតផលនៅ Instagram ហើយពេលនេះគាត់នឹងឡើងតំណែងជាប្រធានក្រុមហ៊ុន Instagram វិញម្តង។
លោក Mosseri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំពិតជាមិននឹងស្មាន និងរំភើបចំពោះការមានឱកាសបានដឹកនាំក្រុមការងារនៅ Instagram” ។
គូសបញ្ចាក់ថា ភាគហ៊ុនរបស់ហ្វេសប៊ុកបានធ្លាក់ចុះជាង 1 ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ៕
