ក្រុមហ៊ុន Harley-Davidson ធ្លាក់ចុះការលក់ដោយសារតែម៉ូតូរបស់ខ្លួនផលិតមកមានគុណភាពល្អ

3043

Harley-Davidson គឺជាម៉ាកម៉ូតូដ៏ល្បីដែលផលិតនៅអាមេរិចតាំងតែពីឆ្នាំ ១៩០៣ ហើយសព្វថ្ងៃនេះមានទ្រព្យសម្បត្តិរហូតជិត១០ពាន់លានដុល្លាអាមេរិច។ ប៉ុន្មានឆ្នាំចុងក្រោយក្រុមហ៊ុន Harley-Davidson បានជួបប្រទះការធ្លាក់ចុះការលក់យានយន្ដរបស់ខ្លួនដោយសារតែហេតុផលដែលមិនគួរអោយជឿនោះគឺម៉ូតូចាស់ៗរបស់ខ្លួនដែលគេទិញជិះរាប់ឆ្នាំមកហើយពេលដាក់លក់នៅតែមានសភាពធន់ល្អហើយតម្លៃក៏ធូរថ្លៃជាងម៉ូតូថ្មីរបស់ខ្លួន។ បើតាមស្ថិតិរបស់ Wall Street Journal បានអោយដឹងថាក្នុងចំណោមម៉ូតូ Harley-Davidson ដែលត្រូវបានគេទិញ បីគឺជាម៉ូតូមួយទឹកដែលទិញពីអ្នកជិះមុនៗ និងមួយទៀតទិញថ្មីពីក្រុមហ៊ុន។ ចាប់តាំងពីឆ្នាំ ២០០៦ មកការលក់ម៉ូតូថ្មីធ្លាក់ចុះ ៥០% ខណៈដែលតម្រូវការម៉ូតូមួយទឹកកើនឡើង ១៣% ព្រោះអតិថិជនក្មេងៗដែលចង់ជិះម៉ូតូធំភាគច្រើនគិតថាប្រសិនបើខ្លួនទិញម៉ូតូ Harley-Davidson មួយទឹកគឺចំនេញលុយច្រើន រីឯគុណភាពរបស់វាក៏ប្រហាក់ប្រហែលនឹងម៉ូតូថ្មីដែរ។ 

លោក Jim McMahan ដែលជាម្ចាស់រួមរបស់ក្រុមហ៊ុនបាននិយាយថារឿងសំខាន់បំផុតគឺតម្លៃ ព្រោះអ្នកជិះខ្លះមិនចង់ចំណាយលុយ ១៨០០០ដុល្លា ទៅ ២៥០០០ដុល្លា ដើម្បីទិញម៉ូតូថ្មីទេ ខណៈម៉ូតូមួយទឹកៗជាច្រើនដែលគុណភាពនៅល្អដាក់លក់ក្នុងតម្លៃមិនដល់ ១៥០០០ដុល្លា ផង។ ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះចំនួនលក់ដោយខាងក្រុមហ៊ុនមានគម្រោងនឹងបញ្ចេញម៉ូតូចំនួន៦ម៉ូដែលចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២២ ហើយឆ្នាំក្រោយក្រុមហ៊ុននឹងដាក់លក់ម៉ូតូអគ្គិសនីដំបូងរបស់ខ្លួន។ ខាងក្រុមហ៊ុនមិនទាន់បញ្ចេញតម្លៃទេ ប៉ុន្ដែអ្នកលក់បន្ដទូទាំងប្រទេសបានប្រាប់អោយដឹងថាតម្លៃរបស់ម៉ូតូសេរីក្រោយៗនេះអាចនឹងមានតម្លៃទាបជាងមុនដើម្បីទាក់ទាញអតិថិជនថ្មីដែលភាគច្រើនគឺជាមនុស្សវ័យក្មេង។ 

មិនត្រឹមតែបញ្ហានឹងការលក់ទេ កាលពីខែមិថុនាខាងក្រុមហ៊ុនបាននិយាយថាខ្លួនអាចនឹងបង្កើតរោងចក្រនៅអឺរ៉ុបដោយសារតែខាងសហភាពអឺរ៉ុបបានចេញច្បាប់ថ្មីក្នុងការយកពន្ធអាករបន្ថែមសម្រាប់ផលិតផលមិនផលិតក្នុងទឹកដីអឺរ៉ុប។ ពន្ធថ្មីនេះនឹងធ្វើអោយម៉ូតូកើនតម្លៃក្នុងមួយគ្រឿង ២២០០ដុល្លា បន្ថែមលើតម្លៃចាស់។ ការចង់ដករោងចក្រខ្លះទៅដាក់នៅក្រៅប្រទេសត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ និងសហជីពរបស់អ្នកធ្វើការក្នុងក្រុមហ៊ុន គំរាមថាបើប្ដូររោងចក្រមែនពួកគាត់នឹងកាត់បន្ថយឬឈប់ទិញម៉ូតូពី Harley-Davidson ទៀត៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។