គំនិតអាជីវកម្មចំនួន ៥ សម្រាប់អ្នកចូលចិត្តចម្អិនអាហារ (Food Lovers)

3826

តើមាននរណាខ្លះដែលមិនចូលចិត្តញាំ? ប្រសិនបើចង់ចេញរកស៉ី ហើយអ្នករីករាយនឹងការចម្អិនអាហារផ្សេងៗ ហើយវាជាចំណង់ចំណូលចិត្តរបស់អ្នក អញ្ចឹងមុខរបរដែលទាក់ទងនឹងអាហារអាចនឹងសមជាមួយអ្នកបំផុត។ បើអាហារដែលអ្នកចម្អិនមានរសជាតិឆ្ងាញ់ពិសេស ទោះបីអ្នកមិនសូវចេះខាងការបើកអាជីវកម្មដំបូង ក៏អ្នកមិនពិបាកពេកដែរ ព្រោះអ្នកមានតម្លៃពិសេសមួយនៅក្នុងខ្លួនស្រាប់។ ហាងអាហារល្បីៗតែងមានមុខម្ហូបពិសេសប្រចាំហាង មានគ្រឿងផ្សំល្អៗ និងមានការទទួលស្គាល់ខ្ពស់ខាងអនាម័យ។ ហើយពេលនេះអ្នកក៏អាចក្លាយជាអ្នកជំនួញក្នុងវិស័យចំណីអាហារបានដែរ។

គំនិតអាជីវកម្មដែលទាក់ទងនឹងការចម្អិនអាហារខាងក្រោមនេះ អាចបង្វែរចំណូលចិត្តលើអាហារ ឲ្យទៅជាអាជីវកម្មមួយបាន ដូច្នេះទាញកាំបិតរបស់អ្នកឡើង ចិញ្ច្រាំសាច់ចម្អិនអាហារ រួចហើយអង្គុយញាំអាហារនោះ អានអត្ថបទពាណិជ្ជកម្មនៅលើគេហទំព័រ apamat.com

១. លក់នំដែលអាចលក់បានថ្លៃ ចំណេញច្រើន

ហាងនំនៅទីក្រុងស៊ានហៃ

បង្កើតយីហោមួយ រួចហើយបិតវានៅលើប្រអប់នំខេក នំប៉័ង នំដូណាត់ នំផ្អែមផ្សេងៗ និងនំដែលអាចញាំលេងជាច្រើនមុខទៀតតាមតែអ្នកចេះ និងរៀនធ្វើនំណាដែលវាមានទីផ្សារធំ តែអ្នកមិនចេះ។ បើនិយាយតែនំខេកមួយ វាមានទីផ្សារធំណាស់ ទោះបីមានអ្នកផ្គត់ផ្គង់ច្រើនក៏ដោយ តែបើនិយាយពីហាងនំខេកដែលមានយីហោខ្លាំង និងមានស្តង់ដារខ្ពស់គឺមិនមានច្រើននៅឡើយទេ។

រើសប្រភេទនំដែលអ្នកចេះធ្វើស្ទាត់ ធ្វើអ្វីម៉្យាងឲ្យវាខុសពីគេដូចជាការប្រើគ្រឿងផ្សំ មានការកម្រិតកាឡូរីជាក់លាក់ និងប្រើវត្ថុធាតុដើមធម្មជាតិល្អសម្រាប់សុខភាពជាដើម។ រៀនស្រាវជ្រាវអំពីការធ្វើទីផ្សារលើស្លាកយីហោ (Branding) ឬរកដៃគូពូកែខាងហ្នឹង រួចហើយស្វែងរកដើមទុនបើអ្នកមិនទាន់មាន ឬក៏ត្រូវមូរដៃអាវឡើងចាប់ផ្តើមពីចំណុចសូន្យលក់តាមអនឡាញ ឬធ្វើហើយដាក់លក់នៅតាមហាងកាហ្វេ ឬបោះឲ្យអ្នកលក់រាយតាមផ្សារសម្រាប់នំតូចៗ។ មានទុនហើយ រៀបចំទីតាំងលក់ (ស្វែងរកទីតាំងឲ្យត្រូវ) និងរកអ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿងផ្សំ និងទំនិញចាំបាច់ត្រូវប្រើជាប្រចាំ។ រៀបចំប្រព័ន្ធប្រតិបត្តិការឲ្យរលូន ហើយផ្តោតលើការធ្វើទីផ្សារចូលឲ្យចុះ រួចហើយស្ទុះឡើងឲ្យខ្ពស់តាមតែអ្នកអាចធ្វើបាន។ សូមបញ្ជាក់ថា អាជីវកម្មហាងនំប្រេននេះគឺត្រូវការភាពច្បាស់លាស់ទាំងការគ្រប់គ្រងហាង រសជាតិនំ និងកេរិ៍ឈ្មោះ ប៉ុន្តែបើអ្នកចេះកម្រិតណា ចង់បានកម្រិតណាគឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នក ហើយលទ្ធផលគឺតាមហ្នឹងដូចគ្នា។

២. ទទួលផ្គត់ផ្គង់អាហារតាមកម្មវិធីផ្សេងៗ

សេវាកម្មនេះមិនពិបាកធ្វើជាអាចិន្ត្រៃទេ តែធ្វើម្តងៗគឺច្រើនតែម្តង។ ប្រសិនជាអ្នកចូលចិត្តខាងចម្អិនអាហារឲ្យគេញាំទៅហើយ អ្នកអាចពិចារណាបើកសេវាកម្មផ្គត់ផ្គង់អាហារតាមកម្មវិធីផ្សេងៗដូចជា ពិធីសម្ពោធក្រុមហ៊ុន សម្ភោធហាង កម្មវិធីបុណ្យ កម្មវិធីមង្គលការ សិក្ខាសាលា និងកម្មវិធីជាច្រើនទៀត។

សេវាកម្មនេះចែកជាពីរថ្នាក់ គឺសេវាកម្មដែលផ្តោតលើអតិថិជនកម្រិតទាប និងសេវាកម្មផ្តោតលើអតិថិជនកម្រិតមធ្យម និងខ្ពស់។ អតិថិជនកម្រិតទាប សំដៅលើអតិថិជនដែលមិនហ៊ាន ឬមិនមានសមត្ថភាពចំណាយច្រើន ដូចជាកម្មវិធីតូចៗផ្សេងៗ។ ចំណែកអតិថិជនកម្រិតខ្ពស់ គឺសំដៅលើអតិថិជនជាអ្នកមានជីវភាពខ្ពស់ ពួកគេហ៊ានចំណាយច្រើនក្នុងកម្មវិធីរបស់ពួកគេ ប៉ុន្តែតើអ្នកត្រូវធ្វើយ៉ាងណាឲ្យគេទទួលស្គាល់អ្នកឲ្យសមនឹងកិត្តិយសរបស់គេ? នោះគឺអាស្រ័យលើការធ្វើទីផ្សារដែលក្តោបយកទាំងតម្រូវការ ការទទួលស្គាល់យីហោរពីក្រុមអ្នកមានកិត្តិយសក្នុងសង្គម និងយុទ្ធសាស្ត្រទំនាក់ទំនង។

អាហារដែលអ្នកអាចផ្តល់ក្នុងសេវានេះ អាចជាម្ហូប បង្អែម ភេសជ្ជៈ… ទាំងខ្មែរ និងបរទេស។ សេវាកម្មនេះត្រូវការកម្លាំងច្រើន ដូច្នេះបើអ្នកពិតជាចង់ធ្វើវា អ្នកត្រូវរកមើលថានរណាអាចជួយអ្នកបាន។

៣. បើកលក់អាហារប្រចាំត្រកូល ឬអាហារប្លែកទើបបង្កើតដោយអ្នក

បើនិយាយពីអាហារដែលបង្កើតថ្មីវាអាចនឹងកម្របន្តិច ប៉ុន្តែបើអាហារចាស់តែច្នៃឲ្យមានរូបរាងប្លែក និងរសជាតិមានតែមួយគ្មានពីរ ប្រហែលជាអាចមានច្រើន ហើយបើអ្នកមានអាហារប្រចាំត្រកូលតាំងពីដូនតាតជំនាន់មកនោះ វាកាន់តែប្រសើរ។ អាហារទាំងនោះអាចជាការ៉េម ម្ហូប អាហារសម្រន់ នំ បង្អែម ភេសជ្ជៈ…។ បើអ្នកគិតថាអាហារប្រចាំត្រគោល អាហារដែលច្នៃឡើងដោយអ្នក ឬអាហារដែលអ្នកទើបរកឃើញ ឬអាហារប្រភេទណាមួយដែលមានរសជាតិឆ្ងាញ់លើសគេ ហេតុអ្វីបានជាអ្នកមិនយកវាទៅឲ្យមនុស្សគ្រប់គ្នាភ្លក់? ប៉ុន្តែមិនមែនភ្លក់ឥតគិតថ្លៃទេណា…!

៤. អាជីវកម្មលើអ៉ីនធើណិតនៃវិស័យអាហារ

ការងារនេះ អ្នកអាចធ្វើនៅផ្ទះ ឬត្រូវចេញទៅស្វែងរកអាហារប្លែកៗនៅខាងក្រៅម្តងម្កាល។ វាគឺជាគេហទំព័រមួយដែលផ្តល់ជាអត្ថបទអំពីការចម្អិនអាហារ ការណែនាំមុខម្អូប វីឌីអូរបៀបចម្អិនអាហារ និងមុខងារផ្សេងទៀតដែលអ្នកចង់ដាក់។ ចំណូលពីវា អ្នកអាចរកបានពីការភ្ជាប់ការផ្សាយពាណិជ្ជកម្មជាមួយ Google Adsense,YouTube, Facebook Instant ការដាក់ផ្ទាំងផ្សាយពាណិជ្ជនៅលើគេហទំព័រ និងបានពីការជួលឲ្យទៅថត និងណែនាំអាហារនៅតាមហាងផ្សេងៗ។ ប៉ុន្តែអ្នកត្រូវច្បាស់ថាអ្នកអាចធ្វើឲ្យវាល្បីសិន ទើបអាចរកចំណូលពីវាបានច្រើន។

៥. បើកហាងលក់គ្រឿងធ្វើម្អូប

នៅភ្នំពេញ តាមផ្សារទំនើបមានផ្សារលក់គ្រឿងទេស និងអាហារ ប៉ុន្តែហាងដែលផ្តោតលើអ្នកចូលចិត្តចម្អិនអាហារ និងតម្រូវចិត្តមេផ្ទះគឺមិនទាន់មានទេ។ នៅពេលមេចង្ក្រានទៅទិញម្អូប ភាគច្រើនពួកគាត់មិនដឹងថាគួរទិញអ្វីទៅធ្វើម្ហូបទេ។ ដូច្នេះអ្នកអាចបើកហាងមួយជួយពួកគាត់ឲ្យងាយស្រួល តាមរយៈការណែនាំមុខម្ហូបពិសេសៗ និងវិធីធ្វើនៅក្នុងហាងមួយដែលមានលក់ទាំងគ្រឿងផ្សំ សាច់ បន្លែ ផ្លែឈើ និងសម្ភារៈផ្ទះបាយ នៅជាមួយគ្នាតែម្តង។

បិទរូបមុខម្អូបអាហារថ្មីៗ ប្លែកៗនៅក្នុងបរិវេនហាង ឬតាមទូតាំង ណែនាំមុខម្អូបសម្រាប់ឲ្យមេផ្ទះទាំងឡាយសាកល្បងចម្អិនឲ្យសមាជិកគ្រួសារជាទីស្រលាញ់របស់ពួកគាត់។

តើអ្នកគិតពីការធ្វើទីផ្សារមែនទេ? ខ្ញុំនឹងណែនាំវិធីមួយ! អញ្ចើញ ឬឲ្យអតិថិជនដាក់ពាក្យចូលរួមលេងកំសាន្តក្នុងកម្មវិធីចម្អិនអាហារ (ឧទាហរណ៍ថាអ្នកដាក់ឈ្មោះវាថា “សុភមង្គលគ្រួសារខ្ញុំ” ក្នុងគោលបំណងផ្តល់ក្តីស្រលាញ់ និងលើកទឹកចិត្តដល់ស្ត្រីមេផ្ទះទាំងឡាយដែលខិតខំចម្អិតម្ហូបដល់គ្រួសារ) ប្រសិនបើពួកគាត់អាចមកជាមួយគ្រួសាររបស់គាត់បាន។ រៀបចំទីធ្លារមួយក្នុងហាង អ្នកអាចធ្វើកម្មវិធីនេះមួយខែម្តង ឬប៉ុន្មានសប្តាហ៍ម្តងក្នុងថ្ងៃសៅរ៍-អាទិត្យ។ កម្មវិធីនោះនឹងទាក់ទាញយកអតិថិជនគោលដៅរបស់អ្នក ព្រោះទិដ្ឋភាពក្នុងកម្មវិធីនោះមានទាំងកំប្លែង និងមនោសញ្ចេតនាប្តីប្រពន្ធ ដែលធ្វើឲ្យស្ត្រីមេផ្ទះគ្រប់រូបរំភើបតាម មិនតែប៉ុណ្នោះ វាក៏ធ្វើឲ្យអតិថិជនដែលចូលរួមកម្មវិធីរបស់អ្នកកាន់តែមានអារម្មណ៍រីករាយក្នុងគ្រួសាររបស់គាត់នៅក្នុងថ្ងៃសម្រាកពីការងារ និងធ្វើឲ្យពួកគាត់ស្រលាញ់ហាងរបស់អ្នកទ្វេរដង។ ចំណែកការចំណាយក្នុងកម្មវិធី អ្នកមានសិទ្ធចំណាយទាំងស្រុង ឬឆ្លៀតដាក់ផ្សាយពាណិជ្ជកម្មនៃម៉ាកផលិតផលធំៗដែលដាក់លក់ក្នុងហាងរបស់អ្នក ដូច្នេះពួកគេនឹងចូលរួមចេញថ្លៃចំណាយ ឬពួកគេអាចចាយលុយឧបត្ថម្ភទាំងស្រុងឲ្យអ្នកទៀតផង។

នៅក្នុងកម្មវិធីនាចុងសប្តាហ៍នោះ នឹងមានអតិថិជនដែលមកទិញក្នុងហាងរបស់អ្នកចូលរួមទស្សនា ហើយអ្នកអាចថតជាវីឌីអូដើម្បីយកមកផ្សាយលើបណ្តាញសង្គមផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។