ស្វែងយល់ពីការដាក់ឈ្មោះអាជីវកម្មឲ្យត្រឹមត្រូវតាមច្បាប់របស់ប្រទេសកម្ពុជា

5235

គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រើនាមករណ៍ជាភាសាខ្មែរ។ នាមករណ៍ជាភាសាខ្មែរត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំធំជាងភាសាដទៃទៀតប្រសិនបើមាន។ ការបកប្រែន័យរបស់នាមករណ៍ក្រុមហ៊ុនពីភាសាមួយទៅ ភាសាមួយទៀតត្រូវបានហាមឃាត់។ នាមករណ៍ជាភាសាខ្មែរ និងភាសាដទៃទៀតត្រូវមានសូរសព្ទដូចគ្នា។ ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធន ត្រូវចារឹកជាភាសាខ្មែរ នៅផ្នែកខាងលើនៃត្រាសញ្ញាក្បាលលិខិត បែបបទឯកសារ ឬ ឯកសារដែលប្រើប្រាស់ជាសាធារណ: និងនៅផ្នែកលើនៃសញ្ញាផ្សព្វផ្សាពាណិជ្ជកម្មជាសាធារណ: ដែលតាំងនៅលើដែនដី ដែនទឹក និងដែនអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនអាចប្រើប្រាស់ និងអាចកំណត់ឈ្មោះ ជាភាសាដទៃទៀតនៅក្រៅព្រះរាជាណាចក្រកម្ពុជាបាន។

  • នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវដាក់បញ្ចូលនូវនាមរបស់សហកម្មសិទិ្ធទូទៅ ម្នាក់ ឬ ច្រើននាក់ហើយនៅខាងក្រោយ ឬ ខាងក្រោមនាមករណ៍នោះត្រូវបន្ថែមពាក្យថា “ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ”។ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវប្រើប្រាស់នាមករណ៍របស់ខ្លួននៅក្នុងពេលធ្វើពាណិជ្ជកិច្ច។
  • នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ត្រូវបញ្ចូលឈ្មោះរបស់សហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់។ នៅខាងក្រោម ឬ ក្រោមនាមករណ៍នោះ ត្រូវដាក់ពាក្យថា “ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត”។ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតត្រូវប្រើឈ្មោះនោះក្នុងខណ:ដែលខ្លួនធ្វើអាជីវកម្ម។
  • នាមករណ៍របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់នូវពាក្យ “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬ សរសេរអក្សរកាត់ដាក់ខាងចុង ឬខាងក្រោម។
  • នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់នូវពាក្យថា “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ឬសរសេរអក្សរកាត់ដាក់ខាងចុង ឬ ខាងក្រោម។

មន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជកម្ម ត្រូវពិនិត្យនូវនាមករណ៍ ដែលបានស្នើសុំដោយក្រុមហ៊ុននោះ ហើយអាចបដិសេធនូវនាមករណ៍ណា ដែលប្រហាក់ប្រហែលគ្នាធ្វើឲ្យមានការភាន់ច្រឡំទៅនឹងនាមករណ៍របស់ក្រុមហ៊ុនផ្សេងទៀត ដែលបានចុះបញ្ជីពាណិជ្ជកម្មមុនរួចហើយ ឬ នាមករណ៍មួយដែលផ្ទុយទៅ នឹងសណ្តាប់ធ្នាប់សាធារណ:ដែលមានឈ្មោះអាស្រូវ ឬ ដែលមិនសមរម្យ។ សេចក្តីសម្រេចរបស់មន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មដែលពាក់ព័ន្ធ ទៅនឹងនាមករណ៍របស់ក្រុមហ៊ុនគឺជាសេចក្តីសម្រេចចុងក្រោយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។