អាមេរិក(TechCrunch)៖ ក្រុមហ៊ុន Amazon ទើបតែប្រកាសថាខ្លួននឹងដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនដល់កម្មករអាមេរិកទាំងអស់រហូតដល់ 15 ដុល្លារក្នុងមួយម៉ោង ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា។

គោលនយោបាយនេះ នឹងអនុវត្តន៍លើបុគ្គលិកនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Amazon ជាច្រើន រួមទាំង Whole Foods និងបុគ្គលិកដែលធ្វើការបណ្តោះអាសន្នក្នុងរដូវកាលលក់ដាច់ផងដែរ។ ក្រុមហ៊ុន Amazon និយាយថា គោលការណ៍នេះនឹងអនុវត្តន៍លើបុគ្គលិកពេញសិទ្ធសរុបចំនួន 250,000 នាក់ រួមទាំងបុគ្គលិកតាមរដូចកាលចំនួន 100,000 នាក់។

រឿងនេះកើតឡើងខណៈក្រុមហ៊ុន Amazon កំពុងប្រឈមនឹងការពិនិត្យពិច័យកាន់តែខ្លាំងឡើងអំពី ថាតើបុគ្គលិករបស់ខ្លួនត្រូវបានគេយកចិត្តទុកដាក់ និងបើកប្រាក់ឈ្នួលបានត្រឹមត្រូវដែរឬទេ។ សមាជិកព្រឹទ្ធសភាលោក Bernie Sanders ថ្មីៗនេះបានណែនាំច្បាប់ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា “សុខុមាលភាពសាជីវកម្ម” ហើយវាច្បាស់ណាស់ថាគាត់ចង់សំដៅលើអ្នកណា ព្រោះច្បាប់នេះមានចំណងជើងថា “បញ្ឈប់ថៅកែអាក្រក់ ដោយលុបបំបាត់ការជួយឧបត្ថម្ភ” ហើយលោកបានបើកវង់ក្រចក (BEZOS) ជាឈ្មោះរបស់លោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon។ 

ទន្ទឹមនឹងនេះដែរក្រុមកម្មករនៅផ្សារទំនិញ Whole Foods បានជម្រុញឲ្យមានសហជីព ហើយនិងឲ្យមានប្រាក់ឈ្នួលអប្បបរមា 15 ដុល្លារ។

លោក Jeff Bezos នាយកប្រតិបត្តិ Amazon បាននិយាយនៅក្នុងសេចក្តីប្រកាសថា “យើងបានស្តាប់អ្នករិះគន់របស់យើង ហើយយើងគិតយ៉ាងខ្លាំងពីអ្វីដែលយើងចង់ធ្វើ ហើយយើងបានសម្រេចចិត្តថាយើងចង់ធ្វើវា។ យើងរំភើបនឹងការផ្លាស់ប្តូរនេះ ហើយលើកទឹកចិត្តដល់គូប្រកួតប្រជែងរបស់យើង និងនិយោជកធំៗដទៃទៀត ឱ្យចូលរួមជាមួយយើង”។

ចាំមើលថា តើក្រុមអ្នករិះគន់ក្រុមហ៊ុន Amazon មានការពេញចិត្តជាមួយនឹងការផ្លាស់ប្តូរទាំងនេះដែរឬទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។