ទម្លាប់ធ្វើការទាំង ៣ យ៉ាងដែលធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន PepsiCo លោកស្រី Indra Nooyi ទទួលជោគជ័យមកទល់សព្វថ្ងៃ

3332

ក្រោយពេលធ្វើជានាយកប្រតិបត្តិអស់រយ:ពេល​ ២៤​ ឆ្នាំមកពេលនេះ លោកស្រី Indra Nooyi ទើបតែបានចូលនិវត្តន៍កាលពីម្សិលមិញ ហើយលោក Ramón Laguarta នឹងទទួលដំណែងបន្តពីលោកស្រី។ លោកស្រី Indra Nooyi កើតក្នុងប្រទេសឥញ្ឌាក្នុងឆ្នាំ ១៩៥៥ ហើយមកទល់នឹងពេលនេះលោកស្រីមានអាយុ ៦២ ឆ្នាំហើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី ក្រុមហ៊ុន PepsiCo បានចូលទីផ្សារហ៊ុនអន្តរជាតិរបស់អាមេវិច ដែលផ្សារហ៊ុននោះមានឈ្មោះថា The Standard and Poor’s 500 ឬហៅកាត់ថា S&P 500។ ក្នុងអំឡុងពេល 12 ឆ្នាំនៃការកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន លោកស្រី Nooyi បានផ្លាស់ប្តូរក្រុមហ៊ុន PepsiCo ទៅជាក្រុមហ៊ុនអាហារ និងភេសជ្ជៈដ៏ល្បីល្បាញបំផុតមួយនៅទូទាំងពិភពលោក។ ជាមួយនឹងចក្ខុវិស័យដ៏មុតស្រួចទៅលើការវេចខ្ចប់នូវផលិតផលដែលមានអនាម័យខ្ពស់ និងរួមជាមួយជម្រើសភេសជ្ជៈដ៏ច្រើនបានធ្វើឲ្យចំនួនលក់របស់ក្រុមហ៊ុនក្រុងរយ:ពេល ១២ ឆ្នាំកើនដល់ទៅ ៨០%។ បើទោះបីជាលោកស្រីបានចូលនិវត្តន៍ក៏ដោយ ក៏លោកស្រីនៅតែបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់ដើមឆ្នាំ ២០១៩ ដែរ។ ហើយខាងក្រោមនេះជាទម្លាប់ធ្វើការដែលជួយឲ្យលោកស្រីទទួលជោកជ័យមកទល់សព្វថ្ងៃ៖

១.   ស្រមៃថាអ្នកគឺជាប្រធានាធិបតី

នៅវ័យកុមារភាពលោកស្រី និងប្អូនរបស់លោកស្រីតែងតែលេងនូវល្បែងមួយនៅមុនពេលទទួលទានអាហារពេលល្ងាចជាមួយអ្នកម្តាយលោកស្រី។ ដោយក្នុងការលេងល្បែងនោះ គឺម្តាយលោកស្រីតម្រូវឲ្យលោកស្រី និងប្អូនរបស់លោកស្រី ធ្វើការស្រមៃថាអ្នកទាំងពីរ គឺជាប្រធានាធិបតី ឬក៏ថ្នាក់ដឹកនាំកំពូលរបស់ពិភលោក។ ហើយក្រោយពេលទទួលទានអាហារពេលល្ងាចរួចគឺអ្នកទាំងពីរនឹងធ្វើសុន្ទរកថាអំពីក្តីស្រមៃនោះ ហើយម្តាយរបស់លោកស្រីនឹងធ្វើការសម្រេចថាសុន្ទរកថាមួយណាជាអ្នកឈ្នះក្នុងការប្រគួតប្រជែងនោះ។ បើទោះបីជាការលេងល្បែងនេះហាក់បីដូចជាមានលក្ខណ:បែបប្រពៃណីច្រើនបន្តិចមែន តែវាបានជំរុញឲ្យលោកស្រី និងប្អូនលោកស្រីដើរទៅតាមអ្វីដែលពួកគាត់ចង់បាន។ លោកស្រីបានបន្ថែមទៀតថា ម្តាយរបស់ខ្ញុំពិតជាផ្តល់នូវទំនុកចិត្តឲ្យកូនៗធ្វើការសម្រេចចិត្តដោយខ្លួនឯជាជាងតាមយោបល់របស់អ្នកដទៃ។ ការលេងនូវល្បែងនោះបានធ្វើឲ្យលោកស្រីមានទំនុកចិត្តចំពោះខ្លួនឯងជាខ្លាំង ហើយក្រោយមកលោកស្រីបានចូលរៀនក្នុងសាលាពាណិជ្ជកម្ម ដោយមិត្តរួមថ្នាក់ប្រុសៗរបស់លោកស្រីហាក់បីដូចជាមានសមត្ថភាពលើសលោកស្រីទ្វេដង ហើយមានអ្នកខ្លះសឹងមិនចង់សូម្បីមើលមុខរបស់លោកស្រីផង។ ក្នុងការពង្រឹងនូវជំនាញ និងសមត្ថភាពរបស់លោកស្រី លោកស្រីតែងតែប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើវាល្អជាងអ្នកផ្សេងធ្វើទៅទៀត”។ លោកស្រីបានបន្ថែមថា “ប្រសិនបើអ្វីគ្រប់យ៉ាងបរាជ័យ វានឹងចូលមកប្រាប់ខ្ញុំថា ខ្ញុំត្រូវតែដោះស្រាយវា ពីព្រោះតែខ្ញុំដឹងថាខ្ញុំអាចធ្វើវាបាន”។

២.​   អភិវឌ្ឍជំនាញពិសេសមួយ

លោកស្រីបានប្រាប់ទៅនាយកប្រតិបត្តិផ្នែករៀបរាងរបស់គេហទំព័រ Linkedin លោក Daniel Roth ថាស្វែងរកទេពកោសល្យ ឬ ជំនាញជាក់លាក់ណាមួយដែលអាចធ្វើឲ្យអ្នកកាន់តែខ្លាំង។ ហើយនៅពេលដែលបញ្ហាស្មុគស្មាញកើតឡើងមនុស្សគ្រប់គ្នានឹងនឹកឃើញអ្នកមុនគេបង្អស់សម្រាប់ធ្វើការដោះស្រាយនូវបញ្ហានោះ។ លោកស្រីប្រើប្រាស់សមត្ថភាពក្នុងការស្រាវជ្រាវរបស់លោកស្រីធ្វើឲ្យរឿងដែលស្មុកស្មាញក្លាយទៅជារឿងងាយស្រួលវិញ។ លោកស្រីមានប្រសាសន៍ថា”គ្រប់ការងារដែលលោកស្រីបានធ្វើ ដែលមានភាពស្មុកស្មាញលោកស្រីនឹងធ្វើវាឲ្យងាយស្រួលក្នុងការដោះស្រាយនូវបញ្ហាទាំងនោះ” ។ ក្នុងនាមជានាយកប្រតិបត្តិ លោកស្រីក៏ធ្លាប់ជួបនូវការសម្រេចចិត្តដ៏ពិបាកមួយ ដែលនៅពេលនោះគឺលោកស្រីត្រូវធ្វើការកែលម្អប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុន PepsiCo ទាំងអស់។ ដើម្បីធានានូវការកែប្រែនេះដំណើរទៅយ៉ាងរលូន លោកស្រីបានធ្វើការស្វែងយល់នូវបច្ចេកវិទ្យា និងអាននូវសៀវភៅដែលទាក់ទងទៅនឹងបច្ចេកវិទ្យាដល់ទៅ ១០ក្បាល ហើយខ្លះទៀតលោកស្រីបានទាក់ទងទៅអ្នកជំនាញផ្នែកបច្ចេកវិទ្យាដោយផ្ទាល់ដើម្បីធ្វើការសួរនូវអ្វីដែលលោកស្រីមិនយល់។ រឿងនេះមិនត្រឹមតែធ្វើឱ្យលោកស្រីមានការយល់ដឹងកាន់តែច្រើន និងជួយឱ្យលោកស្រីអាចកំណត់អត្តសញ្ញាណនឹងដំណោះស្រាយនូវបញ្ហាបានត្រឹមត្រូវនោះទេ វាក៏បានជួយអ្នកដែលមានការសង្ស័យដែលមានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរមានទំនុកចិត្តចំពោះការងារនេះផងដែរ។ នេះក៏បញ្ជាក់បានដែលថា ជំនាញ និងទេពកោសល្យ ដែលអ្នកមានអាចជួយអ្នកឲ្យដើរទៅមុខមុនមនុស្សដែលនៅក្បែរអ្នក។ ហើយនៅពេលដែលអ្នកមានសមត្ថភាពដែលអ្នកដ៏ទៃមិនមាននោះអ្នកនឹងក្លាយទៅជាមនុស្សដ៏មានតម្លៃ។

៣.   គិតអំពីគោលគំនិតរបស់អតិថិជនរបស់អ្នក

ក្នុងនាមជាអគ្គនាយិការក្រុមហ៊ុន លោកស្រី Nooyi បានគ្រប់គ្រងនូវបុគ្គលិកជាង ២៦ ០០០ នាក់នៅទូទាំងពិភពលោករាប់បញ្ចូលទាំងស្លាកយីហោរល្បីៗ និងនិក្ខិត្តសញ្ញាជាង 100 ។ ប៉ុន្តែនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងដែលលោកស្រីបានទៅទស្សន:កិច្ចនៅតាមហាងលក់ទំនិញជារៀងរាល់សប្តាហ៍ លោកស្រីបានសង្គេតឃើញថាផលិតផលរបស់ក្រុមហ៊ុន PepsiCo ហាក់បីដូចជាមិនពេញនិយមសោះ។ ដោយភ្លាមៗនោះលោកស្រីបានថតរូបផលិតផល និងទីតាំងដែលតាំងបង្ហាញ ហើយផ្ញើរទៅឲ្យ ក្រុមការងារផ្នែករចនា និងទីផ្សារ ដើម្បីធ្វើការកែសម្រួលឡើងវិញ។ ថ្នាក់ដឹកនាំត្រូវគិតនូវអ្វីដែលមនុស្សមិនដែលបានគិត និងធ្វើនូវការងារដែលអស្ចារ្យអាចជំរុញឲ្យអ្នករកឃើញនូវដំណោះស្រាយមួយដែលមនុស្សគ្រប់គ្នាត្រូវការ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។