ប្រទេសចិន ពិន័យតារាស្រី Fan Bingbing 70លានដុល្លារ ដោយសារគេចវេសមិនបង់ពន្ធជូនរដ្ឋ

3633

ចិន(Bloomberg)៖ ប្រទេសចិនបានបញ្ជាឱ្យតារាសម្តែងកំពូលមួយដួង និងក្រុមហ៊ុនដែលជាប់ទាក់ទងនឹងនាង បង់ប្រាក់ប្រហែល 884 លានយ័ន (129 លានដុល្លារ) ជាពន្ធ និងការពិន័យដោយកាត់បន្ថយការស៊ើបអង្កេតអំពីការគេចវេសពន្ធ រយៈពេលមួយខែដែលរំខានដល់ឧស្សាហកម្មកំសាន្តរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍កាលពីថ្ងៃពុធថា ហ្វាន ប៊ីងប៊ីងត្រូវបានផាកពិន័យដោយផ្ទាល់ប្រហែល 70 លានដុល្លារ និង 59 លានដុល្លារទៀតចំពោះក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយតារាស្រីម្នាក់នេះ។ នៅក្នុងការបង្ហោះជាលើកដំបូង ក្នុងខែនេះ នៅក្នុងគណនីបណ្ដាញសង្គម Weibo របស់នាង Fan អាយុ 37 ឆ្នាំបាននិយាយថា នាងមានការខ្មាសអៀនចំពោះបទឧក្រិដ្ឋរបស់នាង ហើយបានសុំទោសចំពោះអាជ្ញាធរពន្ធដារ និងសាធារណជន។

ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន លើការចាត់វិធានការលើតារាស្រីចិនដ៏កំពូលម្នាក់នេះ គឺជាការព្រមានដល់ឧស្សាហកម្មកម្សាន្តទាំងមូលដែលកំពុងរីកចម្រើន ហើយអ្នកវិភាគព្យាករណ៍ថាប្រទេសចិននឹងវ៉ាដាច់អាមេរិកក្នុងវិស័យភាពយន្តក្នុងពិភពលោក ក្នុងឆ្នាំខាងមុខនេះ។

សាព័ត៌មានស៊ីនហួបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដាច់ដោយឡែកមួយអំពីករណីនេះថា “មនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ មិនមាន “តារា” ឬ “អ្នកមានលុយ និងអ្នកមានអំណាច” គ្មាននរណាម្នាក់អាចមើលងាយច្បាប់ និងសង្ឃឹមថាមានសំណាងនោះទេ។

តារាសម្តែងស្រីវ័យ 37ឆ្នាំ Fan Bingbing ដែលមានអ្នកគាំទ្រច្រើនជាង 60លាននាក់នៅលើបណ្តាញ Twitter ក៏ដូចជា Weibo បានបាត់មុខពីសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីខែមិថុនាមកម្លេះ បន្ទាប់ពីប្រធានផ្នែកផ្សព្វផ្សាយម្នាក់បានបង្ហោះសារនៅលើបណ្តាញ Weibo និយាយពីកុងត្រាជាមួយតារាស្រី Fan Bingbing និងតារាផ្សេងទៀត ថាធ្លាប់បានគេចវេសមិនបង់ពន្ធជូនរដ្ឋ។

Fan Bingbing រកប្រាក់ចំណូលបាន 300 លានយ័នកាលពីឆ្នាំមុន ហើយវាធ្វើឲ្យនាងឈរនៅលើកំពូលតារាង Forbes China Celebrity List ដែលមានចំណាត់ថ្នាក់ជាតារារកចំណូលបានខ្ពស់បំផុត និងមានប្រជាប្រិយភាពខ្លាំង។ ក្រៅពីអាជីពតួសម្តែងខ្សែភាពយន្ត និងការងារនៅតាមទូរទស្សន៍ធំៗ នាងក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រូម៉ូតឲ្យក្រុមហ៊ុនប្រណិតម៉ាកល្បីៗជាច្រើនដូចជា Cartier, Chopard, Mercedes-Benz, L’Oreal និង Louis Vuitton ផងដែរ។

Fan Bingbing បានបង្ហាញខ្លួននៅលើបណ្តាញ Weibo ជាថ្មី និបានសុំទោស និងប្តេជ្ញាថានឹងបង់ពន្ធ និងការផាកពិន័យ។ អវត្តមានពីសាធារណៈរបស់ Bingbing កន្លងមកនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមនុស្សជាច្រើនដាក់ការសង្ស័យថានាងត្រូវបានឃុំខ្លួនដោយអាជ្ញាធរ ដោយសារតែនាងមិនបានធ្វើសេចក្តីប្រកាសណាមួយទាក់ទងនឹងស្ថានភាពរបស់នាងកន្លងទៅនោះ។

អ្នកចាត់ការរបស់ Fan Bingbing ត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាមានសកម្មភាពឧក្រិដ្ឋ ហើយអាជ្ញាធរពន្ធដារបាននិយាយថាគាត់បានរារាំងការស៊ើបអង្កេតរបស់ក្រុមប៉ូលីស។ ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា  ប្រសិនបើតារាស្រីម្នាក់នេះបង់ប្រាក់ពិន័យ និងបង់ពន្ធទាន់ពេលវេលានោះ នាងនឹងជៀសផុតពីការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។