លោក Jack Ma និយាយថាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិចនិងចិនអាចអូសបន្លាយដល់២០ឆ្នាំ

3057

កាលពីថ្ងៃអង្គារនេះលោក Jack Ma បាននិយាយថាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិចនិងចិនអាចនឹងធ្វើអោយខាតបង់ទាំងសងខាង និងប្រទេសតូចតាចជាច្រើនទៀត ហើយសង្គ្រាមនេះអាចបន្ដរហូតដល់២០ឆ្នាំឯណោះ។ តែទោះជាយ៉ាងណាក៏គាត់នៅតែរំពឹងថានឹងមានដំណោះស្រាយឆាប់ៗនេះ។ លោក Jack Ma យល់ថាឱនភាពពាណិជ្ជកម្មគឺជាបញ្ហាដែលបន្សល់ទុកមកតាំងពីសតវត្សទី២០ ចំណែកឯប្រធានាធិបតីអាមេរិចតែងតែវាយប្រហារប្រទេសចិនដែលលេងក្រឡាលើអាមេរិចក្នុងការដោះដូរពាណិជ្ជកម្ម និងធ្វើអោយអាមេរិចខាតបង់លុយជាច្រើន។ លោក Donald Trump បានយកពន្ធបន្ថែមរាប់រយពាន់លានដុល្លាលើទំនិញដែលនាំចូលពីប្រទេសចិន ហើយការដាក់គំនាបលើពន្ធនេះធ្វើអោយខាងរដ្ឋាភិបាលចិនឆ្លើយតបដោយការយកពន្ធបន្ថែមទៅលើទំនិញអាមេរិចដែលនាំចូលប្រទេសចិនដូចគ្នា។ 

នៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក Jack Ma បាននិយាយថា “ពេលការធ្វើពាណិជ្ជកម្មមានត្រូវបានបញ្ឈប់ សង្គ្រាមអាចកើតឡើង ដូចនេះមានតែការធ្វើពាណិជ្ជកម្មវិញទេទើបអាចបញ្ចប់សង្គ្រាមនោះបាន។ ការរកស៊ីជាមួយគ្នាគឺជាវិធីមួយដើម្បីបង្កើនទំនុកចិត្តរវាងភាគីសងទាំងខាង ហើយការធ្វើពាណិជ្ជកម្មមិនមែនជាអាវុធសម្រាប់វាយប្រហារគ្នាទេ។” គាត់ក៏បានលើកឡើងពីការយល់ឃើញថានៅឆ្នាំ២០៣០ ៨៥%នៃការធ្វើជំនួញទាំងអស់នឹងធ្វើឡើងនៅលើប្រព័ន្ធអនឡាញ។ 

បច្ចុប្បន្ននេះ Alibaba Group គឺជាក្រុមហ៊ុន e-commerce ធំជាងគេបំផុតក្នុងពិភពលោកហើយប្រភពចំណូលដ៏សំខាន់មួយនៃការរកស៊ីរបស់ Alibaba គឺនាំយកទំនិញជាច្រើនដូចជា គ្រឿងសង្ហារឹម កាបូបស្ត្រី និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ពីអ្នកបោះដុំចិនទៅអោយអ្នកលក់រាយនៅអាមេរិច រីឯការយកពន្ធនេះបានធ្វើអោយប៉ះពាល់ដល់ចំណូលរបស់ Alibaba។  ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។