របៀបចុះបញ្ចីក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនទទួលខុសត្រូវមានកំណត់

16448

ជំហាន 0 ៖ អ្វីដែលត្រូវត្រៀមទុកជាមុន និងឯកសារតម្រូវ

អ្វីដែលត្រូវត្រៀមទុកជាមុន

តើអ្នកត្រូវរៀបចំអ្វីខ្លះដើម្បីចុះឈ្មោះក្រុមហ៊ុន? សូមពិនិត្យមើលឯកសារខាងក្រោម និងប្រាកដថាអ្នកត្រៀមឯកសារទាំងអស់នោះមុនពេលអ្នកចុះឈ្មោះក្រុមហ៊ុន។

 • ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស
 • តម្លៃក្នុងមួយភាគហ៊ុន
 • ស្គែនឯកសារបញ្ជាក់ពីទីតាំង (វិក័យប័ត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី)
 • អ៊ីុមែល
 • ស្គែនលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីអ្នកដែលមានភាគហ៊ុន/នាយក
 • ច្បាប់ថតចម្លងឌីជីថលនៃព័ត៌មានលម្អិតរបស់បុគ្គលិក(សូមមើលគំរូនៅទីនេះ)
 • ច្បាប់ថតចម្លងឌីជីថល (ស្គែន) អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុនរបស់អ្នក
 • ច្បាប់ចម្លងឌីជីថលលិខិតបញ្ជាក់ដើម្បីធានាអះអាងថាអ្នកមិនបានជាប់បទឧក្រិដ្ឋណាមួយឡើយ(សូមមើលគំរូនៅទីនេះ)
 • គណនេយ្យធនាគារ៖  ប្រសិនបើអ្នកទូទាត់ថ្លៃសេវាចុះឈ្មោះតាមប្រព័ន្ធអនឡាញ អ្នកត្រូវបង្កើតគណនេយ្យនៅធនាគារ អេស៊ីលីដា។ បើមិនដូច្នេះទេ អ្នកអាចទូទាត់ដោយផ្ទាល់ តាមរយៈធនាគារផ្សេងៗ  ឬទៅក្រសួងពាណិជ្ជកម្ម។
 • ភស្តុតាងបញ្ជាក់ដើមទុនវិនិយោគ៖ ចំនួនដើមទុនគឺអាស្រ័យលើសកម្មភាពអាជីវកម្មរបស់អ្នក ប៉ុន្តែជាធម្មតាម្ចាស់អាជីវកម្មត្រូវមានប្រហែល $1,000 យ៉ាងជាក់ស្តែងដែលយើងបានរកឃើញថាយ៉ាងហោចណាស់អ្នកត្រូវមានប្រហែល $5,000 ឡើងទៅ។ អ្នកគួរតែបើកគណនេយ្យធនាគារសម្រាប់ក្រុមហ៊ុននៅធនាគារណាមួយដើម្បីតម្កល់ដើមទុនរបស់អ្នក។ ធនាគារនឹងចេញឯកសារបញ្ជាក់ដើម្បីជាភស្តុតាងបញ្ជាក់ថាអ្នកបានតម្កល់ប្រាក់សម្រាប់ប្រគល់ជូនក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មមានគោលបំណងចង់ដឹងថាម្ចាស់អាជីវកម្មមានដើមទុនគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្ម។
 • រូបថតទំហំរូបថតក្នុងលិខិតឆ្លងដែន
ជំហានទី1 ៖ ចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មីនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម

ក្នុងជំហានទី1នេះគឺ មុនពេលអ្នកចុះឈ្មោះក្រុមហ៊ុនរបស់អ្នក អ្នកត្រូវបង្កើតគណនេយ្យនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ជាមុនសិន

https៖//www.businessregistration.moc.gov.kh/

 • នៅខាងស្តាំ ចុចលើ “Register as new user”( “ចុះឈ្មោះជាអ្នកប្រើប្រាស់ថ្មី”)
 • ពេលចេញផ្ទាំងទំព័រថ្មី កុំចុចលើ “create an organization” (“បង្កើតស្ថាប័ន”) ពីព្រោះវាជាជំហានដែលត្រូវធ្វើនៅពេលក្រោយ
 • បំពេញទម្រង់បែបបទសម្រាប់គណនេយ្យរបស់អ្នក ព័ត៌មានអំពីអ្នកប្រើប្រាស់ និងព័ត៌មានទំនាក់ទំនង។ អ្នកអាចជ្រើសរើសភាសាជា ភាសាខ្មែរឬអង់គ្លេស អាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នក។
 • នៅពេលបំពេញរួច ចុចលើពាក្យ “create”( “បង្កើត”) នោះអ្នកនឹងឃើញផ្ទាំងថ្មីលេចចេញមក។ នេះមានន័យថា អ្នកបានបង្កើតគណនេយ្យបានជោគជ័យ។ បន្ទាប់ពីនោះ អ្នកអាចចូលទៅកាន់គណនេយ្យរបស់អ្នកពេលណាក៏បាននៅពេលក្រោយ។

ថ្លៃ៖ ឥតគិតថ្លៃ

ជំហានទី2៖ ការកក់ឈ្មោះក្រុមហ៊ុន

ក្នុងជំហានទី2នេះគឺ អ្នកត្រូវកក់ឈ្មោះក្រុមហ៊ុនរបស់អ្នក។ ការចុះបញ្ជីពាណិជ្ជកម្មនិងកក់ឈ្មោះក្រុមហ៊ុនគឺជានិតិវិធី2ផ្សេងគ្នា។ អ្នកនឹងត្រូវរង់ចាំទទួលការអនុញ្ញាតសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក។

នៅខាងឆ្វេងនៃទំព័រ ចុចលើពាក្យ “reserve a company name” (“កក់ឈ្មោះក្រុមហ៊ុន”។ អ្នកត្រូវសរសេរឈ្មោះក្រុមហ៊ុនរបស់អ្នកជាភាសាខ្មែរ និងអង់គ្លេស ហើយប្រាកដថាឈ្មោះនោះអាចប្រើប្រាស់បាន។ ចំពោះឯកសារជំនួយគឺមិនចាំបាច់ក្នុងជំហាននេះទេ។ ដូច្នេះ អ្នកអាចដាក់បញ្ជូននៅពេលដែលអ្នកមានឯកសារគ្រប់គ្រាន់។

នៅពេលអ្នកបានចុចបញ្ជូន ជំហានបន្ទាប់គឺអ្នកត្រូវបង់ថ្លៃសេវា។

ជំហានទី3៖ ទូទាត់ថ្លៃសេវាកម្មចុះឈ្មោះ

ថ្លៃសេវាកម្មលើការកក់ឈ្មោះក្រុមហ៊ុនគឺ 40 000 រៀល។ អ្នកអាចបង់តាមប្រព័ន្ធអនឡាញ ឬបង់ដោយផ្ទាល់ក៏បាន។ សម្រាប់ថ្លៃសេវាលើការចុះបញ្ជីពាណិជ្ជកម្ម និងការទូទាត់ថ្លៃសេវាកម្មផ្សេងៗទៀតតាមប្រព័ន្ធអនឡាយ អ្នកអាចទូទាត់តាមរយៈធនាគារ អេស៊ីុលីដា មួយតែប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រើគណនេយ្យធនាគារផ្សេង អ្នកត្រូវទៅទូទាត់ដោយផ្ទាល់។

នៅពេលអ្នកចុច “បញ្ជូន” អ្នកនឹងឃើញ “fee payment” (“ការទូទាត់ៃថ្លសេវាកម្ម”) នៅលើអេក្រង់។ អ្នកត្រូវជ្រើសរើសមួយក្នុងចំណោមពីរ ធនាគារ អេស៊ីលីដា ឬ ការផ្ទេរប្រាក់តាមអេឡិចត្រូនិច។

ប្រសិនបើអ្នកមានគណនេយ្យនៅធនាគារ អេស៊ីិុលីដា

ប្រសិនបើអ្នកចុចលើ ធនាគារ អេស៊ីុលីដា៖ អ្នកនឹងឃើញផ្ទាំង ធនាគារ អេស៊ីុលីដា ផុសចេញមក

 • ជ្រើសរើសវិធីក្នុងការទូទាត់ថ្លៃសេវាកម្មដែលអ្នកត្រូវបង់
 • បំពេញព័ត៌មានគណនេយ្យធនាគារ
 • ស្នើសុំលេខ OTP (អ្នកត្រូវវាយលេខ6ខ្ទង់ដែលអ្នកបានទទួលតាមរយៈទូរស័ព្ទរបស់អ្នក)
 • បន្ទាប់ពីដំណើរការចប់ ចុចលើ “back to merchant”
 • រក្សារទុក ឬ ព្រីនបង្កាន់ដៃដែលបានបង្ហាញលើអេក្រង់

ប្រសិនបើអ្នកមិនមានគណនេយ្យនៅធនាគារ អេស៊ីលីដា ប៉ុន្តែអ្នកមានគណនេយ្យនៅធនាគារផ្សេង

ប្រសិនបើអ្នកមានគណនេយ្យនៅធនាគារផ្សេង អ្នកត្រូវទូទាត់សេវាកម្មដោយផ្ទាល់

 • ចុចលើប៊ូតុង “Cancel” (បោះបង់)នៅខាងឆ្វេង
 • នៅពេលឃើញប្រអប់សារមួយចេញមកដែលសួរបញ្ជាក់ថាតើ អ្នកពិតជាចង់បោះបង់ ចូរអ្នកចុចលើលើប៊ូតុង” Yes”(ចាសឬបាទ)
 • បន្ទាប់មកប្រអប់សារមួយទៀតចេញមកដែលសុំឲ្យអ្នក បោះបង់ចោលឬបង់ពេលក្រោយ។ ដូច្នេះ អ្នកចុចលើប៊ូតុង “Pay later” (ទូទាត់ពេលក្រោយ)។

ថ្លៃសេវា៖ 10 USDឬ40 000 រៀល

ជំហាន 4៖ រង់ចាំការអនុម័តលើឈ្មោះក្រុមហ៊ុនរបស់អ្នក

បន្ទាប់ពីអ្នកបានទូទាត់ថ្លៃសេវាកម្មនិងទទួលបានវិក័យប័ត្ររួច ឈ្មោះក្រុមហ៊ុនរបស់អ្នកនឹងត្រូវបាន “រក្សាទុក”។ អ្នកត្រូវរង់ចាំរហូតដល់ឈ្មោះក្រុមហ៊ុនរបស់អ្នកត្រូវបានគេពិនិត្យនិងទទួលបានការអនុញ្ញាតពីមន្ត្រី។ នៅពេលឈ្មោះក្រុមហ៊ុនរបស់អ្នកត្រូវបានអនុញ្ញាត វានឹងមានសុពលភាពរយៈពេលបីខែសម្រាប់អ្នកមកធ្វើការចុះឈ្មោះ។ ប្រសិនបើអ្នកត្រូវការពេលវេលាយូរជាងនេះក្នុងការចុះឈ្មោះ អ្នកគ្រាន់តែបង់ថ្លៃសេវាកម្មលើការរក្សាទុកឈ្មោះសម្រាប់រយៈពេលបីខែទៅមុខទៀត។

អ្នកអាចឆែកមើលការស្ថានភាពនៃការចុះឈ្មោះក្រុមហ៊ុនរបស់អ្នកនៅទីតាំងខាងក្រោមនៃអេក្រង់នៅពេលណាក៏បាន។ នៅក្នុងជំហាននេះ អ្នកនឹងឃើញថា ឈ្មោះក្រុមហ៊ុនរបស់អ្នកកំពុងស្ថិតក្នុងការរង់ចាំការអនុញ្ញាត នៅក្នុងផ្នែក “my unfinished business” ។ បន្ទាប់ពីអ្នកទទួលបានការអនុញ្ញាត អ្នកនឹងទទួលបានអ៊ីុមែ៉លមួយ ហើយផ្ទាំងថ្មីមួយនឹងលេចចេញមកដែលប្រាប់ថា ឥឡូវនេះ អ្នកអាចចាប់ផ្តើមចុះឈ្មោះបានហើយ។

ជំហាន 5 ៖ ចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក

អ្នកមិនអាចចុះបញ្ជីពាណិជ្ជកម្មបានឡើយ លុះត្រាតែឈ្មោះក្រុមហ៊ុនរបស់អ្នកត្រូវបានអនុញ្ញាត។ ក្នុងជំហាននេះ អ្នកត្រូវបំពេញពត៌មានផ្ទាល់ខ្លួន និងក្រុមហ៊ុនរបស់អ្នកមួយចំនួន និងត្រូវផ្តល់ ឯកសារ មួយចំនួន។ នៅពេលការចុះបញ្ជីពាណិជ្ជកម្មរបស់អ្នកទទួលបានការអនុញ្ញាត អ្នកអាចបោះពុម្ពវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មបាន។ នេះមានន័យថា ក្រុមហ៊ុនរបស់អ្នកត្រូវបានចុះក្នុងបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

សូមចាំទុកថា នៅពេលអ្នកចាប់ដំណើរការចុះឈ្មោះក្រុមហ៊ុនរបស់អ្នក អ្នកមានរយៈពេល15ថ្ងៃក្នុងការបញ្ចប់ការបំពេញបែបបទ។ បើមិនដូច្នោះទេ អ្នកត្រូវចាប់ផ្តើមសារជាថ្មីឡើងវិញ។

ក្រសួងពាណិជ្ជកម្មមានវីដេអូដែលណែនាំអំពីនិតិវិធីដែលអាចជួយឲ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងយល់បន្ថែម។ អ្នកអាចមើលវីដេអូនោះដោយចុចលើ

https៖//www.youtube.com/watch?v=m072Odxu0_o

ប្រសិនបើអ្នកចង់ចុះឈ្មោះជាក្រុមហ៊ុនទទួលខុសត្រូវមានដែនកម្រិត(ឯកជនឬសាធារណៈ)ឬក្រុមហ៊ុនបរទេស ចុចលើ “Companies” (“ក្រុមហ៊ុន”)។ បន្ទាប់មក ចុចលើ“Incorporate a Private Limited Company(ក្រុមហ៊ុនឯកជនមានកម្រិត)/Incorporate a Public Limited Company(ក្រុមហ៊ុនសាធារណៈមានកម្រិត)” នៅខាងឆ្វេង។ បន្ទាប់មកទៀត អ្នកនឹងត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖

ជំហានទី1 អាជីវកម្មរបស់អ្នក

ព័ត៌មានលម្អិតទូទៅ

 • ចុចលើប្រអប់ “select a reserve name”(ជ្រើសរើសឈ្មោះសម្រាប់កក់)។ បន្ទាប់មក ចុចជ្រើសរើសឈ្មោះក្រុមហ៊ុន(ដែលអ្នកបានកក់រួចពីមុនមក)
 • បញ្ចូល អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន

សកម្មភាពអាជីវកម្ម

 • កំណត់កម្មវត្ថុនៃអាជីវកម្មរបស់អ្នក។ វាគឺជាសកម្មភាពអាជីវកម្មជាសកល។ កម្មវត្ថុអាជីវកម្មគឺត្រូវមានលេខកូដនិងមាននៅក្នុងប្រអប់ជ្រើសរើស។ អ្នកគ្រាន់តែជ្រើសរើសសកម្មភាពណាដែលសាកសមនឹងអាជីវកម្មរបស់អ្នកជាទីបំផុត។
 • កំណត់សកម្មភាពអាជីវកម្មសំខាន់ៗ។ អ្នកត្រូវរៀបរាប់ឲ្យបានក្បោះក្បាយជាង កម្មវត្ថុអាជីវកម្ម ហើយអ្នកត្រូវជ្រើសរើសសកម្មភាពដែលត្រូវនឹងអាជីវកម្មរបស់អ្នកជាទីបំផុតដែលបានបង្ហាញនៅក្នុងប្រអប់ដែលបានលេចចេញមក។

តម្លៃក្នុងមួយភាគហ៊ុន

 • អ្នកត្រូវសរសេរតម្លៃក្នុងមួយហ៊ុនជាដុល្លាអាមេរិកនិងរៀល។ (សូមមើលក្នុងអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន)

ចំនួនបុគ្គលិក

 • អ្នកត្រូវប្រាប់អំពីចំនួនបុគ្គលិកទាំងពីរភេទ
 • អ្នកត្រូវប្រាប់អំពីចំនួនបុគ្គលិកជនជាតិខ្មែរនិងបរទេស
 • “តំណែងរបស់បុគ្គលិក” ក៏ត្រូវបញ្ចូលផងដែរ។ សូមមើលឯកសារគម្រូនិងបំពេញព័ត៌មានអំពីបុគ្គលិករបស់អ្នក។
 • “ឯកសារយោង“ មួយចំនួនអាចបញ្ចូលបាន។

ជំហានទី 2៖អាស័យដ្ឋាន

បំពេញអាស័យដ្ឋានការិយាល័យរបស់អ្នក និងបញ្ចូលឯកសារភស្តុតាងនៃទីតាំងនោះនៅលើទំព័រតែមួយ។ ចុចក្នុងប្រអប់ ប្រសិនបើអាស័យដ្ឋានដាក់ក្នុងប៉ុស្តិ៍ប្រៃសណីយ៍ដូចអាស័យដ្ឋានការិយាល័យរបស់អ្នក។ អ្នកត្រូវបំពេញអ៊ីិិុមែ៉ល និងលេខទូរស័ព្ទរបស់អ្នកផងដែរ។

ជំហានទី3 នាយកក្រុមហ៊ុន

ប្រសិនបើអ្នកស្ថិតក្នុងចំណោមនាយកក្រុមហ៊ុន សូមចុចលើប៊ូតុង “add me as a director”។ បន្ទាប់មក ព័ត៌មានរបស់អ្នកនឹងត្រូវបានបំពេញដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកមិនស្ថិតក្នុងចំណោមនាយកក្រុមហ៊ុនទេ អ្នកត្រូវបំពេញព័ត៌មានក្នុងសំណួរនីមួយៗ។

ជ្រើសរើសឯកសារបញ្ជាក់អត្តសញ្ញាណដែលអ្នកចង់ប្រើប្រាស់ (លិខិតឆ្លងដែនឬអត្តសញ្ញាណប័ណ្ណ) និងបំពេញព័ត៌មានលម្អិត។ បន្ទាប់មក បញ្ចូលឯកសារបញ្ជាក់អត្តសញ្ញាណនោះដែលអ្នកបានស្គែនរួច។

ចុចក្នុងប្រអប់ ប្រសិនបើអ្នកជាប្រធានក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាលគឺជាអ្នកគ្រប់គ្របជាន់ខ្ពស់ជាងគេបំផុតនៅក្នុងក្រុមហ៊ុន។

ចុចក្នុងប្រអប់ “consent box” (យល់ព្រម) ដើម្បីធានាអះអាងថាអ្នកមិនបានជាប់បទឧក្រិដ្ឋណាមួយឡើយនិងគ្រប់ព័ត៌មានដែលអ្នកបានផ្តល់គឺត្រឹមត្រូវនិងពិតប្រាកដ។

បញ្ចូលលិខិតអនុញ្ញាតពីនាយក៖ លិខិតនេះបង្ហាញថា អ្នកមិនមានប្រវត្តិជាឧក្រិដ្ឋជន ដែលត្រូវចុះហត្ថលេខាដោយនាយកក្រុមហ៊ុនរបស់អ្នក។(សូមមើលទៅលើឯកសារគំរូនៅទីនេះ)

បន្ទាប់មក អ្នកអាចបន្ថែមព័ត៌មានលម្អិតសម្រាប់នាយកផ្សេងទៀត ប្រសិនបើមាន។

ជំហានទី4៖ ភាគហ៊ុននិងម្ចាស់ហ៊ុន

“ច្រើនជាង1ថ្នាក់នៃភាគហ៊ុន” ចាស/បាទឬទេ។ ក្រុមហ៊ុនភាគច្រើនគឺជ្រើសរើសទេ។ ប្រសិនបើអ្នកមិនច្បាស់ សូមចុចលើពាក្យ“ទេ។

ជ្រើសរើសក្នុងប្រអប់ ប្រសិនបើម្ចាស់ភាគហ៊ុនមិនមែនតែបុគ្គលម្នាក់។

ប្រសិនបើនាយកក្រុមហ៊ុនម្នាក់ក្នុងចំណោមនាយកក្រុមហ៊ុនដែលអ្នកបានបំពេញខាងលើ សូមចុចលើប្រអប់ដែលមានពាក្យ“select from the list of directors” ។ បន្ទាប់មក ជ្រើសរើសនាយកក្រុមហ៊ុនម្នាក់នោះ។ រាល់ព័ត៌មានដែលអ្នកបានបំពេញនឹងត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិ។ អ្នកអាចបន្ថែមខ្លួនអ្នកជាម្ចាស់ភាគហ៊ុន ដោយគ្រាន់តែចុចប៊ូតុង”បន្ថែម”។

ប្រសិនបើម្ចាស់ភាគហ៊ុនមិនមែនជានាយកឬអ្នកនោះ សូមធ្វើការបំពេញព័ត៌មានរបស់ពួកគេ។ អ្នកអាចបន្ថែមមនុស្សផ្សេងទៀតជាម្ចាស់ភាគហ៊ុនដោយគ្រាន់តែចុចលើប៊ូតុងនៅខាងចុង។ គ្រប់ពេលដែលអ្នកបន្ថែមម្ចាស់ភាគហ៊ុន អ្នកនឹងត្រូវឆ្លើយសំនួរអំពីចំនួនភាគហ៊ុនដែលពួកគេកាន់កាប់ ហើយនឹងត្រូវបញ្ចូលឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ។

បន្ទាប់ពីអ្នកបានបន្ថែមម្ចាស់ភាគហ៊ុនរួចរាល់អស់ អ្នកត្រូវជ្រើសរើសសញ្ជាតិនិងចំនួនភាគរយនៃការចូលរួមហ៊ុនរបស់ម្ចាស់ភាគហ៊ុនច្រើន។

ជំហាន 5 ពិនិត្យព័ត៌មានឡើងវិញ

បន្ទាប់ពីអ្នកបានបំពេញព័ត៌មានរួចរាល់អស់ អ្នកគួរតែពិនិត្យមើលឡើងវិញដើម្បីប្រាកដថាព័ត៌មានទាំងអស់នោះត្រឹមត្រូវពិតប្រាកដ និងរាល់ឯកសារតម្រូវទាំងអស់ត្រូវបានបញ្ចូលរួចរាល់និងត្រឹមត្រូវ។ ចុចលើប៊ូតុងនៅខាងលើ ប្រសិនបើអ្នកចង់កែប្រែ។

កុំទាន់បញ្ជូនពាក្យបំពេញបែបបទរបស់អ្នក។ សូមមើលក្នុងជំហានទី6អំពីការទូទាត់ថ្លៃសេវាកម្មសិន។

ប្រសិនបើអ្នកមានបញ្ហាក្នុងការចុះឈ្មោះក្រុមហ៊ុនរបស់អ្នកតាមប្រព័ន្ធអនឡាញ អ្នកអាចស្វែងរកឯកសារទម្រង់បែបបទចុះឈ្មោះជាក្រដាសនៅលើគេហទំព័ររបស់ ក្រសួងពាណិជ្ជកម្ម ។

https៖//www.businessregistration.moc.gov.kh/ទម្រង់ពាក្យបំពេញបែបបទ-for-registration/

ថ្លៃ៖ ចុះឈ្មោះជាក្រុមហ៊ុនឯកជនឬសាធារណៈមានកម្រិត៖ 1,680,000 រៀល ឬ USD 420

ជំហានទី6៖ ការទូទាត់ថ្លៃសេវាលើការចុះបញ្ជីពាណិជ្ជកម្ម

ប្រសិនបើអ្នកមានគណនេយ្យនៅធនាគារអេស៊ីុលីដា

ចុចលើពាក្យ“submit”(បញ្ជូន) ដើម្បីបញ្ជាក់ថា នេះជាទម្រង់ពាក្យបំពេញបែបបទរបស់អ្នក។ បន្ទាប់មក អ្នកអាចចូលទៅកាន់ទំព័រធនាគារ អេស៊ីុលីដា។

 • ជ្រើសរើសវិធីក្នុងការទូទាត់ថ្លៃសេវាកម្មដែលត្រូវបង់
 • បំពេញព័ត៌មានគណនេយ្យធនាគារ
 • ស្នើសុំលេខ OTP (អ្នកត្រូវវាយលេខ6ខ្ទង់ដែលអ្នកបានទទួលតាមរយៈទូរស័ព្ទរបស់អ្នក)
 • បន្ទាប់ពីដំណើរការចប់ ចុចលើ “back to merchant”
 • រក្សារទុកឬបោះពុម្ពបង្កាន់ដៃដែលបានបង្ហាញលើអេក្រង់

ប្រសិនបើអ្នកមិនមានគណនេយ្យនៅធនាគារ អេស៊ីុលីដា ប៉ុន្តែអ្នកមានគណនេយ្យនៅធនាគារផ្សេង

នៅពេលអ្នកច្បាស់ថា រាល់ព័ត៌មានត្រឹមត្រូវហើយ កុំទាន់ចុចបញ្ជូនទម្រង់ពាក្យបំពេញបែបបទ ប៉ុន្តែចុចលើពាក្យ Save and exit (រក្សាទុកនិងចាកចេញ)។ ចាប់ពីខណៈពេលនេះ អ្នកមានរយៈពេល 15ថ្ងៃ ក្នុងការធ្វើការទូទាត់ថ្លៃសេវាកម្មនៅក្រសួងពាណិជ្ជកម្មដោភ្ជាប់ជាមួយវិក័យប័ត្រ ពីព្រោះប្រព័ន្ធរបស់ក្រសួងរក្សាទុកទិន្នន័យបានត្រឹមរយៈពេល 2សប្តាហ៍តែប៉ុណ្ណោះ។ ប្រសិនបើអ្នកខកខានមិនបានទូទាត់ក្នុងកំឡុងពេលនោះ អ្នកនឹងត្រូវចុះឈ្មោះតាំងពីជំហានដំបូងសារឡើងវិញ។ អ្នកត្រូវយកវិក័យប័ត្រដែលចេញដោយធនាគារនៅពេលទៅទូទាត់ថ្លៃសេវាកម្មនៅ នាយកដ្ឋាន គណនេយ្យនិងហិរញ្ញវត្ថុ(នៅក្នុងអាគារទី2 ជាន់ផ្ទាល់ដី) ក្នុង ក្រសួងពាណិជ្ជកម្ម។ អ្នកត្រូវទទួលបានការអនុម័តពីមន្ត្រីហិរញ្ញវត្ថុមុនពេលអ្នកបញ្ជូន ទម្រង់ពាក្យបំពេញបែបបទចុះឈ្មោះរបស់អ្នកតាមប្រព័ន្ធអនឡាញ។

ចាប់ផ្តើមដំណើរការទូទាត់ថ្លៃសេវាកម្មដោយទៅកាន់ធនាគារមួយក្នុងចំណោមធនាគារខាងក្រោមដែលជាធនាគារដៃគូសហការជាមួយក្រសួងពាណិជ្ជកម្ម៖

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃ កម្ពុជា(FOREIGN TRADE BANK (FTB))

KHR៖ 010-01-290-000094-0
USD៖ 010-30-063-000937-8
ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK)
KHR៖ 001-000-333-88-22
USD៖001-000-333-55-88

ធនាគារ អេស៊ីុលីដា ភីអិលស៊ីិុ(ACLEDA BANK)
KHR៖ 0001-02-076702-27
USD៖ 0001-02-076702-18

ជំហាន 7៖ រង់ចាំការអនុម័តនៃចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក

នៅពេលអ្នកបំពេញ និងបញ្ជូនទម្រង់ពាក្យបំពេញបែបបទចុះឈ្មោះរួចរាល់ អ្នកត្រូវរងចាំសេចក្តីអនុម័តពីក្រសួងពាណិជ្ជកម្ម។ អ្នកនឹងទទួលបានអ៊ីុមែលស្វ័យប្រវត្តិមួយ នៅពេលចុចបញ្ជូនទម្រង់ពាក្យបំពេញបែបបទរបស់អ្នក។ អ្នកនឹងទទួលអ៊ីុមែល នៅពេល៖

 • អ្នកបានបំពេញទម្រង់ពាក្យបែបបទចុះឈ្មោះបានជោគជ័យ
 • ទម្រង់ពាក្យបំពេញបែបបទរបស់អ្នកត្រូវបានត្រួតពិនិត្យពីប្រព័ន្ធខាងក្នុង
 • ទម្រង់ពាក្យបំពេញបែបបទរបស់អ្នកទទួលបានការអនុម័ត
 • អ្នកត្រូវបញ្ជូនទម្រង់ពាក្យបំពេញបែបបទម្តងទៀតបើសិនជាអ្នកត្រួតពិនិត្យឃើញថាមានបញ្ហាខុសឆ្គងត្រង់ណា។ អ្នកត្រូវកែកំហុសនោះដោយអ្នកត្រូវបញ្ជាក់ហេតុផលដែលខុស ដោយមានចង្អុលបង្ហាញក្នុង “return reason” (មូលហេតុដែលមិនត្រឹមត្រូវ)។ បន្ទាប់មក អ្នកត្រូវបំពេញនិងបញ្ជូនទម្រង់បំពេញបែបបទចុះឈ្មោះឲ្យបានរួចរាល់ក្នុងរយៈពេល15ថ្ងៃ។
 • ទម្រង់ពាក្យបំពេញបែបបទរបស់អ្នកត្រូវបានគេបដិសេធ។ ដូច្នេះ អ្នកមិនអាចចុះឈ្មោះពាណិជ្ជកម្មរបស់អ្នកបានឡើយ។

 

ជំហានទី8៖ បោះពុម្ពវិញ្ញានបនប័ត្ររបស់អ្នក

ចាត់ទុកថាការចុះឈ្មោះរបស់អ្នកបានជោគជ័យ។ ដូច្នេះ ឥឡូវនេះអ្នកត្រូវបោះពុម្ពវិញ្ញានបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់ អ្នក។ វិញ្ញានបនប័ត្រនេះមាន ត្រា QRកូដ និងហត្ថលេខា។ អ្នកអាចទទួលបានច្បាប់ចម្លងបាន ដោយស្នើសុំពី នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៅ ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឧបសម្ព័ន្ធ“my items”នៅលើផ្ទាំងទំព័ររបស់អ្នក សូមចុចលើ ឈ្មោះក្រុមហ៊ុនរបស់អ្នក។ បន្ទាប់មក ចុចលើ “request extract or certificate”(ស្នើសុំទាញយក ឬវិញ្ញានបនប័ត្រ) ដែលស្ថិតនៅខាងឆ្វេងនៃផ្នែកខាងលើនៃទំព័រ។

ចុចលើពាក្យ“certificate”(វិញ្ញានបនប័ត្រ) ជំនួសការស្នើសុំទាញយក។ បន្ទាប់មក បើកមើលក្នុងឯកសារ PDF ក្នុង“ view as a PDF”ហើយចុច“Submit” ដើម្បីបញ្ជូន។

អ្នកត្រូវវិញ្ញានបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់អ្នក នឹងចេញក្នុងទំព័រមួយផ្សេងទៀត ដូច្នេះ អ្នកអាចបោះពុម្ពវាចេញបាន។ អ្នកត្រូវប្រើវិញ្ញានបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម នៅពេលទៅចុះឈ្មោះជាមួយ អគ្គនាយកដ្ឋានពន្ធដារ។ អ្នកអាចត្រឡប់មកកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបានគ្រប់ពេលដែលអ្នកចង់ព្រីនវិញ្ញានបនប័ត្រម្តងទៀត។

ជំហានទី9៖ ចុះឈ្មោះប្រកាសពន្ធប្រចាំឆ្នាំ

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត នឹងត្រូវចុះឈ្មោះប្រកាសពន្ធប្រចាំឆ្នាំតាមរយៈគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ។ រយៈពេល1ខែគិតពីពេលអ្នកបានចុះឈ្មោះ អ្នកនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីុមែលដើម្បីទទួលបានព័ត៌មានអំពីការ ចុះឈ្មោះប្រកាសពន្ធប្រចាំឆ្នាំ របស់អ្នក។ អ្នកនឹងទទួលបានសាររំលឹក នៅពេលអ្នកមានការយឺតយ៉ាវរយៈពេលប្រហែល1 ឬ 2ខែ។ ប្រសិនបើអ្នកភ្លេច អ្នកនឹងត្រូវទទួលកាផាកពិន័យ។ ប្រសិនបើអ្នកមិនចុះឈ្មោះប្រកាសពន្ធប្រចាំឆ្នាំរយៈពេល3ឆ្នាំ ការចុះឈ្មោះបញ្ជីពាណិជ្ជកម្ម និងអជ្ញាប័ណ្ណរបស់អ្នកនឹងត្រូវទុកជាមោឃៈ។

ជំហានទី 1៖  ស្វែងរកឈ្មោះក្រុមហ៊ុនរបស់អ្នកក្នុងប្រព័ន្ធផ្ទុកទិន្នន័យ (ដោយបញ្ចូលឈ្មោះក្រុមហ៊ុន ឬលេខកូដក្រុមហ៊ុន) ហើយចុចលើវា។

ជំហានទី2៖ ចូលទៅកាន់គណនេយ្យរបស់អ្នក

ជំហានទី3៖  ចុះឈ្មោះប្រកាសពន្ធប្រចាំឆ្នាំ។ ព័ត៌មានដែលអ្នកត្រូវបំពេញ មានដូចជា៖ អាស័យដ្ឋានក្រុមហ៊ុន ព័ត៌មានលម្អិតរបស់នាយកគ្រប់គ្រង អ្នកកាន់កាប់ភាគហ៊ុន ចំណូលប្រចាំឆ្នាំ  លេខអត្តសញ្ញាណនៃអ្នកជាប់ពន្ធ និងកាលបរិច្ឆេទចុះឈ្មោះបង់ពន្ធផងដែរ។

ជំហានទី 4៖ បង់ថ្លៃសេវាប្រចាំឆ្នាំ តាមប្រព័ន្ធអនឡាញ ប្រសិនបើអ្នកមានគណនេយ្យនៅធនាគារអេស៊ីលីដា។ ប្រសិនបើអ្នកមិនមានគណនេយ្យនៅធនាគារអេសីុលីដា អ្នកត្រូវទៅបង់ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម។

ថ្លៃ៖ 80,000 រៀល ឬ USD 20

យឺតរយៈពេល3ខែ៖ ពិន័យ 1,000,000 រៀល

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។