ការសិក្សាបង្ហាញថាមនុស្សមិនចូលចិត្តនិយាយច្រើន (Introvert) មានចំណុចលេចធ្លោរខុសប្លែកពីអ្នកដទៃ

5551

មនុស្សយើងមានអត្តចរិតពីរប្រភេទគឺ Introvert និង Extrovert Introvert ជាប្រភេទក្រុមមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់មិននិយាយច្រើន ចំណែកឯអ្នក Extrovert ច្រើនជាមនុស្សប៉ិនសម្តីឬចូលចិត្តភាពអ៊ូអរ។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមានអត្តចរិតទាំងពីរនេះបូករួមបញ្ចូលគ្នាផងដែរ។ មានពេលខ្លះ Introvert ពិបាកសម្របខ្លួនជាមួយនឹងបរិបទជុំវិញណាស់ ព្រោះរាល់ពេលមានការជួបជុំមនុស្សច្រើនម្តងៗ គេតែងពិបាកធ្វើខ្លួនអោយចុះចំណោមអ្នកដទៃ។ ម្យ៉ាងវិញទៀត ចេះតែមានអារម្មណ៍ថាខ្លួនឯងម៉េចក៏ពិបាកម្ល៉េះ? តាមពិតទៅ អ្នកមិនពិបាកនោះទេហើយបើអ្នកដឹងពីលក្ខណៈពិសេសរបស់ Introvert អ្នកនឹងឈប់បន្ទោសខ្លួនឯងទៀតហើយ។

១. Introvert ជាអ្នកស្តាប់ដ៏ល្អម្នាក់

ផ្ទាំងឃោសនាពាណិជ្ជកម្ម

អ្នកមិនពូកែនិយាយតបទៅតបមកជាមួយអ្នកណានោះទេ ប៉ុន្តែអ្នកចូលចិត្តស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់។ អ្នកតែងតែជាទីបង្អែកដ៏រឹងម៉ាំសម្រាប់អ្នកជុំវិញខ្លួន។ មានធ្លាប់សង្កេតទេថាហេតុអ្វីបានជាមិត្តភក្តិ មិត្តរួមការងារ និងមនុស្សភាគច្រើនចូលចិត្តនិយាយរឿងប្រាប់អ្នក? ក៏ព្រោះតែអ្នកជាអ្នកស្តាប់ដ៏ល្អម្នាក់និងជាមនុស្សដែលគួរអោយទុកចិត្តបាន។

២. Introvert ជាមនុស្សគិតមុននិយាយ

ពាក្យចាស់ពោលថា “អណ្តាតជាអាទិ៍កន្លងបានសុខទុក្ខផងក៏ព្រោះអណ្តាត” ។ហេតុដូច្នេះហើយគ្រប់ពាក្យសម្តីដែលចេញពីមាត់អ្នក អ្នកគិតបានល្អិតល្អន់ណាស់ព្រោះអ្នកខ្លាចនិយាយទៅប៉ះពាល់អ្នកដទៃឬវាមិនជាប្រយោជន៍សម្រាប់អ្នកណា។ អ្នកមិនមែនជាមនុស្សដែលនិយាយប៉ប៉ាច់ប៉ប៉ោចអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកព្យាយាមចំណាយពេលសមល្មមណាមួយក្នុងការប្រមូលផ្តុំគំនិតរបស់អ្នកអោយបានសព្វគ្រប់មុននឹងនិយាយចែកចាយទៅកាន់នរណាម្នាក់។

៣. Introvert ជាមនុស្សពូកែសង្កេត

អ្នកដទៃច្រើនមើលមកប្រភេទមនុស្ស Introvert ថាមិនគិតអ្វីឬមិនខ្វល់ពីអ្នកជុំវិញខ្លួន។ ធាតុពិត បើទោះបីជាយើងមើលទៅថាពួកគេអង្គុយបែបធ្មឹងៗមិនខ្វល់អី តាមពិតពួកគេកំពុងតែសង្កេតមើលដំណើរការឬហេតុការណ៍ដែលកំពុងកើតឡើងតែប៉ុណ្ណោះ។ អាចនិយាយបានថា មើលដឹងរឿងគ្រប់យ៉ាងគ្រាន់តែមិនចង់និយាយចេញមកក្រៅ។ តាមរយៈការសង្កេតបែបហ្មត់ចត់ ពួកគេអាចមើលធ្លុះថានរណាម្នាក់កំពុងមានចេតនាអ្វីតាមរយៈទឹកមុខនិងកាយវិការ។

៤. Introvert ចូលចិត្តបង្កើតគុណភាពមិត្តភក្តិ

ពួកគេមិនចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចច្រើន ដូច្នេះមិត្តរបស់ពួកគេក៏មិនមានច្រើននោះទេ។ ទោះបីជាយ៉ាងនេះក្តី មិត្តរបស់គេម្នាក់ៗមិនមែនជាមិត្តពាក់ស្បែកមុខនោះទេ​ ផ្ទុយទៅវិញគឺជាមិត្តដែលស្រលាញ់គ្នាពិតប្រាកដ។ Introvert ចូលចិត្តដើរទៅតាមប្រភេទក្រុមមិត្តភក្តិតូចមួយដែលគេយល់ថាសាកសមនឹងអត្តចរិតរបស់គេតែប៉ុណ្តោះ។ និយាយអោយខ្លីទៅ គេសុខចិត្តបង្កើតមិត្តភាពដែលមានគុណភាព មិនមែនមិត្តភាពដែលមានតែបរិមាណ។

៥. Introvert ជាដៃគូស្នេហាដ៏ល្អ

ទោះបីនៅក្នុងទំនាក់ទំនងស្នេហា ប្រុសនិងស្រីត្រូវការពេលវេលានៅជាមួយគ្នាផ្អែមល្អែម ប៉ុន្តែមិនមែនមានន័យថាត្រូវតែនៅជាមួយគ្នាញឹកញាប់ពេកនោះទេ។ Introvert ជាប្រភេទមនុស្សដែលយល់ពីអ្នកដទៃ មិនចូលចិត្តតោងមិនលែង ហើយចេះទុកពេលវេលាផ្ទាល់ខ្លួនអោយអ្នកដទៃ។ មិនតែប៉ុណ្ណោះ បើមានដៃគូជា Introvert ក៏សំណាងម្យ៉ាងដែរ ព្រោះអ្នកអាចរៀបរាប់រឿងក្នុងចិត្តបានគ្រប់រឿងពីព្រោះគេជាអ្នកស្តាប់ដ៏ពូកែម្នាក់៕

Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.