Amazon តម្លើងថ្លៃឈ្នួលដល់១៥ដុល្លាក្នុងមួយម៉ោង តែនឹងកាត់បន្ថយបុគ្គលិក

3078

កាលពីថ្ងៃអង្គារនេះក្រុមហ៊ុន Amazon បានសម្រេចចិត្តតម្លើងប្រាក់ខែអប្បបរមាដល់បុគ្គលិកក្នុងសហរដ្ឋអាមេរិចទាំងអស់រហូតដល់១៥ដុល្លាក្នុងមួយម៉ោង។ បុគ្គលិកទាំងពេញម៉ោងនិងក្រៅម៉ោងចំនួន២៥០០០០នាក់នឹងទទួលបានការតម្លើងប្រាក់ខែ បន្ថែមពីនេះបុគ្គលិកដែលធ្វើការតែតាមរដូវកាលមួយចំនួនដូចជាកូនសិស្សសាលាក៏នឹងទទួលបានផលប្រយោជន៍នេះដែរ។ សម្រាប់បុគ្គលិកណាដែលមានប្រាក់ម៉ោង១៥ដុល្លាហើយនឹងទទួលបានប្រាក់ម៉ោងច្រើនលើសពីនឹងទៀត។

តែបើផ្អែកតាមលោក David Bahnsen ដែលជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឯកជន Bahnsen Group បានប្រាប់ទៅខាងសារពត៌មាន CNBC ថាការដែលក្រុមហ៊ុន Amazon តម្លើងប្រាក់ឈ្នួលនោះមិនបានធ្វើអោយប៉ះពាល់ដល់ការចំនាយរបស់ក្រុមហ៊ុន Amazon ទេព្រោះពួកគេនឹងកាត់បន្ថយបុគ្គលិកចាស់ៗមួយចំនួន ដែលក្រោយពេលបូកសរុបទៅកាលមិនទាន់តម្លើងប្រាក់ឈ្នួលក្រុមហ៊ុនអាចនឹងចំណាយច្រើនជាងក្រោយពេលតម្លើងប្រាក់ឈ្នួលតែកាត់បន្ថយបុគ្គលិក។ 

ការដែលក្រុមហ៊ុន Amazon តម្លើងថ្លៃឈ្នួលនេះគឺដើម្បីមុខមាត់ក្រុមហ៊ុនផង និងដើម្បីផលប្រយោជន៍នយោបាយផងព្រោះថាខាងក្រុមហ៊ុនមួយរយៈក្រោយនេះទទួលបានការរិះគន់ពី Bernie Sander សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលតែងតែចោទក្រុមហ៊ុនធំៗថាកេងប្រវ័ញ្ចលើកម្លាំងពលកម្មអ្នកទន់ខ្សោយ។ មួយទៀតការដែលលោក Jeff Bezos (អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ) សម្រេចចិត្តតម្លើងប្រាក់ខែអោយបុគ្គលិកគឺដើម្បីបង្ហាញដល់ខាងពួកគណបក្សសាធារណៈរដ្ឋដែលតែងតែលើកឡើងថាការតម្លើងប្រាក់ខែកាន់តែច្រើននឹងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។ ប្រសិនបើយើងមើលតែសម្បកខាងក្រៅយើងប្រាកដជាគិតថាការធ្វើបែបនេះគឺពិតជាល្អសម្រាប់សង្គម តែការពិតមិនដូច្នោះទេព្រោះនៅពេលដែលឡើងប្រាក់ខែច្រើនគេនឹងរកវិធីកាត់បន្ថយបុគ្គលិកវិញ។ ម៉្យាងទៀខាងក្រុមហ៊ុនក៏មានគម្រោងប្រើប្រាស់នូវបច្ចេកវិទ្យាមនុស្សយន្ដនាពេលខាងមុននេះ ហើយការតម្លើងប្រាក់ឈ្នួលនេះមិនឋិតថេរទេដោយមិនយូរមិនឆាប់បុគ្គលិកទាំងនោះនឹងត្រូវជំនួសដោយម៉ាស៊ីនវិញ។ វាមិនខុសពីប្រទេសកម្ពុជាយើងប៉ុន្មានទេដោយកាលពីប៉ុន្មានឆ្នាំមុនមានការតម្លើងប្រាក់ខែដល់អ្នកធ្វើការរដ្ឋ តែអ្វីដែលប្រជាជនយើងទទួលបានមកវិញនោះគឺការតម្លើងពន្ធ និងតម្លៃទំនិញមួយចំនួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។