Cellcard ត្រៀមដាក់បច្ចេកវិទ្យា 5G ខណៈអ្នកប្រើ Smart ត្អូញត្អែរពីល្បឿនអ៉ីនធើណិត

3411

តាមស្ថិតិប្រចាំឆ្នាំ 2017 របស់ Internetworldstats បានឲ្យដឹងថា មានប្រជាជនកម្ពុជាចំនួន 8,005,551 នាក់បានកំពុងតែប្រើប្រាស់អ៉ីនធើណិត ដែលចំនួននេះស្មើរនឹង 49.3% នៃប្រជាជនកម្ពុជាសរុប។ តាមប្រភពដដែលក៏បានបង្ហាញថា មានអ្នកប្រើប្រាស់បណ្តាញ Facebook ប្រមាណ 6,300,000 នាក់ គិតត្រឹមដើមឆ្នាំ 2018។

កាលពីម្សិលមិញ ក្រុមហ៊ុន Cellcard ដែលជាបុត្រសម្ព័ន្ធរបស់ Royal Group ដែលមានអ្នកឧញ្ញ៉ា គិត ម៉េង ជាប្រធាន បានធ្វើសន្និសីទពិសេសមួយអំពីភាពជោគជ័យលើការធ្វើតេស្តលើបច្ចេកវិទ្យា 5G របស់ខ្លួន ហើយគ្រោងនាំបច្ចេកវិទ្យានេះមកប្រទេសកម្ពុជាឆាប់ៗនេះ។ បច្ចេកវិទ្យា 5G នេះអាចនឹងធ្វើឲ្យសេវាអ៉ីនធើណិតរបស់ Cellcard មានល្បឿនលឿនជាងក្រុមហ៊ុនឯទៀតដែលកំពុងប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា។

ងាកមកមើលទីផ្សារនៃសេវាទូរស័ព្ទចល័តនៅកម្ពុជា ឃើញថាមានក្រុមហ៊ុនធំៗបីកំពុងតែប្រកួតប្រជែងគ្នា ក្នុងនោះមានក្រុមហ៊ុន Smart, Cellcard និង Metfone។

ក្រុមហ៊ុន Smart ជោគជ័យខ្លាំងក្នុងការដណ្តើមយកអតិថិជនគោលដៅជាយុវវ័យ តាមរយៈយុទ្ធសាស្ត្រផ្តល់កម្មវិធីជាច្រើនតម្រូវចិត្តយុវវ័យ ជាងក្រុមហ៊ុនដទៃទៀត។ ចំណែកក្រុមហ៊ុន Cellcard វិញជោគជ័យលើអតិថិជនដែលមានវ័យចំណាស់ រួមទាំងពាណិជ្ជករ និងមន្ត្រីរាជការជាដើម ខណៈក្រុមហ៊ុន Metfone ហាក់ដូចជាមានការសកម្មភាពប្រកួតប្រជែងខ្សោយជាងគេ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Cellcard បានព្យាយាមដណ្តើមយកទីផ្សារលើក្រុមអតិថិជនយុវវ័យពីក្រុមហ៊ុន Smart មកវិញដែរ ប៉ុន្តែក្រុមហ៊ុន Smart ហាក់នៅតែមានប្រៀបជាង ទោះបីជាកាលពីដើមឆ្នាំកន្លងទៅ មានការប្រកួតប្រជែងគ្នាខ្លាំងលើកម្មវិធីដូរលុយយ៉ាងណាក៏ដោយ។

ថ្មីៗនេះ មានការរិះគន់ និងរអ៊ូរច្រើនពីអ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុន Smart ទាក់ទងនឹងល្បឿនអ៉ីនធើណិតរបស់ក្រុមហ៊ុននេះ ហើយយុទ្ធសាស្ត្ររបស់ Cellcard ក្នុងការនាំយកបច្ចេកវិទ្យា 5G មកនេះ វាអាចនឹងទាញយកចំណាប់អារម្មណ៍របស់យុវវ័យកម្ពុជាបានយ៉ាងច្រើន ព្រោះតម្រូវការរបស់មនុស្សក្រុមនេះគឺការប្រើប្រាស់អ៉ីនធើណិត ជាងប្រើដើម្បីនិយាយទាក់ទងគ្នា។

ទោះបីជាយ៉ាងណា ក្រុមហ៊ុន Smart មិនទាន់បញ្ចេញយុទ្ធសាស្ត្រអ្វីដើម្បីទប់ទល់ឥទ្ធិពលនៃបច្ចេកវិទ្យាអ៉ីនធើណិតល្បឿនលឿន 5G របស់ Cellcard ដែលនឹងមកដល់ឆាប់ៗនោះទេ ប៉ុន្តែក្រុមហ៊ុន Smart ប្រហែលជានឹងមិនអាចនៅស្ងៀមបានឡើយចំពោះសេវាអ៉ីនធើណិតរបស់ខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។