តើអ្នកបានត្រៀមខ្លួនដើម្បីវិនិយោគរួចហើយឬនៅ? នេះគឺជាជំហានដ៏សំខាន់មួយក្នុងការទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកបែងចែកចំណូលដែលអ្នករកបានដើម្បីយកទៅវិនិយោគ អ្នកនឹងកាន់តែមានប្រភពចំណូលកាន់តែច្រើនរហូតដល់ថ្ងៃមួយទោះបីអ្នកមិនធ្វើការ ក៏អ្នកនៅតែមានចំណូលហូរចូលដែរ។ អ្នកកាន់តែឆាប់ចាប់ផ្តើម អ្នកកាន់តែឆាប់ទទួលបានលទ្ធផល។ អ្នកប្រហែលជាមានអារម្មណ៍ថាខ្លាចក្នុងការវិនិយោគ ហើយមិនមែនមានតែអ្នកទេ ភាគច្រើននៃប្រជាជនកម្ពុជាក៏ដូចអ្នកដែរ ព្រោះថាពួកគាត់មិនយល់ពីដំណើរការវិនិយោគ និយាយឲ្យចំគឺខ្សោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ បើអ្នកមិនទាន់ដឹងពីវា ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកត្រូវចេះ មុនពេលសម្រេចចិត្តយកទ្រព្យសម្បត្តិទៅធ្វើការវិនិយោគ។

. តើអ្នកមានលុយប៉ុន្មាន? តើវាសមឲ្យអ្នកយកទៅវិនិយោគទេ?

អ្នកគួរតែឆែកមើលតើអ្នកមានលុយប៉ុន្មាន ហើយវាកំពុងនៅទីណាខ្លះ? វាជារឿងមិនល្អទេ ដែលអ្នកចាប់ផ្តើមវិនិយោគទាំងមានបំណុលជាប់ខ្លួន ហើយមិនមានលុយសន្សំសម្រាប់ត្រៀមទុកពេលមានអាសន្នទៀតនោះ ឬក៏អ្នកមានលុយដែរ ប៉ុន្តែលុយនោះមិនមែនកំពុងនៅនឹងអ្នកទេ វានៅលើកូនបំណុលរបស់អ្នកដែលគេមិនសងវិញ។ ប្រសិនបើអ្នកមិនជាប់បំណុល និងមានលុយសន្សំទុកសម្រាប់គ្រាអាសន្ន អ្នកនឹងមានអារម្មណ៍កក់ក្តៅ និងទំនុកចិត្តខ្ពស់លើការវិនិយោគលុយរបស់អ្នក។ បើអ្នកមានបំណុល គួរព្យាយាមលុបវាចោល ហើយជាការឲ្យយោបល់ លុយត្រៀមសម្រាប់គ្រោះអាសន្នគួរតែអាចប្រើប្រាស់បានយ៉ាងតិច៦ខែនៃការចំណាយប្រចាំខែរបស់អ្នក។ ប្រសិនបើអ្នកបាត់បង់ការងារ បាត់បង់ចំណូល អ្នកនឹងមានលុយ៦ខែសម្រាប់ទប់ការចំណាយ មុនពេលចំណូលថ្មីទៀតមកដល់ ហើយអ្នកនឹងមិនចង់ដកលុយដែលអ្នកបានវិនិយោគនោះមកវិញទេ ព្រោះថាវាកំពុងតែលូតលាស់ល្អ។

. តើអ្នកនឹងធ្វើអ្វីចំពោះលុយរបស់អ្នក?

អ្នកក៏គួររៀបគម្រោងថាអ្នកនឹងត្រូវធ្វើអ្វីខ្លះចំពោះលុយដែលអ្នកកំពុងវិនិយោគនោះផងដែរ។ ប្រសិនបើអ្នកមានគម្រោងថានឹងប្រើវាដើម្បីទិញផ្ទះ ឬក៏ដើម្បីបង់ថ្លៃសាលា នោះការវិនិយោគរបស់អ្នកនឹងខុសពីរបៀបវិនិយោគដើម្បីយកលុយទុកពេលចូលនិវត្តន៍។ ប្រសិនបើអ្នកមានគម្រោងថានឹងត្រូវការប្រើលុយនោះវិញក្នុងរយៈពេល៥ឆ្នាំខាងមុខ អ្នកអាចពិចារណាជ្រើសយកការវិនិយោគណាដែលអាចទទួលបានផលចំណេញមកវិញឆាប់ដូចជាការវិនិយោគលើអាជីវកម្មបង្កើតថ្មីៗដូច apamat.com ឬទិញប័ណបំណុលជាដើម។ ប្រសិនបើអ្នកមានគម្រោងប្រមូលលុយរបស់អ្នកវិញក្នុងរយៈពេលយូរជាង៥ឆ្នាំ អ្នកអាចវិនិយោគទិញភាគហ៊ុនទុក និងដាក់លុយក្នុងសង្គហធនជាដើម។

ប្រសិនបើអ្នកមានគម្រោងថានឹងវិនិយោគវាដើម្បីមានចំណូលសម្រាប់ចាយពេលចាស់ទៅ អ្នកគួរតែវិនិយោគលុយលើការវិនិយោគណាដែលមានហានិភ័យទាបដូចជាការទិញអចលនទ្រព្យសម្រាប់ជួល ដើម្បីយកលុយប្រចាំខែជាដើម។

សរុបមក ចំណុចនេះគឺមានន័យថា មុនសម្រេចចិត្តវិនិយោគលើអ្វីមួយ គឺសំខាន់លើគោលបំណងរបស់អ្នកថានៅពេលណាអ្នកត្រូវការប្រមូលលុយវិញ និងយកលុយនោះសម្រាប់ធ្វើអ្វី។

. តើអ្នកដឹងពីជម្រើសនៃការវិនិយោគរបស់អ្នកដែររឺទេ?

ប្រសិនបើអ្នកមិនធ្លាប់វិនិយោគសោះ ហើយពេលនេះគឺជាលើកទីមួយសម្រាប់អ្នក វាពិតជាសំខាន់ណាស់ក្នុងការដឹងថា អ្នកនឹងអាចរកលុយបានពីការដាក់លុយរបស់អ្នកក្នុងសង្គហធន ឬមូលនិធិវិនិយោគ បន្ទាប់មកលុយរបស់អ្នកនឹងត្រូវបានគេប្រើប្រាស់ទៅវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនដទៃទៀត។ មូលហេតុដែលខ្ញុំនិយាយបែបនេះ គឺដោយសារតែវាជាវិធីវិនិយោគមួយដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង ព្រោះវាអាចឲ្យអ្នកយល់ច្បាស់ពីផ្សារហ៊ុន និងដឹងពីការប្រកួតប្រជែងគ្នាក្នុងវិស័យវិនិយោគ។ អាចនឹងមាននរណាម្នាក់ចង់ទទួលខុសត្រូវលើការវិនិយោគដំបូងរបស់អ្នក ដោយសារតែអ្នកមិនចេះ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាវាគឺជាការប្រថុយប្រឋានមួយដ៏ធំ ហើយអ្នកអាចបរាជ័យយ៉ាងងាយ ដូច្នេះកុំពឹងលើគេទាំងស្រុងពេក។ នៅមានជម្រើសវិនិយោគជាច្រើនទៀតក្រៅពីទិញភាគហ៊ុន ដូចជាការវិនិយោគលើអចលនវត្ថុ និងទ្រព្យអរូបីជាដើម។

. តើអ្នកត្រូវការអ្នករៀបចំគម្រោងហិរញ្ញវត្ថុទេ?

អ្នកគួរតែស្វែងរកអ្នកជំនាញខាងរៀបចំគម្រោងហិរញ្ញវត្ថុម្នាក់ ព្រោះថាគេអាចដឹងពីគោលដៅដែលអ្នកចង់បាន ហើយគេអាចណែនាំអ្នកនូវជម្រើស និងវិធីសម្រេចគោលដៅទាំងនោះ។ ប៉ុន្តែនៅកម្ពុជាមានអ្នកលើកខ្លួនឯងថាជាអ្នកជំនាញនេះ ជំនាញនោះច្រើនណាស់ ប៉ុន្តែធាតុពិតមិនដែលឃើញធ្វើអ្វីបានជោគជ័យសោះ។ ដូច្នេះមុននឹងអ្នកជ្រើសរើសអ្នករៀបចំ ឬពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ កុំមើលពាក្យជំនាញ ព្រោះនរណាក៏អាចសរសេរ និងហៅវាបានដែរ។ ត្រូវមើលលើជីវៈប្រវត្តិ និងកម្រិតអប់រំផ្នែកហិរញ្ញវត្ថុរបស់គេ ហើយជាទូទៅនៅកម្ពុជាបច្ចុប្បន្ន អ្នកជំនាញពិតខាងហិរញ្ញវត្ថុ ស៉ីថ្លៃចន្លោះ ២៥០ដុល្លារសម្រាប់ការប្រឹក្សាយោបល់រយៈពេលមួយម៉ោង។

អ្នកជំនាញរៀបចំគម្រោងហិរញ្ញវត្ថុម្នាក់ អាចជួយអ្នកឲ្យងាយសម្រេចចិត្តថាគួរវិនិយោគលុយចំនួនប៉ុន្មាន និងសន្សំទុកចំនួនប៉ុន្មាន ដើម្បីទៅដល់គោលដៅដែលអ្នកចង់បាន។ គេក៏អាចជួយអ្នកក្នុងការកំណត់យកប្រភេទវិនិយោគណាដែលត្រូវនឹងអ្នកបំផុត និងតាមអ្វីដែលអ្នកចង់បានផងដែរ។

. តើជម្រើសមួយណាសមនឹងអ្នក?

ចាប់យកឱកាសវិនិយោគលើជម្រើសវិនិយោគណាដែលទទួលការវិនិយោគក្នុងចំនួនតិច ព្រោះវាមានហានិភ័យទាប ហើយល្អបំផុតសម្រាប់អ្នកចាប់ផ្តើមវិនិយោគដំបូង។ ប៉ុន្តែទោះវាជាការវិនិយោគមិនសូមមានហានិភ័យក៏ដោយ អ្នកប្រាកដជាមិនចង់មានបទពិសោធន៍ដំបូងបរាជ័យទេ ដូច្នេះអ្នកត្រូវពិនិត្យមើលឲ្យមែនទែនចំពោះទ្រព្យដែលអ្នកចង់វិនិយោគលើនោះ។

ក្រៅពីជម្រើសមួយនេះ ការវិនិយោគលើវិស័យអចលនទ្រព្យក៏ល្អសម្រាប់អ្នកដែរ ក្នុងពេលនេះ ក្នុងប្រទេសកម្ពុជា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម