របៀបគណនាតម្លៃក្រុមហ៊ុន នៅពេលដែលអ្នកចង់ទិញយកក្រុមហ៊ុនណាមួយ

5767

ការវាយតម្លៃក្រុមហ៊ុនគឺជាចំណុចដ៏សំខាន់មួយចំពោះអ្នកវិនិយោគ។ បើអ្នកមានជំនាញមើលរបាយការណ៍ហិរញ្ញវត្ថុ វាមិនមែនជារឿងពិបាកសម្រាប់អ្នកទេក្នុងការទិញ ឬច្របាច់បញ្ចូលក្រុមហ៊ុនផ្សេងចូលជាកម្មសិទ្ធរបស់អ្នក។ ប៉ុន្តែសម្រាប់អ្នកវិនិយោគជើងថ្មី ខ្ញុំគិតថានឹងពិបាកបន្តិចក្នុងការយល់អំពីផ្នត់គំនិតរវាងអ្នកជំនួញចេះហិរញ្ញវត្ថុ និងអ្នកជំនាញចេះហិរញ្ញវត្ថុ។ ព្រោះអ្នកជំនួញចេះហិរញ្ញវត្ថុ គេផ្តោតលើទិដ្ឋភាពជាក់ស្តែងបូករួមនឹងបទពិសោធន៍ផ្ទាល់ ខណៈអ្នកជំនាញចេះហិរញ្ញវត្ថុគឺសំដៅលើគ្រូបង្រៀនហិរញ្ញវត្ថុដែលចេះតែទ្រឹស្តីដែលគាត់ធ្លាប់រៀនតាំងពីយូរមកហើយ តែគាត់មិនដែលមានបទពិសោធន៍រកស៉ី ឬវិនិយោគនោះទេ។ ខាងក្រោមនេះគឺជារបៀបវាយតម្លៃអាជីវកម្មបែបសាមញ្ញងាយយល់។

និយមន័យនៃការវាយតម្លៃក្រុមហ៊ុន

តម្លៃរបស់ក្រុមហ៊ុនគឺតំណាងឲ្យថ្លៃទាំងមូលនៃក្រុមហ៊ុន ឬក៏អ្នកវិនិយោគខ្លះទិញយកអាជីវកម្មណាមួយទាំងស្រុងគឺទិញយកសិទ្ធកាន់កាប់ ១០០%

តម្លៃរបស់ក្រុមហ៊ុនត្រូវបានគេគិតថ្លៃជាងតម្លៃលើទីផ្សារ ព្រោះវាមានរួមបញ្ចូលចំណុចសំខាន់ៗដូចជាបំណុល និងសាច់លុយដែលក្រុមហ៊ុននោះមាន។ តម្លៃទីផ្សារត្រូវបានគេគណនាដោយយក ចំនួនភាគហ៊ុនសរុប គុណនឹងតម្លៃនៃមួយភាគហ៊ុននោះ។

ការគណនា

អ្នកអាចគណនាតម្លៃក្រុមហ៊ុនមួយដោយបូកបញ្ចូលគ្នានូវតម្លៃទីផ្សារ និងបំណុល ហើយដកជាមួយសាច់លុយដែលក្រុមហ៊ុននោះមាន។

អាចនិយាយម៉្យាងទៀតថា តម្លៃរបស់ក្រុមហ៊ុនស្មើនឹងចំនួនលុយដែលអ្នកចំណាយទិញយកភាគហ៊ុននីមួយៗនៃសន្លឹកភាគហ៊ុនធម្មតា និងបំណុលនៃក្រុមហ៊ុននោះ។ មូលហេតុដែលត្រូវដកសាច់លុយដែលក្រុមហ៊ុននោះមាន គឺដោយសារតែអ្នកបានទិញយកក្រុមហ៊ុននោះយកជាកម្មសិទ្ធ ហើយចំនួនលុយដែលបង្ហាញលើតារាងតុល្យភាពហិរញ្ញវត្ថុនោះក៏ក្លាយជារបស់អ្នកដែរ។

ចំណុចលម្អិត

ខាងក្រោមនេះគឺជាការបកស្រាយឲ្យកាន់តែច្បាស់នូវចំណុចខាងលើ និងមូលហេតុដែលគេយកវាមកគណនាក្នុងការកំណត់តម្លៃក្រុមហ៊ុន។

តម្លៃទីផ្សារ តម្លៃទីផ្សារគឺជាតម្លៃមួយដែលក្រុមហ៊ុននោះមាននៅក្នុងទីផ្សារជាក់ស្តែង។ អ្នកអាចគណនាវាដោយយកចំនួនភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននោះ គុណនឹងតម្លៃក្នុងមួយភាគហ៊ុនក្នុងតម្លៃទីផ្សារជាក់ស្តែងក្នុងពេលនោះ។

ឧទាហរណ៍ថា ប្រសិនបើ apamat.com មានភាគហ៊ុនសរុប ១ម៉ឺនហ៊ុន ហើយមានតម្លៃបច្ចុប្បន្ន $៥០ក្នុងមួយហ៊ុន ដូចនេះតម្លៃទីផ្សាររបស់ apamat.com គឺ $៥០ម៉ឺនដុល្លារ (១ម៉ឺនហ៊ុន x $៥០ក្នុងមួយភាគហ៊ុន)

បំណុល នៅពេលអ្នកទិញអាជីវកម្មមួយ មានន័យថាអ្នកក៏ព្រមទិញយកបំណុលដែលអាជីវកម្មនោះជំពាក់គេដែរ។ ប្រសិនបើអ្នកទិញយកភាគហ៊ុនទាំងអស់របស់អាជីវកម្មហាងលក់ទំនិញមួយក្នុងតម្លៃ $១០លាន (តម្លៃទីផ្សារ) តែអាជីវកម្មនោះជាប់បំណុលធនាគារ $៥លាន ដូចនេះអ្នកនឹងត្រូវចំណាយលុយចំនួន $១៥លាន ពីព្រោះលុយចំនួន $១០លានគឺចេញពីហោប៉ៅរបស់អ្នកថ្ងៃនេះ ចំណែក $៥លានទៀតអ្នកត្រូវទទួលខុសត្រូវសងធនាគារវិញក្នុងពេលនេះ ឬទុកវាដើម្បីយករកស៉ីសិន ហើយសងវិញនៅថ្ងៃណាមួយខាងមុខដោយជាប់ទាំងការចំណាយលើអត្រាការប្រាក់ផង។

សាច់លុយសុទ្ធ ៖ នៅពេលដែលអ្នកទិញយកអាជីវកម្មមួយ សាច់លុយសុទ្ធដែលអាជីវកម្មនោះមានទាំងនៅក្នុងដៃ និងនៅក្នុងធនាគារ ក៏ត្រូវប្តូរមកជារបស់អ្នកដែរ។ នៅពេលដែលដំណើរការទិញលក់ត្រូវបានបញ្ចប់ អ្នកអាចយកលុយទាំងនោះដាក់ក្នុងហោរប៉ៅរបស់អ្នកបាន ដូច្នេះហើយទើបបានជានៅក្នុងការគណនាត្រូវដកសាច់លុយចេញវិញ។

បំណកស្រាយ

អ្នកវិនិយោគមួយចំនួន ដែលភាគច្រើនជាប្រភេទអ្នកវិនិយោគដែលអនុវត្តន៍តាមទស្សនវិជ្ជា ពួកគេទិញតែក្រុមហ៊ុនណាដែលមានលំហូរសាច់ប្រាក់ច្រើននៅក្នុងអាជីវកម្មនោះប៉ុណ្ណោះ ព្រោះថាបន្ទាប់ពីពួកគេទិញអាជីវកម្មនោះហើយ ពួកគេមិនចាំបាច់ត្រូវចាក់សាច់លុយចូលទៅក្នុងអាជីវកម្មនោះបន្ថែម មានន័យថាពួកគេអាចយកសាច់លុយដែលក្រុមហ៊ុនហ្នឹងរកបាន មកវិនិយោគឡើងវិញ ឬក៏យកវាទៅវិនិយោគក្នុងវិស័យផ្សេងទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...