លោក Richard Brandson បាននិយាយថា Virgin Galactic នឹងសាកល្បងការហោះហើរក្នុងអាកាសក្នុងពេលឆាប់ៗនេះ

2028

មហាសេដ្ឋីជនជាតិអង់គ្លេសរូបនេះបាននិយាយប្រាប់ទៅខាងសារពត៌មានCNBCថាក្រុមហ៊ុន Virgin Galactic របស់ខ្លួននឹងធ្វើការហោះហើរសាកល្បងទៅក្នុងទីអវកាសជាលើកដំបូងនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ក្រៅពីនេះគាត់បានបន្ថែមថាបន្ទាប់ពីការបង្ហោះយាន្ដចូលក្នុងទីអវកាសជោគជ័យហើយ មិនយូរប៉ុន្មាន Virgin Galactic ក៏នឹងបញ្ជូនមនុស្សបូករួមទាំងគាត់ផងដែរដើម្បីធ្វើដំណើរកំសាន្ដទៅក្នុងទីអវកាស ហើយពេលនេះពួកគាត់កំពុងតែភ័យផងអរផងសម្រាប់ការធ្វើដំណើរនេះដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងពេលប៉ុន្មានខែទៀត។ 

លោក Richard Brandson ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនបូករួមនឹង Virgin Galactic រូបនេះបានវិនិយោគលើការធ្វើដំណើរក្នុងលំហអាកាសតាំងតែពីឆ្នាំ២០០៤មកម្ល៉េះ។ ដំបូងឡើយគាត់រំពឹងថាខ្លួននឹងក្លាយទៅជាអ្នកធ្វើដំណើរក្នុងអាកាសមុនខែមេសាឆ្នាំនេះ តែដោយសារតែការហ្វឹកហាត់ទាក់ទងនឹងការធ្វើដំណើរក្នុងលំហអាកាសនេះទើបគាត់លើកពេល ហើយរំពឹងថានឹងធ្វើដំណើរទៅក្នុងអវកាសអោយបានក្នុងពេលប៉ុន្មានខែខាងមុខ។ កាលពីដើមឆ្នាំគាត់ក៏បាននិយាយដែរថាខ្លួនកំពុងតែប្រកួតប្រជែងនឹង Jeff Bezos ដើម្បីក្លាយទៅអ្នកផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរទៅកាន់ទីអវកាសមុនគេ។ 

នៅពេលអ្នកសារពត៌មានសួរថាតើការធ្វើដំណើរទៅកាន់ទីអវកាសនេះមានតម្រូវការច្រើនដែរឬទេ? គាត់បានឆ្លើយថាបើនៅក្នុងបន្ទប់មួយដែលមានមនុស្សដប់នាក់ មនុស្សប្រាំបីនាក់ប្រាកដជាចង់ធ្វើដំណើរប្រសិនបើពួកគាត់មានលទ្ធភាព។ សម្រាប់ពេលនេះសំបុត្រដើម្បីធ្វើដំណើរទៅកាន់ទីអវកាសជាមួយ Virgin Galactic មានតម្លៃ ២៥០០០០ដុល្លាអាមេរិច ហើយគេក៏មិនរំពឹងថាតម្លៃនេះនឹងធ្លាក់ថ្លៃក្នុងពេលឆាប់ៗនេះដែរ។ បើតាមចិត្តរបស់លោក Richard Brandson វិញគាត់រំពឹងថាតម្លៃនៃការធ្វើដំណើរកំសាន្ដនេះនឹងធ្លាក់ចុះមកត្រឹមបួនទៅប្រាំមុឺនដុល្លាប៉ុណ្ណោះក្នុងរយៈពេលមួយទសវត្សទៀត។ បើផ្អែកតាមរបាយការរបស់ Bank of America Merrill Lynch បានអោយដឹងថាក្នុងរយៈពេលបីទសវត្សខាងមុខ ការធ្វើដំណើរក្នុងអវកាសនឹងក្លាយទៅជាជំនួញមួយដែលមានតម្លៃ ២.៧ ទ្រីលានដុល្លាក្នុងមួយឆ្នាំៗ ដែលនេះជាកត្តាមួយធ្វើអោយក្រុមហ៊ុនជាច្រើនចង់វិនិយោគក្នុងការនាំភ្ញៀវទៅធ្វើដំណើរកំសាន្ដក្នុងទីលំហដ៏ធំល្វឹងល្វើយនេះ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។