Facebook ដាក់បង្ហាញ smart-speaker ដំបូងរបស់ខ្លួនប្រកួតជាមួយ Amazon និង Google

2556

អាមេរិក(CNBC)៖ កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Facebook បានបង្ហាញឧបករណ៍បំពងសម្លេងពីរប្រភេទដែលមានកាមេរ៉ា និងមីក្រូហ្វូនសម្រាប់ដាក់តាំងក្នុងផ្ទះ។

ឧបករណ៍អេឡិចត្រូនិចឈ្មោះថា Portal និង Portal+ បានចេញមកប្រជែងជាមួយផលិតផលរបស់ Amazon, Google និង Apple នៅក្នុងទីផ្សារ smart-speaker ដែលនឹងមានបំពាក់មកជាមួយមុខងារហៅទូរស័ព្ទជាវីឌីអូផងដែរ។ វាជាផលិតផលប្រភេទ hardware ដំបូងគេរបស់ហ្វេសប៊ុកដែលនៅក្រៅបណ្តាញឧបករណ៍អេឡិចត្រូនិក Oculus ។

ដើម្បីចាប់ផ្ដើមការហៅទូរស័ព្ទជាវីដេអូ អ្នកប្រើអាចនិយាយថា “Hey Portal, call …” តាមឈ្មោះនៃការតភ្ជាប់នៅលើកម្មវិធីផ្ញើសារ Messenger របស់ហ្វេសប៊ុក។

ការហៅទាំងនេះរួមបញ្ចូលទាំងលក្ខណៈពិសេសដែលបានបន្ថែមឲ្យអ្នកប្រើប្រាស់អាចលេងជាមួយរូបតុក្កតាមួក រូបសត្វ ឬធ្វើឲ្យបន្ទប់របស់ពួកគេទៅជាក្លឹបរាត្រីដែលមានចលនា។

លក្ខណៈពិសេសមួយទៀតគឺ Smart Camera ដែលប្រើប្រដាប់សិប្បនិម្មិត និងកាមេរ៉ារបស់ឧបករណ៍ដើម្បីស៊ាំជាមួយអ្នកប្រើវីដេអូនៅពេលដែលពួកគេផ្លាស់ប្តូរចលនាខណៈពេលកំពុងហៅទូរស័ព្ទ។

លោក Dave Kaufman ដែលជាប្រធានផ្នែកទីផ្សាររបស់កហ្វេសប៊ុកបាននិយាយថា “Portal និង Portal+ ពិតជាផលិតឡើងដោយគំនិតនៃការជួយអ្នកប្រើប្រាស់អោយមានភាពជិតស្និទ្ធ និងអាចឱ្យអ្នកចំណាយពេលកាន់តែមានប្រសិទ្ធភាពជាមួយមនុស្សសំខាន់ សូម្បីតែពួកគេរស់នៅរាប់ពាន់គីឡូម៉ែត្រពីអ្នកក៏ដោយ។”

ក្រៅពីការហៅតាមវីដេអូ ឧបករណ៍អេឡិចត្រូនិកនេះអាចបំពងតន្ត្រីភ្ជាប់ពីកម្មវិធីស្តាប់តន្ត្រី Spotify, Pandora និង Amazon Music និងវីឌីអូពី Facebook Watch ផងដែរ។

ក្រុមហ៊ុន Facebook នឹងដាក់ឲ្យបញ្ជាទិញឧបករណ៍ទាំងនេះចាប់ពីនៅពេលនេះ ហើយនឹងចាប់ផ្តើមដឹកជញ្ជូនពួកវានៅដើមខែខាងមុខ។ Portal ដែលមានអេក្រង់ទំហំ 10 អ៊ីញលក់ក្នុងតម្លៃ 199ដុល្លារ ខណៈ Portal+ មានអេក្រង់ 15,6 អ៊ីញមានតម្លៃ 349 ដុល្លារ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics បានឱ្យដឹងថា ទីផ្សារ smart-speaker មានតម្លៃ 6,7ពាន់លានដុល្លារក្នុងឆ្នាំ 2018  ហើយព្យាករថាវានឹងកើនដល់ 23,5 ពាន់លានដុល្លារនៅឆ្នាំ 2023។ យោងតាមតួលេខឆមាសទីមួយនៃឆ្នាំ 2018 បានឱ្យដឹងថា ក្រុមហ៊ុន Amazon បច្ចុប្បន្ននាំមុខគេក្នុងទីផ្សារនេះ 34,2 ភាគរយ បន្ទាប់មក Google កាន់កាប់បាន 22 ភាគរយ។

ការស្វែងរកកន្លែងឈរជើងនៅទីផ្សារនោះអាចជាការពិបាកសម្រាប់ហ្វេសប៊ុក ដោយសារតែគូប្រជែងបានដាក់លក់ផលិតផលប្រភេទនេះយូមកហើយ។ បញ្ហាប្រឈមមួយទៀត គឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនជឿជាក់លើផលិតផលរបស់ហ្វេសប៊ុក ខណៈ smart-speaker របស់ Amazon, Apple និង Google សុទ្ធតែខ្លាំងៗ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។