ដើមកំណើតនៃការបង្កើត GoPro

2214

កាលពីជាងដប់ឆ្នាំមុនកាមេរ៉ាដែលអាចថតវីដេអូគុណភាពខ្ពស់គឺមានតម្លៃថ្លៃហើយទំហំក៏មិនតូចប៉ុន្មានដែរ។ សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងដូចជាតាមព្រៃស្ទឹងបឹងបួរឬឡើងភ្នំជាដើមហើយចង់ថតវីដេអូទុកជាអនុស្សាវរីយ៍គឺត្រូវចំណាយលុយច្រើនដើម្បីទិញឧបករណ៍ថតដែលមានទំហំធំ និងងាយស្រួលនឹងរងការខូចខាត។ នេះជាហេតុផលមួយដែលធ្វើអោយលោក Nick Woodman មានគំនិតបង្កើតនូវឧបករណ៍ថតវីដេអូតូចមួយដែលអាចថតវីដេអូគុណភាពខ្ពស់បាន និងមានតម្លៃធូរថ្លៃ

ហេតុផលមិនគួរអោយនឹកស្មានដល់ដែលជំរុញចិត្តអោយលោក Nick Woodman សម្រេចចិត្តបង្កើត GoPro នោះគឺកាលពីអាយុ ២៦ឆ្នាំ ស្របពេលដែលកំពុងតែអត់ការងារធ្វើនិងមិនទាន់មានគោលដៅច្បាស់លាស់ក្នុងជីវិត គាត់ក៏សម្រេចចិត្តទៅប្រទេសឥណ្ឌូនេសុីដើម្បីជិះក្ដារលើទឹករលកដែលជាកីឡាចំណូលចិត្តរបស់ខ្លួនជាមួយមិត្តភក្កិប៉ុន្មាននាក់។ ពេលនោះហើយទើបគាត់ចាប់អារម្មណ៍ថាគ្មានវិធីណាដែលអាចថតសកម្មភាពខ្លួននិងមិត្តភក្កិជិះក្ដារលើទឹកក្នុងទេសភាពដ៏ស្រស់ស្អាតរបស់តំបន់សមុទ្រនេះទេ។ គាត់ក៏បង្កើតកាមេរ៉ាភ្ជាប់នឹងដៃតែអាចប្រើប្រាស់ចំនួនម្ដងប៉ុណ្ណោះសម្រាប់អ្នកជិះក្ដារលើទឹក។ ពេលនោះឧបករណ៍ថតវីដេអូរបស់គាត់មានទំហំធំដែរហើយត្រូវបានដាក់នៅក្នុងប្រអប់ផ្លាស្ទិចដែលមើលទៅមិនសូវមាំដូច GoPro ជំនាន់ថ្មីទេតែទោះជាយ៉ាងណាក៏ដោយកាមេរ៉ានេះទទួលបានការពេញនិយមពីសំណាក់អ្នកចូលចិត្តជិះក្ដារលើទឹកជាច្រើន និងអាចរកចំណូលអោយគាត់បានច្រើនល្មមសម្រាប់ទៅរៀនបើកបរឡានប្រណាំង។ ពេលកំពុងតែប្រណាំងឡានគាត់ក៏បានសាកសួរតម្លៃពីការថតការប្រណាំងមួយជុំៗគឺថ្លៃ១០០ដុល្លា ហើយដោយសារតែវាថ្លៃពេកគាត់ក៏ចងភ្ជាប់កាមេរ៉ារបស់ខ្លួនទៅនឹងតួឡានវិញ។ អ្វីដែលគាត់ទទួលបាននោះគឺវិដេអូគុណភាពច្បាស់ល្អអំពីការប្រណាំងរថយន្ដ ដែលធ្វើអោយគាត់ដឹងថាកាមេរ៉ារបស់ខ្លួនអាចប្រើប្រាស់បានច្រើនយ៉ាង។

ក្រោយពេលដឹងពីវិសាលភាពដ៏ធំធេង និងការពេញនិយមរបស់កាមេរ៉ាខ្លួនហើយ គាត់ក៏ចាប់ផ្ដើមផលិតកាមេរ៉ា GoPro ដើម្បីដាក់លក់ជាទ្រង់ទ្រាយធំ។ លោក Kash Shaikh អតីតប្រធានខាងផ្នែកទំនាក់ទំនងរបស់ GoPro បាននិយាយថាពេលនោះដៃគូរប្រកួតប្រជែងរបស់ខ្លួនមិនមែនមានតែក្រុមហ៊ុនដទៃទេគឺបូករួមទាំងកាមេរ៉ា GoPro សេរីចាស់ៗផងដែរ។ ហេតុនេះហើយទើបវិស្វករកាមេរ៉ាទាំងនេះខិតខំស្រាវជ្រាវផលិតនូវកាមេរ៉ាជំនាន់ថ្មីដែលល្អជាងជំនាន់មុនៗតែនៅរក្សាតម្លៃសមរម្យដដែល។ បន្ថែមពីការផលិតកាមេរ៉ាខាងក្រុមហ៊ុនក៏ផលិតនូវឧបករណ៍សម្រាប់ជំនួយដល់កាមេរ៉ាជាច្រើនទៀតដូចជាប្រដាប់សម្រាប់ភ្ជាប់ទៅនឹងមួកការពាររបស់អ្នកជិះម៉ូតូ សម្រាប់ភ្ជាប់ទៅនឹងតួខ្លួនរបស់កង់…។ ពេលខ្លះគំនិតនៃការបង្កើតឧបករណ៍ជំនួយទាំងនេះកើតចេញឡើងដោយសារតែការអោយយោបល់ពីអតិថិជនដោយពួកគាត់ប្រាប់ពីស្ថានភាពនៃការប្រើប្រាស់របស់ខ្លួនទៅកាន់អ្នកផលិត ហើយខាងក្រុមហ៊ុនក៏ផលិតវាតាមតម្រូវការរបស់អតិថិជនខុសៗគ្នា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។