វិធី ៣ បង្វែរអ្វីដែលអ្នកចេះ មកជារបររកស៉ី ធ្វើជាម្ចាស់របស់ខ្លួនឯង

3415

ប្រសិនបើអ្នករើសយកឱកាសចាប់ផ្តើមអាជីវកម្មបានត្រឹមត្រូវ មានផ្លូវមួយសម្រាប់អ្នកដើរទៅរកការរីកចម្រើន ទាំងកំពុងធ្វើការឲ្យគេ។ បើចាប់ផ្តើមពីចំណុចនេះ ប្រសិនបើអ្នកដើរត្រូវ អ្នកនឹងអាចបង្កើតប្រភពចំណូលបណ្តើរៗ ហើយនឹងក្លាយជាម្ចាស់លើខ្លួនឯង ឈប់ធ្វើការឲ្យគេ។

ក្នុងនាមជាអ្នកសរសេរអត្ថបទឲ្យគេហទំព័រ apamat.com និងជាអ្នកទីផ្សារម្នាក់ ខ្ញុំត្រូវការបង្កើនសមត្ថភាពគ្រប់ពេលដើម្បីសរសេរអត្ថបទដែលអាចផ្តល់ប្រយោជន៍ដល់អ្នកអានជាច្រើននៅលើអ៉ីនធើណិត ដើម្បីមានឱកាសបង្កើតភាពជោគជ័យថ្មីៗ និងដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ដែលខ្ញុំកំពុងឈរជើង។ 

ប្រសិនបើអ្នកមិនច្បាស់ថាខ្លួនឯងចេះអ្វីឲ្យប្រាកដដើម្បីយកទៅរកចំណូលបាន អ្នកគួរណាត់ជួបអ្នកណាដែលអាចជួយប្រាប់ថាអ្នកចេះអ្វីជាងគេ ហើយខាងក្រោមនេះគឺជាវីធីចំនួន ៣ ដែលអ្នកអាចយកជំនាញដែលអ្នកចេះ មករកស៉ីបាន។

១. គេហទំព័រ

នេះគឺជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀតដែលខ្ញុំចូលចិត្ត វាគឺជាការវិនិយោគរយៈពេលវែងដែលខ្ញុំអាចបង្កើតប្រភពចំណូលមួយសម្រាប់ថ្ងៃអនាគត។ បើអ្នកចូលចិត្តខាងសរសេរព័ត៌មាន អ្នកអាចបង្កើតអាជីវកម្មផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិក។ បើអ្នកចូលចិត្តខាងតុបតែងខ្លួន អ្នកអាចបង្កើតគេហទំព័រនិយាយអំពីសម្រស់ និងការតុបតែងខ្លួន។ បើអ្នកចេះខាងវិស័យសុខាភិបាល អ្នកអាចបង្កើតគេហទំព័រនិយាយអំពីការថែទាំសុខភាព និងនិយាយអំពីជំងឺ និងការព្យាបាល។ បើអ្នកចូលចិត្តអាហារ អ្នកអាចបង្កើតគេហទំព័រណែនាំអាហារ…។ ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តបង្កើតវា អ្នកត្រូវប្រាកដថាប្រធានបទដែលអ្នកសរសេរ ឬផ្សាយគឺចំតាមអ្វីដែលមនុស្សត្រូវការ។ អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា គេហទំព័រលំដាប់កំពូលៗនៅកម្ពុជាអាចរកចំណូលបានច្រើនជាង ១លានដុល្លារក្នុងមួយឆ្នាំ ឬប្រហែល ១០ម៉ឺនដុល្លារក្នុងមួយខែពីសេវាផ្សាយពាណិជ្ជកម្ម ប៉ុន្តែវាគឺជាការពិត។

២. ធ្វើការជាលក្ខណៈឯករាជ្យ (Freelancing)

បើនិយាយពីពាក្យ Freelancing មានន័យជាភាសាខ្មែរថា ជាការធ្វើការគិតជាម៉ោង ជាថ្ងៃ ឬជាកុងត្រាលើការងារណាមួយ អាចធ្វើការនៅទីកន្លែងជាច្រើន និងមានសេរីភាពពេញលេញក្នុងការធ្វើការនៅកន្លែងណា ពេលណាដោយខ្លួនឯង ខុសពីធ្វើការគិតប្រាក់ខែ។ 

ប្រសិនបើអ្នកមានជំនាញខាងសរសេរ ខាងឌីហ្សាញ ការអភិវឌ្ឍន៍ ទីផ្សារ ការគ្រប់គ្រងបណ្តាញសង្គម ឬក៏ជំនាញក្នុងវិស័យឌីជីថលផ្សេងៗទៀតដែលមានតម្រូវការខ្ពស់ នោះអ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការរកចំណូលដោយធ្វើការជាឯករាជ្យ។ 

ឧទាហរណ៍ថាអ្នកចេះផ្នែកឌីហ្សាញរូបឡូហ្គូ ដូច្នេះអ្នកអាចធ្វើការដោយឯករាជ្យតាមរយៈការផ្តល់សេវាកម្មឌីស្សាញ ឬធ្វើការឲ្យក្រុមហ៊ុនណាមួយ។ ការងារឌីហ្សាញនោះ អ្នកគ្រាន់តែមានកុំព្យូទ័រមួយ ហើយអ្នកអាចឌីហ្សាញនៅកន្លែងណា ពេលណាស្រេចតែអ្នក។ មួយវិញទៀត ជាក់ស្តែងដូចជាខ្ញុំជាអ្នកសរសេរអត្ថបទជាដើម ខ្ញុំត្រូវការតែកុំព្យូទ័រ មានអ៉ីនធើណិត ខ្ញុំអាចធ្វើការឲ្យ apamat.com នៅកន្លែងណា ពេលណាក៏បាន។ 

៣. បើកវគ្គបង្រៀនតាមអ៉ីនធើណិត

វិធីនេះគឺជាការយកចំណេះដឹងទៅប្តូរយកលុយសុទ្ធសាធ តាមរយៈការលក់វីឌីអូបង្រៀន សៀវភៅអេឡិចត្រូនិក និងលក់សំបុត្រចូលរួមកម្មវិធីសិក្ខាសាលាធំៗ។ ជាក់ស្តែងដូចជាលោក Robert Kiyosaki ដែលអ្នកប្រហែលជាធ្លាប់ស្គាល់លោកតាមរយៈសៀវភៅ Rich Dad Poor Dad ដ៏ល្បីល្បាញពេញពិភពលោក។ លោក Kiyosaki ក៏រកចំណូលមហាសាសពីកម្មវិធីបង្រៀនតាមអ៉ីនធើណិតនេះដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។