អចលនទ្រព្យគឺជាការវិនិយោគមួយដ៏មានវ័យចំណាស់ និងពេញនិយមជាងគេក្នុងប្រភេទទ្រព្យទាំងអស់។ អ្នកវិនិយោគជើងថ្មីភាគច្រើនដឹងរឿងនេះ ប៉ុន្តែពួកគេអាចមិនដឹងថាមានប្រភេទវិនិយោគខុសៗគ្នាជាច្រើនដែលមាននៅក្នុងវិស័យអចលទ្រព្យ។
ប្រសិនបើអ្នកសម្រេចចិត្តថាចង់ហក់ចូលក្នុងពិភពវិនិយោគលើវិស័យអចលនទ្រព្យ អ្នកប្រហែលជាត្រូវបូជាពេលវេលា កម្លាំង និងធន់ធានដើម្បីប្តូរយកសេរីភាពហិរញ្ញវត្ថុ និងចំណូលមិនចេះរីងស្ងួតមកវិញ ខ្ញុំចង់ដឹកដៃអ្នកឲ្យមកស្គាល់ប្រភេទខុសគ្នានៃការវិនិយោគលើវិស័យអចលនទ្រព្យដូចខាងក្រោម។
ប្រសិនបើអ្នកចង់ទិញ អភិវឌ្ឍ ឬដោះដូរអចលនទ្រព្យ វាអាចមានប្រយោជន៍ក្នុងការដឹងអំពីលក្ខណៈពិសេសនៃប្រភេទអចលទ្រព្យមួយចំនួននេះ។
-ការវិនិយោគលើលំនៅដ្ឋាន គឺជាអចលវត្ថុដូចជាលំនៅដ្ឋាន អាគារអាផាតមិន បុរី និងផ្ទះលំហែកាយដែលជាកន្លែងមនុស្សម្នាក់ ឬគ្រួសារមួយបង់ប្រាក់ឲ្យអ្នកដើម្បីមានសិទ្ធរស់នៅក្នុងអចនទ្រព្យនោះ។ រយៈពេលនៃការស្នាក់នៅរបស់ពួកគេគឺអាស្រ័យលើកិច្ចសន្យាដែលពួកគេចុះហត្ថលេខាជាមួយអ្នក ដែលគេហៅថាកិច្ចព្រមព្រៀងជួល។ ភាគច្រើន នៅកម្ពុជារយៈពេលនៃការជួលជាមូលដ្ឋានគឺ ៦ខែម្តង។
–ការវិនិយោគលើអាគារពាណិជ្ជកម្ម មានប្លុកជាច្រើនរួមមានអាគារការិយាល័យ និង skyscraper ជាដើម។ ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ដើម្បីសាងសង់អាគារតូចមួយដែលមានបន្ទុប់ការិយាល័យឯកជន អ្នកអាចជួលវាទៅឲ្យក្រុមហ៊ុនផ្សេងៗ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលអាចបង់លុយថ្លៃជួលឲ្យអ្នកដើម្បីអាចប្រើប្រាស់អចលនទ្រព្យនោះ។ វាមិនមានភាពស្ថិតថេរទេចំពោះអាគារពាណិជ្ជកម្ម ព្រោះថាវាភាគច្រើនត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលច្រើនឆ្នាំ។ វាមានលំហូរសាច់ប្រាក់ថេរ ហើយវាអាចជួយម្ចាស់អចលនទ្រព្យពីការធ្លាក់ចុះនៃតម្លៃជួល ប៉ុន្តែប្រសិនបើទីផ្សារស្ទុះឡើង ហើយតម្លៃជួលងើបឡើងក្នុងរយៈពេលខ្លី ម្ចាស់អចលនទ្រព្យក៏ជាប់គាំងមិនអាចតម្លើងថ្លៃបានដែរដោយសារជាប់កិច្ចសន្យាជួល។
-ការវិនិយោគលើសំណង់ឧហ្សាហកម្ម គឺជាការវិនិយោគសាងសង់ឃ្លាំងសម្រាប់ស្តុកទំនិញនានាដែលម្ចាស់ក្រុមហ៊ុនទាំងនោះចុះកិច្ចព្រមព្រៀងជួល។
–ការវិនិយោគលើផ្សារលក់ទំនិញ មានផ្សារទំនើប និងផ្សារលក់រាយផ្សេងៗ។
-ការវិនិយោគចម្រុះ គឺជាអចនទ្រព្យដែលច្របាច់បញ្ជូលប្រភេទខាងលើចូលជាគម្រោងតែមួយ។ មានអាគារថ្មីៗជាច្រើននៅភ្នំពេញដែលវិនិយោគលើពាណិជ្ជកម្មចម្រុះមានទាំងអាគារស្នាក់នៅ ការិយាល័យ ក្លិបហាត់ប្រាណ និងផ្សារទំនើប។ ការវិនិយោគប្រភេទនេះមានប្រជាប្រិយភាពព្រោះថាវាផ្តល់តម្រូវការច្រើនផ្នែក ហើយវាធ្វើឲ្យយើងអាចគ្រប់គ្រងហានិភ័យបាន។
ក្រៅពីប្រភេទទាំងនេះនៅមានការពុះដីឡូហ៍លក់ដែលកំពុងពេញនិយមនៅកម្ពុជា ការទិញអចលនទ្រព្យណាមួយមកដាក់ជួល និងការសាងសង់តំបន់ពាណិជកម្មចម្រុះជាដើម៕
