ហេតុអ្វីការប្រកួតប្រជែងល្អសម្រាប់អាជីវកម្មរបស់យើង?

2788

តើអ្នកធ្លាប់ស្រម៉ៃថាបើមុខរបរដែលយើងកំពុងតែធ្វើមិនមានអ្នកមកប្រកួតប្រជែងជាមួយមិនដឹងជាល្អយ៉ាងណាទេ? តែតាមពិតការមានគូរប្រជែងធ្វើអោយយើងកាន់តែខំប្រឹងប្រែងធ្វើអោយល្អជាងគេក្នុងការព្យាយាមបង្កើតអ្វីថ្មីៗ ហើយមិនត្រឹមតែប៉ុណ្ណោះអតិថិជនក៏មានជម្រើសក្នុងការជ្រើសរើសផលិតផលឬសេវាណាដែលខ្លួនគិតថាល្អមានតម្លៃសមរម្យ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលបង្ហាញថាអាជីវកម្មគ្រប់ប្រភេទមិនអាចខ្វះដៃគូរប្រកួតប្រជែងបានឡើយ។

១. សេវាកម្មអតិថិជនល្អជាងមុន៖ ពេលមានអាជីវកម្មផ្សេងដូចយើងដែរ អ្នកប្រាកដជាផ្ដល់សេវាកម្មដល់អតិថិជនបានល្អជាមិនខានព្រោះបើយើងមិនខំធ្វើអោយល្អទេ ពួកគាត់ប្រាកដជានឹងទៅរកកន្លែងផ្សេងជាមិនខាន។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃនិងគុណភាពនៃទំនិញដែលផ្ដល់ជូនពួកគាត់ក៏មានភាពប្រដំប្រសងគ្នាដែរ។ 

២. មានការបង្កើតថ្មី៖ ពេលមានគូរប្រជែង ការបង្កើតនូវផលិតផលថ្មីគឺពិតជាសំខាន់សម្រាប់អាជីវកម្មរបស់អ្នកក្នុងការទាក់ទាញយកអតិថិជនថ្មីៗ។ ផ្ទុយទៅវិញពេលអ្នកស្ថិតនៅចំនុចកំពូល អ្នកប្រាកដជាមិនសូវគិតពីការធ្វើអ្វីថ្មីឬធ្វើអោយល្អជាងមុនទេព្រោះទោះអ្នកខំប្រឹងប៉ុណ្ណាក៏គ្មានអ្នកមកដណ្ដើមម៉ូយដែរ។ ឧទាហរណ៍កាលពីមុន Canon និង Nikon គឺដណ្ដើមចំណែកទីផ្សារបានយ៉ាងច្រើនព្រោះមានតែក្រុមហ៊ុនធំៗពីរនឹងដែលគេស្គាល់ច្រើននិងផលិតកាមេរ៉ាគុណភាពខ្ពស់។ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ Sony បានផលិតកាមេរ៉ាប្រភេទ Mirrorless ដែលមានសមត្ថភាពប្រហាក់ប្រហែលកាមេរ៉ាធំៗដទៃទៀតដែរតែមានទំហំតូចនិងទម្ងន់ស្រាល ទើបក្រុមហ៊ុន Canon និង Nikon ចាប់ផ្ដើមផ្ដោតលើការផលិតកាមេរ៉ាប្រភេទនេះម្ដង។

៣. ដឹងពីចំនុចខ្លាំងនិងខ្សោយរបស់ខ្លួន៖ ពេលមិនទាន់មានគូរប្រជែងអ្នកអាចមិនដឹងថាការរកស៊ីរបស់ខ្លួនមានចំនុចខ្លាំងឬចំនុចខ្សោយត្រង់ផ្នែកណាទេ។ ហេតុនេះហើយពេលមានគូរប្រជែងពួកគេនឹងបង្ហាញអោយអ្នកដឹងថាយើងខ្វះខាតអ្វីខ្លះដោយមើលទៅលើចំនុចដែលគូរប្រជែងធ្វើល្អជាងយើងហើយយើងអាចយកចំនុចខ្សោយរបស់ខ្លួនមកធ្វើអោយល្អជាងមុន រីឯចំនុចខ្លាំងរបស់ខ្លួនគឺយើងនៅតែរក្សាអោយបានល្អដដែល។ 

៤. ធ្វើអោយអ្នកផ្ដោតលើអតិថិជនកាន់តែខ្លាំង៖ ដូចចំនុចខាងលើអញ្ចឹងពេលមានអ្នកមកប្រកួតប្រជែងជាមួយ ពេលនោះអ្នកចាប់ផ្ដើមភ័យខ្លាចបាត់បង់អតិថិជនដែលមានស្រាប់ ដូចនេះហើយអ្នកក៏កាន់តែអោយតម្លៃទៅអតិថិជនទាំងនោះនិងផ្ដល់សេវាកាន់តែល្អជាងមុនដល់ពួកគាត់។ 

៥. មិនចាំបាច់ប្រឈមមុខនឹងអតិថិជនយ៉ាប់ៗ៖ ប្រាកដណាស់ថាម្ចាស់អាជីវកម្មមួយៗធ្លាប់ជួបភ្ញៀវមួយចំនួនដែលសូញសាញច្រើនព្រោះតែរឿងតម្លៃខុសគ្នាបន្ដិចបន្ដួច តែមិនយល់ពីសេវាកម្មយើងដែលល្អជាងគេទេ។ ហេតុនេះហើយពេលមានអាជីវកម្មដូចយើងដែរ ពួកគេអាចទៅរកកន្លែងផ្សេងបានមិនចាំបាច់មករកយើង ដែលតែងតែធ្វើអោយយើងនិងភ្ញៀវអន់ចិត្តនឹងគ្នាទៅវិញទៅមក៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។