ធ្វើដូចម្ដេចទើបអាជីវកម្មយើងលេចធ្លោជាងគេ?

3147

មិនថាអ្នករកស៊ីធំតូច នៅក្នុងក្រុងឬតាមខេត្តទេ អ្នកប្រាកដជាមានដៃគូរប្រកួតប្រជែងជាក់ជាមិនខាន។ ប៉ុន្ដែបើអ្នកអាចអនុវត្តចំនុចទាំងនេះ អ្នកនឹងមានប្រៀបជាងអាជីវកម្មដទៃ ដោយមិនចាំបាច់ភ័យខ្លាចការដណ្ដើមយកម៉ូយពីយើងទៀតទេ។ 

១. ដំបូងបំផុតផ្ដោតលើអតិថិជន៖ នៅក្នុងពិភពជំនួញសព្វថ្ងៃនេះគឺមានការប្រកួតប្រជែងច្រើនណាស់ ដូចនេះបើចង់អោយទទួលបានអតិថិជនកាន់តែច្រើន កិច្ចការចម្បងដែលយើងត្រូវធ្វើគឺត្រូវចេះយកចិត្តទុកដាក់ហើយស្វែងយល់ពីតម្រូវការរបស់របស់ពួកគាត់។ បើគ្មានអតិថិជនទេយើងក៏គ្មានចំណូលដែរ រីឯអាជីវកម្មដទៃទៀតគេក៏ឃ្លាំមើលថាតើយើងធ្វេសប្រហែសត្រង់ចំនុចណាដើម្បីងាយស្រួលអោយគេបេះយកអតិថិជនទាំងនោះពីយើងបាន។

២. កុំព្យាយាមធ្វើតាមគេពេក៖ ការចម្លងតាមគេមិនត្រូវបានអតិថិជនកោតសរសើរទេ ថែមទាំងត្រូវគេមិនចូលចិត្តទៀតផង។ យើងត្រូវផ្ដោតទៅលើអ្វីដែលធ្វើអោយអាជីវកម្មយើងមានភាពប្លែកពីគេដទៃទៀត ឧទាហរណ៍បើយើងចង់លក់កាហ្វេ យើងត្រូវមានភេសជ្ជៈប្លែកពីគេ បើមិនដូច្នោះទេការតុបតែងហាងក៏ត្រូវមានលក្ខណៈពិសេសផ្ទាល់ខ្លួនដែលមើលទៅមិនស្រដៀងគ្នានឹងកន្លែងផ្សេងៗ ឬបើចង់បើកភោជនីយដ្ឋានយើងត្រូវមានអាហារពិសេសប្រចាំហាង។ បើយើងចម្លងតាមគេទាំងដុលមិនមានអត្តសញ្ញាណផ្ទាល់ខ្លួន នោះអតិថិជនគេនឹងរកអាជីវកម្មណាដែលមានគំនិតនោះមុនហើយ គេមិនមករកយើងទេ។

៣. រៀនសូត្រពីគូរប្រជែង៖ យើងគួរតែចាត់ទុកពួកគេត្រឹមតែជាគូរប្រជែងនឹងយើងបានហើយ ព្រោះបើចាត់ទុកគេជាសត្រូវនោះយើងនឹងមិនមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមកទេ។ ការមានការប្រកួតប្រជែងក្នុងការរកស៊ីគឺល្អសម្រាប់ទាំងអតិថិជនដោយគាត់ទទួលបានផលិតផលល្អក្នុងតម្លៃសមរម្យ និងល្អសម្រាប់អាជីវកម្មវិញគឺយើងខិតខំបង្កើតនូវអ្វីថ្មីៗដែលជួយលើកតម្កើតកេរ្តិ៍ឈ្មោះយើងបាន។ តើអ្នកដែលឃើញក្លឹបអ្នករកស៊ីនៅកម្ពុជាដែរឬទេ? ក្លឹបទាំងនោះគឺល្អសម្រាប់ម្ចាស់អាជីវកម្មមកពីគ្រប់វិស័យក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការធ្វើអោយការរកស៊ីរីកចម្រើន ដោយពួកគាត់មិនប្រកាន់ថាអ្នកនេះរកស៊ីស្រដៀងនឹងគាត់ឬខុសពីគាត់ទេ។ បើយើងក្រលេកទៅមើល Apple និង Samsung វិញ ក្រុមហ៊ុនទាំងពីរនេះគឺជាគូរប្រជែងដ៏ធំ និងធ្លាប់ប្ដឹងផ្ដល់គ្នាប៉ុន្មានដងមកហើយ តែចុងបញ្ចប់គឺពួកគេនៅតែត្រូវការគ្នាក្នុងកាទិញលក់កវត្ថុធាតុដើមដើម្បីផលិតឧបករណ៍អេឡិចត្រូនិច ហើយពេលនេះក្រុមហ៊ុនទាំងពីរនេះគឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនធំៗបំផុតរបស់ពិភពលោក។ 

៤. ចាត់ទុកគូរប្រកួតប្រជែងគឺជាអ្នកជំរុញការអភិវឌ្ឍន៍របស់យើង៖ ការមានអ្នកមកប្រណាំងប្រជែងជាមួយយើងក្នុងការរកស៊ីមិនមែនជារឿងដែលត្រូវភ័យព្រួយទេ ព្រោះពួកគេគឺជាអ្នកដែលជំរុញទឹកចិត្តអោយយើងកាន់តែខិតខំប្រឹងប្រែងតទៅមុខទៀត។ មិនត្រឹមតែប៉ុណ្ណោះពួកគេអាចធ្វើអោយយើងដឹងពីចំនុចខ្សោយ និងខ្លាំងរបស់ខ្លួនសម្រាប់យកទៅកែប្រែដើម្បីបំពេញការចង់បានរបស់អតិថិជន៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។