អាមេរិក(CNBC)៖ សេវាកម្មប្រៃសណីយ៍អាមេរិក ដែលហៅកាត់ថា USPS បានស្នើដំឡើងថ្លៃសេវាពី 9-12% សម្រាប់សេវាកម្មដឹកជញ្ជូនដែលប្រើដោយក្រុមហ៊ុន Amazon បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ USPS កាលពីប៉ុន្មានខែមុន ដោយនិយាយថាវាហាក់ដូចជាផ្តល់កិច្ចព្រមព្រៀងល្អពេកដល់ Amazon។
សេវាកម្មប្រៃសណីយ៍របស់រដ្ឋនេះ ក៏ត្រូវបានប្រើដោយក្រុមហ៊ុន United Parcel Service និង FedEx ផងដែរ ក្នុងការដឹកជញ្ជូនទំនិញទៅដាក់មុខផ្ទះរបស់អតិថិជនរបស់ពួកគេ។ USPS បានស្នើឱ្យមានការកើនឡើង 9,3% នៃសេវាកម្មនេះសម្រាប់កញ្ចប់ទំនិញដែលមានទំងន់ជាង 1 ផោន និងកើនឡើង 12,3% លើកញ្ចប់ស្រាល។
I have stated my concerns with Amazon long before the Election. Unlike others, they pay little or no taxes to state & local governments, use our Postal System as their Delivery Boy (causing tremendous loss to the U.S.), and are putting many thousands of retailers out of business!
— Donald J. Trump (@realDonaldTrump) March 29, 2018
លោក Trump បានចេញសេចក្តីបង្គាប់ក្នុងខែមេសាដើម្បីបង្កើតក្រុមការងារមួយដើម្បីពិនិត្យមើល USPS ដោយអះអាងថាវាកំពុងស្ថិតក្នុង “ផ្នែកហិរញ្ញវត្ថុដែលគ្មាននិរន្តរភាព” ។ គាត់ក៏បានបង្ហោះសារនៅលើ Twitter ផងដែរថា USPS គឺជា “ក្មេងសម្រាប់ដឹកទំនិញ” របស់ក្រុមហ៊ុន Amazon ហើយមិនបានរកប្រាក់ចំណូលពីអាជីវកម្មរបស់ Amazon ទេ។
អ្នកនាំពាក្យរបស់ USPS បាននិយាយថា ការផ្លាស់ប្តូរទាំងនេះ មិនមែនជាការឆ្លើយតបចំពោះការរិះគន់របស់លោក Trump នោះទេ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “ការកើនឡើងតម្លៃនេះ ឆ្លុះបញ្ចាំងពីការវិនិច្ឆ័យល្អបំផុតរបស់អភិបាលរដ្ឋប្រៃសណីយ៍ដែលកំពុងស្វែងរកការបង្កើតអត្រាសេវាថ្មីដែលនឹងជួយឱ្យសេវាកម្មប្រៃសណីយ៍មានការប្រកួតប្រជែង ខណៈដែលកំពុងផ្តល់សេវាប្រៃសណីយ៍ជាមួយនឹងប្រាក់ចំណូលដែលចាំបាច់” ។
ការផ្លាស់ប្តូរទាំងនេះ ប្រសិនបើត្រូវបានអនុម័តដោយនិយតករ វានឹងចូលជាធរមាននៅថ្ងៃទី 27 ខែមករាឆ្នាំ 2019 ខាងមុខ៕
