Sears ដែលធ្លាប់ជាក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតអាចនឹងប្រកាសក្ស័យធុននៅសប្ដាហ៍ក្រោយ

2571

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sears ដែលអតីតគឺជាហាងលក់ទំនិញរាយដ៏ធំបំផុតរបស់អាមេរិចបានទាក់ទងនៅកាន់ខាងធនាគារដើម្បីរៀបចំឯកសារសម្រាប់ប្រកាសក្ស័យធន់នៅថ្ងៃអាទិត្យនេះ ក្រោយវត្តមាន១២៥ឆ្នាំនៅក្នុងសហរដ្ឋអាមេរិច។ កាលពីថ្ងៃពុធតម្លៃភាគហ៊ុនរបស់ Sears បានធ្លាក់ចុះ៣២%មកនៅសល់ត្រឹម៤០សេនប៉ុណ្ណោះក្នុងមួយភាគហ៊ុន។ ហេតុផលដែលធ្វើអោយ Sears សម្រេចចិត្តប្រកាសក្ស័យធុនគឺដោយសារក្រុមហ៊ុនបានជាប់បំណុលគេចំនួន ១៣៤លានដុល្លា ដែលនឹងដល់ពេលគេប្រមូលយកនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ លោក Eddie Lampert ដែលជា CEO របស់ Sears បាននិយាយថាការប្រកាសក្ស័យធុនមិនទាន់ច្បាស់មួយរយភាគរយទេ ដោយគាត់អាចនឹងដាក់លុយផ្ទាល់ខ្លួនចូលទៅក្នុងក្រុមហ៊ុនដើម្បីបញ្ចៀសការកើតឡើងនូវហេតុការនេះ ព្រោះកន្លងមកគាត់បានប្រើប្រាស់លុយផ្ទាល់ខ្លួនប៉ុន្មានដងមកហើយដើម្បីជួយសង្គ្រោះក្រុមហ៊ុន។ 

លោក Lampert គ្រប់គ្រងភាគហ៊ុនប្រមាណ៣១%នៃភាគហ៊ុនសរុប ហើយកាលពីឆ្នាំ២០០៤គាត់បានទិញ Kmart និងមួយឆ្នាំក្រោយមកគាត់ក៏បានដាក់ Kmart ជាមួយ Sears បញ្ចូលគ្នាដោយគាត់នៅតែកាន់កាប់ភាគហ៊ុនភាគច្រើនដដែល។ ហាងលក់ទំនិញទាំងពីរនេះបានទទួលរងផលប៉ះពាល់ខាងការលក់ដោយសារតែមានគូរប្រកួតប្រជែងថ្មីៗជាច្រើន ប៉ុន្ដែលោក Lampert នៅតែមានជំនឿថាគាត់អាចនឹងស្រោចស្រង់ក្រុមហ៊ុនបានខ្លះតាមរយៈការទាញយកផលចំនេញពីអចលនទ្រព្យរបស់ទីតាំងហាងទំនិញទាំងនោះដែលមានតម្លៃខ្ពស់។

ប៉ុន្មានឆ្នាំមុនវិបត្តិសេដ្ឋកិច្ច២០០៨ ការលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជាម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចាន… បានធ្លាក់ចុះគួបផ្សំនឹងការរីកចម្រើនឡើងខាងវិស័យលក់ទំនិញអនឡាញផងនោះបានធ្វើអោយ Sears ខាតបង់យ៉ាងខ្លាំង។ តាំងតែពីឆ្នាំ២០១០ មក Sears មិនដែលទទួលបានប្រាក់ចំនេញឡើយ។ អ្នកវិភាគបាននិយាយថាដើម្បីអោយដំណើរការទៅមុខបានទៀតគឺក្រុមហ៊ុនត្រូវចំណាយលុយ១ពាន់លានដុល្លាក្នុងមួយឆ្នាំ ដោយកាលពីមុន Sears និង Kmart មានសាខាសរុប៣៥០០ទីតាំង ឥឡូវនេះនៅសល់តិចជាង៩០០ទីតាំងប៉ុណ្ណោះ។ ចំណែកឯបុគ្គលិកចំនួន ៩០០០០នាក់ដែលនៅសល់ប្រឈមនឹងការបាត់បង់ការងារជារៀងរាល់ថ្ងៃ។ 

បើតាមការវិភាគរបស់អ្នកជំនាញបាននិយាយថាកំហុសដែល Sears បានបង្កើតឡើងនោះគឺការមិនព្រមចូលរួមទីផ្សារអនឡាញជាមួយក្រុមហ៊ុនលក់ទំនិញរាយដទៃទៀតដូចជា Amazon ឬ Walmart។ ទន្ទឹមនឹងនេះដែរហាងលក់ទំនិញរបស់ក្រុមហ៊ុនដទៃទៀតត្រូវបានរចនានិងរៀបចំដើម្បីបំពេញតម្រូវការមនុស្សសម័យថ្មី តែ Sears បែរជាមិនបានផ្ដោតទៅលើការកែប្រែហាងទំនិញរបស់ខ្លួនទៅវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។