ហេតុផលដែលថារកស៊ីក្រោយពេលរៀបការល្អជាងមិនទាន់រៀបការ

3858

អត្ថបទនេះមិនមែនចង់និយាយថាទាល់តែអ្នករៀបការហើយទើបអាចរកស៊ីជោគជ័យទេ ព្រោះទាំងអ្នករៀបការនិងមិនទាន់រៀបការសុទ្ធតែមានចំនុចល្អរៀងខ្លួនដើម្បីចាប់ផ្ដើមអាជីវកម្មណាមួយ។ ថ្ងៃនេះ Apamat សូមលើកយកហេតុផលប្រាំដែលបង្ហាញក្រោយពេលរៀបការអ្នកនឹងចេះជំនាញមួយចំនួនដែលសំខាន់សម្រាប់ការរកស៊ី តែកុំគិតទាល់តែរៀបការទើបចេះវាព្រោះអ្នកខ្លះមានជំនាញទាំងនេះតាំងតែពីកើតមកម្ល៉េះ។

១. មានទំនាក់ទំនងល្អជាងមុន៖ ការទំនាក់ទំនងគឺជាផ្នែកមួយសំខាន់ក្នុងការរស់នៅមិនថាក្នុងគ្រួសារឬការរកស៊ីទេ។ កាលនៅលីវយើងធ្វើអ្វីភាគច្រើនគិតតែពីខ្លួនឯងមិនសូវយល់ពីចិត្តអ្នកផ្សេងទេ តែក្រោយពេលរៀបការហើយអ្នកអាចក្លាយទៅជាមនុស្សដែលពូកែខាងទំនាក់ទំនង និងចេះយល់ចិត្តអ្នកដទៃជាងមុន ព្រោះពេលនេះផែនការរស់នៅប្រចាំថ្ងៃត្រូវសម្រេចចិត្តដោយមនុស្សពីរអ្នក ដូចនេះអ្នកដាច់ខាតត្រូវតែចេះសួរយោបល់និងបញ្ចេញមតិរបស់ខ្លួនអោយដៃគូរស្ដាប់។ ហេតុផលនេះហើយដែលបញ្ជាក់ថាអ្នកនឹងពូកែខាងការទំនាក់ទំនងជាងមុនក្រោយពេលរៀបការហើយ។

២. មុឺងម៉ាត់ជាងមុន៖ ការរកស៊ីត្រូវការមនុស្សមុឺងម៉ាត់ទើបអាចធ្វើការបានចំគោលដៅ និងសម្រេចបានចិត្តលឿន។ ចំណែកឯការរៀបការធ្វើអោយមនុស្សភាគច្រើនក្លាយទៅជាមនុស្សមុឺងម៉ាត់ ការរស់នៅរបស់យើងក៏មានរបៀបរៀបរយ និងចេះគិតគូរច្រើនជាងមុនព្រោះយើងដឹងថាខ្លួនឯងដល់វ័យក្លាយទៅជាឪពុកម្ដាយគេហើយ។ 

៣. ចេះរៀបផែនការ៖ កាលមិនទាន់រៀបការមនុស្សមួយចំនួនចេះតែចាយតាមរកបាន តែក្រោយរៀបការហើយអ្នកនឹងចេះសន្សំលុយសម្រាប់ទិញផ្ទះ ឡាន ដំណើរកំសាន្ដ ឬសម្រាប់ការបន្ទាន់ជាដើម…។ រីឯការរកស៊ីក៏ដូចគ្នាដែរព្រោះគ្រប់សកម្មភាពក្នុងការរកស៊ីទាំងអស់ត្រូវការព្រាងទុកមុនយ៉ាងច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើមួយ។

៤. ចេះចាញ់ខ្លះឈ្នះខ្លះ៖ ដៃគូរជីវិត និងដៃគូររកស៊ីពេលខ្លះអាចមិនចុះសម្រុងនឹងគ្នា ដូចនេះហើយអ្នកនឹងដឹងថាដើម្បីអោយអាពាហ៍ពិពាហ៍និងការរកស៊ីបន្ដទៅមុខបានយើងត្រូវចេះធ្វើចាញ់ខ្លះធ្វើឈ្នះខ្លះ មិនអាចយកឈ្នះតែម្នាក់ឯងរហូតទេ។ ពេលនេះអ្នកនឹងចេះជំនាញមួយគឺការពិគ្រោះយោបល់គ្នាល្អជាងមុន ដោយចេះយកអារម្មណ៍គេដាក់ក្នុងខ្លួនមុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ 

៥. មានអ្នកចាំរិះគន់ក្នុងន័យស្ថាបនា៖ មនុស្សជាទូទៅការរិះគន់ទេព្រោះយើងគិតថាគេកំពុងតែបំបាក់យើង ហើយអាចនឹងខឹងគេទៀតផង។ តែក្រោយពេលអ្នករៀបការហើយ ប្ដីឬប្រពន្ធយើងនឹងជួយវាយតម្លៃពីសកម្មភាពក្នុងការរកស៊ីរបស់យើងក្នុងន័យចង់អោយកែប្រែដើម្បីអោយល្អ ចំណែកខ្លួនយើងវិញក៏មិនអាក់អន់ចិត្តឬប្រកាន់ខឹងដែរព្រោះដឹងថាគាត់ចង់អោយការរកស៊ីល្អមែន មិនចេះតែនិយាយបំបាក់ទឹកចិត្តយើងទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។