អ្នកជំនាញព្រួយបារម្ភចំពោះរបត់អាជីវកម្មថ្មីក្នុងកម្ពុជា ដែលប្រើប្រាស់សត្វជាការទាក់ទាញ

2048
រូបភាពពី ៖ Wildlife Alliance

នៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ យើងសង្កេតឃើញសន្ទុះថ្មីមួយក្នុងការនិយមបើកហាងកាហ្វេដែលដាក់បង្ហាញសត្វក្នុងការទាក់ទាញចំនួននៃការលក់។ អ្នកជំនាញផ្នែកសត្វព្រៃបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តបែបនេះព្រោះវានឹងនាំហានិភ័យចំពោះសត្វទាំងនោះ  ម្យ៉ាងវិញទៀតអ្នកជំនាញក៏បានលើកជាសារប្រមានផងដែរថា ការជួញដូរសត្វគឺកំពុងមានការគ្រប់គ្រងមិនបានល្អ។

នៅតាមហាងកាហ្វេក្នុងភ្នំពេញមួយចំនួនមានដាក់បង្ហាញសត្វដូចជាពស់ តុកកែ ពីងពាង និងសត្វសេក។ ហាងមួយចំនួនទៀតក៏មានដាក់បង្ហាញពពួកសត្វផ្សេងៗនិងប្លែកៗដទៃទៀតដូចជា marmosets, ជ្រូកហ្គីណេ chinchilla និង raccoon ។ ម្ចាស់ហាងភាគច្រើនសម្រេចចិត្តបើកអាជីវកម្មបែបនេះអាស្រ័យដោយឃើញសន្ទុះនៃការគាំទ្រពីអតិថិជនរួមទាំងផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនផងដែរ។ ម្ចាស់ហាងកាហ្វេមួយរូបបានលើកឡើងថា “ដោយសារតែទីផ្សាកាហ្វេសព្វថ្ងៃមានការរីកចម្រើន ដូច្នេះហើយគាត់ក៏មានគំនិតចង់បើកហាងកាហ្វេតូចមួយដែលអាចបង្ហាញសត្វមួយចំនួនដែលគាត់ស្រលាញ់ទៅកាន់អតិថិជនបាន។ ម្យ៉ាងកំឡុងពេលដែលភ្ញៀវកំពុងទទួលទានកាហ្វេ ពួកគេអាចប្រលែងលេងជាមួយសត្វទាំងអស់នោះបានដោយរីករាយ”។ បន្ថែមពីលើចំណង់ចំណូលចិត្ត ម្ចាស់ហាងមួយចំនួនក៏មានគំនិតក្នុងការជួយណែនាំដល់អតិថិជនទាំងឡាយដើម្បីអោយស្គាល់នូវប្រភេទសត្វមួយចំនួនផងដែរ។

ចំពោះការនាំចូលសត្វទាំងនោះ ប្រភេទសត្វខ្លះត្រូវបាននាំចូលពីប្រទេសថៃ និងខ្លះទៀតពីប្រទេសវៀតណាម។ ការនាំចូលនេះមានខ្លះក៏មិនមានឯកសារនាំចូលត្រឹមត្រូវនោះទេ។ ភាគច្រើនការនាំចូលនោះគឺប្រព្រឹត្តឡើងតាមរយៈអ្នកស្គាល់គ្នាដែលនៅប្រទេសជិតខាងនោះ ហើយម្ចាស់ហាងក៏បានពឹងពាក់អ្នកស្គាល់គ្នាអោយជួយសម្រួលក្នុងការនាំចូលក្នុងប្រទេសយើង។ ពួកគេបានលើកឡើងថា “សត្វដែលពួកគេនាំចូលមកនេះមិនស្ថិតក្នុងពពួកដែលទទួលការគំរាមកំហែងជិតផុតពូជនោះទេ ហើយពួកគេក៏បានសុំអាជ្ញាប័ណ្ឌរយៈពេលប្រាំឆ្នាំហើយដែរ”។

Sarah Brook ដែលជាអ្នកផ្តល់យោបល់ផ្នែកបច្ចេកទេសនៃសហគមន៍ការពារសត្វព្រៃ (WCS) លើកឡើងថា របត់នៃការធ្វើជំនួញបែបនេះគឺជាកង្វល់មួយ។ បើទោះបីជាត្រូវចិញ្ចឹមក្នុងទ្រុងក៏ដោយ សត្វគឺត្រូវការការថែទាំដោយយកចិត្តទុកដាក់ខ្ពស់ណាស់ និងចាំបាច់ត្រូវមានបរិស្ថានល្អ មិនមានការរំខាន។ អ្នកនាងយល់ថាហាងកាហ្វេនៅក្នុងភ្នំពេញនឹងអាចផ្តល់ចំណុចទាំងអស់នេះបាននោះទេ។ លើសពីនោះទៅទៀត គាត់សង្កត់ធ្ងន់ថា កម្ពុជាត្រូវការចេញវិធានការតឹងរ៉ឹងដើម្បីការពារការជួញដូរសត្វព្រៃខុសច្បាប់។

យ៉ាងណាមិញ លោក កែវ អូម៉ាលីស ដែលជានាយកផ្នែករុក្ខាប្រមាញ់បានពន្យល់ថាបញ្ហានេះមិនចោតខ្លាំងនោះទេ ពីព្រោះក្នុងប្រទេសកម្ពុជាបញ្ហានាំចូលសត្វព្រៃឆ្លងព្រំដែនមានតិចតួចណាស់។ ម្យ៉ាងទៀត វានឹងគ្មានបញ្ហាអ្វីនោះទេអោយតែសត្វទាំងនោះត្រូវបានចុះបញ្ជីក្នុងប្រទេសកម្ពុជា មិនមែនជាសត្វដែលស្ថិតក្នុងតារាងសត្វដែលនៅក្នុងការគំរាមកំហែង ហើយត្រូវបានយកមកដាក់បង្ហាញក្នុងគោលដៅអប់រំដល់អ្នកចូលទស្សនា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Nick Marx ដែលជានាយកនៃ Wildlife Alliance មានតួនាទីជួយសង្គ្រោះនិងថែទាំសត្វព្រៃនៅតែយល់ថា សត្វទាំងនោះគួរតែបញ្ជូនត្រលប់ទៅជម្រកដើមរបស់ពួកគេ។ ការឃុំទុកសត្វបែបនេះមិនមែនជាទង្វើល្អនោះទេ ម្យ៉ាងទៀតវាមិនមែនស្ថិតក្នុងគោលដៅដើម្បីអភិរក្សសត្វនោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដើម្បីទាក់ទាញអតិថិជនច្រើនជាង។ លោក Nick Marx បន្ថែមថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់និងធ្វើអោយប្រាកដចិត្តថាសត្វទាំងអស់នោះត្រូវបានរក្សាទុកបានយ៉ាងត្រឹមត្រូវនិងគ្រប់ហាងទាំងអស់បានអនុវត្តត្រឹមត្រូវទៅតាមច្បាប់កំណត់អោយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.