Walmart បានទិញយកក្រុមហ៊ុនលក់សម្លៀកបំពាក់លើអ៉ីនធើណិត Bare Necessities

3164

អាមេរិក(CNBC)៖ Walmart បានឱ្យដឹងកាលពីថ្ងៃសុក្រថាខ្លួនបានទិញយកហាងលក់សំលៀកបំពាក់តាមអនឡាញ Bare Necessities ក្នុងតម្លៃមិនបង្ហាញមួយដែលជាការទិញយកសំលៀកបំពាក់ទីពីររបស់ខ្លួន ក្នុងទិសដៅមុជចូលឲ្យកាន់តែជ្រៅក្នុងវិស័យម៉ូតសម្លៀកបំពាក់។

ក្រុមហ៊ុន Walmart កាលពីសប្តាហ៍មុនបានទិញ Eloquii ដែលជាហាងផ្តោតលើការលក់សំលៀកបំពាក់ដែលមានទំហំធំ។

ក្រុមហ៊ុននេះក៏មានទំនាក់ទំនងជាមួយតារាកំប្លែង និងកម្មវិធីជជែកកម្សាន្ត Ellen DeGeneres ផងដែរ ដើម្បីបើកដំណើរការយុទ្ធនាការច្នៃម៉ូដសម្លៀកបំពាក់ស្ត្រីកាលពីខែសីហា។

នៅឆ្នាំ 2017 អ្នកលក់រាយដែលមានមូលដ្ឋាននៅទីក្រុង Bentonville រដ្ឋ Arkansas បានសហការជាដៃគូជាមួយហាងលក់ទំនិញ Lord & Taylor និងបានចាប់ផ្តើមដាក់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ Walmart.com ខណៈ Lord & Taylor គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hudson’s Bay Co. ។

ក្រុមហ៊ុន Walmart ក៏បានទិញ ShobeBuy ដែល កាលពីឆ្នាំមុនដែលជាក្រុមហ៊ុនមានជំនាញខាងផលិតស្បែកជើង និងសម្លៀកបំពាក់។

ការទិញទំនិញយកហាងលក់សម្លៀកបំពាក់ខ្នាតតូច ដែលធ្វើឡើងដោយ Walmart គឺដើម្បីជួយដល់អ្នកលក់រាយតូចៗអាចទាញយកអតិថិជនវ័យក្មេង អតិថិជនដែលមិនចូលចិត្តទិញទំនិញលើគេហទំព័រ និងដណ្តើមយកទីផ្សារដែលបានបាត់ ដោយសារ Amazon.com និងក្រុមហ៊ុនដទៃទៀត។

កិច្ចព្រមព្រៀងនេះក៏ឆ្លុះបញ្ចាំងពីភាពបន្ទាន់ ក្នុងការការពារចំណែកទីផ្សាររបស់ Walmart ផងដែរ។ យោងតាមរបាយការណ៍មួយពី Morgan Stanley ក្រុមហ៊ុន Walmart កាន់កាប់ 8.6 ភាគរយនៃទីផ្សារសម្លៀកបំពាក់របស់សហរដ្ឋអាមេរិកនៅឆ្នាំ 2017 បន្ទាប់មកក្រុមហ៊ុន Amazon មាន 7,9 ភាគរយ និង Target មាន 4,8 ភាគរយ។

របាយការណ៍នេះបានប៉ាន់ប្រមាណថា ក្រុមហ៊ុន Amazon នឹងវ៉ាដាច់ក្រុមហ៊ុន Walmart ជាក្រុមហ៊ុនលក់រាយឈានមុខគេនៅក្នុងវិស័យកាត់ដេរនៅឆ្នាំ 2018 ។

អ្នកស្រី Denise Incandela ប្រធានផ្នែកម៉ូដសម្លៀកបំពាក់របស់ Walmart បាននិយាយថា “ការទិញយក Bare Necssities នេះ គឺសមស្របទៅនឹងយុទ្ធសាស្ត្រទិញយករបស់យើងដែលរួមបញ្ចូលក្រុមហ៊ុនពីរប្រភេទខុសៗគ្នា ដូចជាជម្រើសកាន់តែច្រើន និងជាគេហទំព័រដែលផ្តល់នូវផលិតផលពិសេសៗ” ។

អ្នកស្រីបាននិយាយទៀតថា Bare Necssities នឹងបន្តប្រតិបត្តិការនៅទីតាំងរបស់ខ្លួនដូចពីមុន ហើយនឹងដំណើរការក្នុងនាមជាយីហោឯករាជ្យ ទោះបីជាត្រូវបានទិញយកដោយ Walmart ហើយក៏ដោយ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1998 ហើយបានដាក់លក់សម្លៀកបំពាក់ច្រើនជាង 160 ម៉ាករួមទាំងអាវទ្រនាប់ហែលទឹក អាវទ្រនាប់ និងខោអាវទ្រនាប់ជាដើម។

ក្រុមហ៊ុន Walmart មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់នៃការទិញយកដើម្បីបង្កើនប្រាក់ចំណូល និងមិនបានធ្វើអត្ថាធិប្បាយអំពីថាតើការទិញនេះនឹងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារប្រភេទនេះនោះទេ។

Walmart បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះបានបិទបញ្ជប់កាលពីថ្ងៃសុក្រ ខណៈភាគហ៊ុនលក់រាយបានកើនឡើង 0,95% ក្នុងតម្លៃ 94,81 ដុល្លារក្នុងមួយហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។