ប្រវត្តិដ៏ជូរចត់របស់ស្ថាបនិកក្រុមហ៊ុន SoftBank លោក Masayoshi Son

3690

មនុស្សគ្រប់គ្នាធ្លាប់លឺតែឈ្មោះក្រុមហ៊ុន Softbank តែមិនដែលបានដឹងថា តើក្រុមហ៊ុនមួយនេះធ្វើការរកស៉ី ឬមានមុខជំនួញអ្វីខ្លះនោះទេ។ នៅថ្ងៃនេះដែល ខ្ញុំនឹងបង្ហាញអ្នកអំពីជីវប្រវត្តិ និងមុខជំនួញរបស់ស្ថាបនិក Softbank។ លោក Masayoshi Son គឺជាស្ថាបនិកនៃក្រុមហ៊ុន Softbank ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសជប៉ុន ហើយលោកក៏ជាបុគ្គលមួយរូបដែលមានទស្សនវិស័យយ៉ាងមុតស្រួចទៅលើវិស័យបច្ចេកវិទ្យាផងដែរ។ លោក son បានកើតក្នុងប្រទេសជប៉ុននាឆ្នាំ ១៩៥៧ ក្រោយពេលជីដូនជីតារបស់លោកបានផ្លាស់ទីលំនៅពីប្រទេសកូរ៉េមកកាន់ប្រទេសជប៉ុនដោយហេតុតែពួកគាត់សង្កេតឃើញ សក្តានុពលនៃេសដ្ឋកិច្ចរបស់ជប៉ុន។ រហូតមកដល់លោក Son មានវ័យជំទង់ ជីវភាពរបស់គ្រួសារលោក ហាក់បីដូចជាមិនសូវជាធូរធារប៉ុន្មាននោះទេ។

នៅអាយុ ១៦ឆ្នាំ លោកបានអានសៀវភៅមួយក្បាលដែលសរសេរដោយលោក Den Fujita ដែលជាស្ថាបនិកក្រុមហ៊ុន  McDonald’s។ ដោយសៀវភៅមួយក្បាលនោះបានធ្វើឲ្យលោកប្តេជ្ញាថានឹងក្លាយជាសហគ្រិនដ៏ល្បីមួយរូបនៅលើពិភពលោក។ លោកបានមានប្រសាសន៍ថា ”ខ្ញុំបានទូរស័ព្ទទៅលេខារបស់លោក Den Fujita ដើម្បីធ្វើការណាត់ជួបពិភាក្សាអស់ជាច្រើនលើច្រើនសារ ប៉ុន្តែពួកគេបាននិយាយថាលោក Den Fujita មិនជួបជាមួយសិស្សនោះទេ ភ្លាមៗនោះខ្ញុំបានឆ្លើយតបទៅវិញថា អ្នកមិនអាចសម្រេចចិត្តជំនួសលោក Den Fujita បាននោះទេ អ្នកគួរតែសួរគាត់សិនចាំសម្រេចជាក្រោយ។ ដោយហេតុតែថ្លៃទូរស័ព្ទនៅពេលនោះវាមានតម្លៃថ្លៃជាងសំបុត្រយន្តហោះទៅទៀត ទើបលោកបានសម្រេចចិត្តទិញសំបុត្រយន្តហោះ ហោះទៅទីក្រុងតូក្យូដោយផ្ទាល់។ នៅពេលបានជួបនឹងលោក Den Fujita លោក Son បានសួរទៅលោក Den Fujita ថា “តើខ្ញុំគួរបង្កើតអាជីវកម្មប្រភេទណា?” ភ្លាមៗនោះលោក Den Fujita បានប្រាប់ទៅលោក Son ថាអ្នកគួរតែបង្កើតអាជីវកម្មដែលទាក់ទង់នឹងកុំព្យូទ័រ។ ហើយក្រោយមកលោកក៏បានចូលរៀនផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងអក្សរសាស្រ្តអង់គ្លេស ដូចដែលលោក Den Fujita បានបង្ហាញប្រាប់។ ហើយជំនាញនោះ ត្រូវបានយកមកប្រើនៅពេលដែលលោកបានផ្លាស់ទីទៅរដ្ឋសានហ្វ្រានស៊ីស្កូ។ នៅទីនោះ លោកបានបញ្ចាប់ថ្នាក់វិទ្យាល័យដោយប្រើរយ:ពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ  ក្រោយមកដោយសារតែការខិតខំរៀនសូត្ររបស់លោក លោកក៏បានជាប់នូវការធ្វើតេស្តទាំង ៦មុខវិជ្ជា សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ។

ហើយនេះគឺជាពាក្យស្លោកដែលលោក Masayoshi Son បានគិតឃើញនៅពេលដែលលោកកំពុងប្រឡង។ “ខ្ញុំមិនមានពេលវេលាសម្រាប់ខ្ជះខ្ជាយនោះទេ ហើយពេលវេលារបស់ខ្ញុំ គឺគិតសម្រាប់តែអ្វីដែលខ្ញុំនឹងធ្វើ។ បើទោះបីជាខ្ញុំត្រូវធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីផ្សាភ្ជាប់ជាមួយមហិច្ឆតារបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមានតែជីវិតមួយប៉ុណ្ណោះ ហើយខ្ញុំចង់ធ្វើនូវរឿងដ៏អស្ចារ្យសម្រាប់បន្សល់ទុកក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ។ ប្រសិនបើខ្ញុំធ្វើនូវរឿងដែលដូចទៅនឹងអ្នកដ៏ទៃធ្វើនោះ ខ្ញុំមុខជាមិនអាចបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ខ្លួនខ្ញុំបាននោះទេ។ ” 

បន្ទាប់ពីបញ្ចប់នូវការប្រឡងដោយជោគជ័យ លោក Son  ក៏បានចូលរៀននៅសកលវិទ្យាល័យនៅឯសហរដ្ឋអាមេរិច ចំពោះមុខការជ្រើសរើសនូវមុខវិជ្ជាសម្រាប់រៀន លោកក៏បានជ្រើសរើសយកជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និង សេដ្ឋកិច្ច។ នៅពេលកំពុងសិក្សាក្នុងឆ្នាំ ១៩៧៦ លោក Son បានចាប់ផ្តើមនូវអាជីវកម្មដំបូងរបស់លោក ដោយលោកបានបង្កើតនូវវចនានុក្រមអេឡិចត្រូនិចមុនដំបូងសម្រាប់ឲ្យសិស្សានុសិស្សប្រើប្រាស់ ហើយវាក៏ជាវចនានុក្រមអេឡិចត្រូនិចតែមួយគត់ដែលបង្កើតដោយខ្លួនលោកផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា វចនានុក្រមអេឡិចត្រូនិចនោះត្រូវបានលក់ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sharp ក្នុងតម្លៃ ១.៧ លានដុល្លារ នៅពេលលោកវ័យ ១៩ឆ្នាំ។ នៅវ័យ ១៩ឆ្នាំ ដែលជាវ័យមួយកំពុងតែពេញសប្បាយ ដោយមនុស្សគ្រប់គ្នាតែងតែនាំគ្នាទៅកំសាន្តលេងនៅលើឆ្នេរសមុទ្រ អង្គុយផឹកស្រាមើលថ្ងៃលិចយ៉ាងសប្បាយរីករាយ ប៉ុន្តែក្រឡេកមកមើលលោក Son ហាក់បីដូចជាមានការមមាញឹងយ៉ាងខ្លាំង ដោយលោកបានយកប្រាក់ដែលលក់បានយកទៅវិនិយោគលើម៉ាស៉ីនហ្គេម ដែលនាំចូលមកពីប្រទេសជប៉ុន។

នៅក្នុងឆ្នាំ ១៩៨០ លោក Son បានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរកិច្ច និងសេដ្ឋកិច្ចនៅឯមហាវិទ្យាល័យ UC Berkeley ហើយក៏ត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីស្វែងរកឪកាសក្នុងការវិនិយោគ។ នៅក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុន Softbank ក៏បានលេចជារូបរាងឡើង ដោយលោក Son មើលឃើញតម្រូវការនៃទីផ្សារកុំព្យូទ័រមានតម្រូវការច្រើន ប៉ុន្តែអ្នកផលិតហាក់បីដូចជាមិនមានទុនវិនិយោគគ្រប់គ្រាន់សម្រាប់ផលិត និងមួយវិញទៀតពួកគេហាក់បីដូចជាខ្វះនូវច្ចេកទេស ក្នុងការបញ្ចេញផលិតផលទៅឲ្យសហគ្រាសទាំងអស់នោះ។ ភ្លាមៗនោះ លោក Son ក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Joshin Denki Co Ltd. ដែលជាក្រុមហ៊ុនលក់ Software ក្នុងស្រុកជប៉ុនដ៏ធំមួយ ហើយលោក Son ក៏ក្លាយជាអ្នកទិញ Software ផ្តាច់មុខរបស់ក្រុមហ៊ុននោះផងដែរ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្នុងរយ:ពេលតែមួយឆ្នាំក្រោយពេលដែលលោក Son បានក្លាយជាអ្នកទិញផ្តាច់មុខនោះមក ក្រុមហ៊ុនអាចលក់កម្មវិធី Software បាន ២ លានដុល្លារក្នុងមួយមួយខែឯនោះ។ នៅក្នុងខែឧសភា ឆ្នាំ ១៩៨២ ក្រោយពេលដែលបានជោគជ័យក្នុងជំនួញ Software លោក Son ក៏បានបន្តការវិនិយោគទៅក្នុងក្រុមហ៊ុនទស្សនាវដី្តកុំព្យូទ័រ។ នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមនៃក្រុមហ៊ុនទស្សនាវដី្តកុំព្យូទ័រ លោកមិនបានចំណេញនោះទេ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៩០ លោកក៏ចាប់ផ្តើមទទួលបាននូវផលចំណេញ ហើយទស្សនាវដី្តកុំព្យូទ័រនោះ ក៏បានក្លាយទៅជាទីពេញនិយមរបស់អ្នកអាន។

ដោយសារតែការវិវត្តចេះតែធំទៅៗ លោក Son ក៏បានច្របាច់បញ្ចូលនូវក្រុមហ៊ុនរបស់លោកទាំងអស់ឲ្យស្ថិតនៅក្រោយក្រុមហ៊ុនមេតែមួយនោះគឺ Softbank Corp។ នាពេលនោះដែលលោក Son ត្រូវបានគេប្រសិទ្ធនាមថា ជា Bill Gate របស់ប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមកមុខជំនួញរបស់ក្រុមហ៊ុន Softbank កាន់តែមានការរីកដុះដាលធំឡើងៗ។ លោក Son ក៏ជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Comdex ដែលជាក្រុមហ៊ុនកុំព្យូទ័រលំដាប់កំពូលមួយរបស់អាមេរិចផងដែរ។ ទន្ទឹមគ្នានេះដែលលោកក៏ជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុន Kingston ដែលជាក្រុមហ៊ុនផលិត hardware និង បន្ទះ chip សម្រាប់បំពាក់ទៅក្នុងគ្រឿងអេឡិចត្រូនិច ហើយអ្វីដែលកាន់តែពិសេសនោះលោកបានវិនិយោគទៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន និង ផ្កាយរណប របស់ប្រទេស អូស្ត្រាលី ដែលគេតែងតែហៅថា ក្រុមហ៊ុន SkyMedia ទៀតផង។ នៅក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន Softbank បានក្លាយទៅជាបម្ចាស់ភាគហ៊ុនធំមួយក្នុងក្រុមហ៊ុន Yahoo ហើលោកក៏បានបង្កើតនូវ Yahoo Japan សម្រាប់ប្រជាជនជប៉ុនផងដែរ។ ហើយមកទល់នឹងបច្ចុប្បន្ន Yahoo Japan គឺជាប្រព័ន្ធស្វែងរកនូវព័ត៌មានធំ បន្ទាប់ពី Google។

បច្ចុប្បន្នលោក Masayoshi Son គឺជាអ្នកជំនួញ និងអ្នកវិនិយោគដ៏មានឥទ្ធិពលម្នាក់ក្នុងលោក ទោះបីជាលោកមិនសូវចេញមុខឲ្យគេស្គាល់ច្រើនដូចជាលោក Jack Ma ក៏ដោយ ប៉ុន្តែធាតុពិតលោកមានឥទ្ធិពលលើសេដ្ឋកិច្ចរបស់ប្រទេសធំ និងភាគហ៊ុនរបស់ក្រុមហ៊ុនធំក្នុងលោកជាច្រើន។ លោកត្រូវបានគេប្រសិទ្ធនាមថាជាស្តេចវិនិយោគបន្ទាប់ពីលោក Warren Buffett ហើយអ្នកខ្លះទៀតហៅគាត់ថាជាកំពូលអ្នកជំនួញដ៏អាថ៌កំបាំង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។