ហាងនំខេក Hawaii គឺជាយីហោនំខេកមួយដែលកំពុងតែជោគជ័យក្នុងចំណោមយីហោរបស់ខ្មែរផ្សេងទៀត។ មានឈ្មោះជាភាសាអង់គ្លេសថា Hawaii Cake Shop បច្ចុប្បន្នមានសាខាចំនួន៥ ស្ថិតក្នុងរាជធានីខេត្តចំនួន៣ គឺ១សាខានៅខេត្តបាត់ដំបង ៣សាខានៅរាជធានីភ្នំពេញ និង១សាខាទៀតនៅខេត្តសៀមរាប។ អ្វីដែលពិសេសគឺថា នៅពីក្រោយភាពជោគជ័យរបស់ Hawaii Cake Shop គឺមានសហគ្រិនស្ត្រីដ៏ស្រស់ស្អាត ៣នាក់បងប្អូន។
ដំណើររឿង
ហាងនំខេក Hawaii បើកដំបូងនៅខេត្តបាត់ដំបងយូរមកហើយ ប៉ុន្តែកាលណោះយីហោហាងនំមួយនេះមិនមានឈ្មោះល្បីនោះទេ។ នៅឆ្នាំ ២០១៥ មានបងប្អូនស្រី ៣នាក់ មានដុង និងស្រលាញ់ការធ្វើនំខេកដូចគ្នា រួចហើយក៏សម្រេចចិត្តរួមគ្នាសេងយកហាង Hawaii ពីអ៉ីរបស់ពួកនាង ក្នុងនោះមានបងស្រីច្បង អ្នកនាង ហ៊ួ ម៉េងលី កញ្ញា ហ៊ួ ម៉េងជូ និងប្អូនស្រីពៅកញ្ញា ហ៊ួ ម៉េងលីន។
ក្រោយចូលកាន់កាប់ហាង បងប្អូនស្រីទាំងបីនាក់បានធ្វើកំណែទម្រង់ហាងឡើងវិញទាំងអស់ ដោយរក្សាទុកតែឈ្មោះដើមប៉ុណ្ណោះ។ បន្ទាប់មក ពួកគេបានទៅរៀនធ្វើនំខេកបន្ថែមនៅប្រទេសថៃ ទោះបីជាមានឪពុកជាអ្នកជំនាញធ្វើនំខេកស្រាប់ក៏ដោយ។
ប្រើ Facebook ដើម្បីផ្សព្វផ្សាយទាំងផូសរូប និង Live វីឌីអូផង បានធ្វើឲ្យ Hawaii កាន់តែមានមនុស្សជាច្រើនចង់ភ្លក់នំខេកស្នាដៃស្រីស្អាត រហូតមានអតិថិជនមកពីខេត្តនានា និងភ្នំពេញបានបញ្ជាទិញនំខេកពីខេត្តបាត់ដំបងមកញាំទៀតផង។ មូលហេតុនេះហើយដែល Hawaii Cake shop មានវត្តមាននៅក្នុងទីក្រុងភ្នំពេញ នៅក្នុងឆ្នាំ ២០១៧ និងអាចពង្រីកខ្លួនបានលឿន ត្បិតមានអតិថិជនស្រាប់។ បច្ចុប្បន្ន Hawaii Cake Shop មានសាខាទី១ នៅបាត់ដំបង សាខាទី២ នៅផ្លូវកម្ពុជាក្រោមជិតសាលាសន្ធរមុខ សាខាទី៣ នៅខេត្តសៀមរាប សាខាទី៤ នៅបាក់ទូក និងសាខាទី៥ នៅផ្លូវមុន្នីរ៉េត។
ដើមទុន
អ្នកនាង ហ៊ួ ម៉េងលី ឬ Belly បានប្រាប់ apamat.com ដោយមិនលាក់លៀមថា ដើមទុនបើកហាងដំបូងគឺបានការជួយគាំទ្រទាំងស្រុងពីប៉ាម៉ាក់របស់នាង ប៉ុន្តែចាប់ពីសាខាទី២ និងទី៣ គឺប្រើប្រាស់ដោយចំណូលបានមកពីសាខាទីមួយ និងជួយបន្ថែមតិចតួចពីប៉ាម៉ាក់ខ្លះ ចំណែកសាខាទី៤ និងទី៥ គឺប្រើប្រាស់ទុនទាំងស្រុងដោយចំណូលពីសាខាមុនៗ។
ឧបសគ្គ Vs មហិច្ចតា
ទោះជាមានសំណាង មានប៉ាម៉ាក់ផ្តល់ទុនឲ្យបើករបររកស៉ីក៏ដោយ ប៉ុន្តែដើមទុនមិនមែនជាឧបសគ្កតែមួយមុខ ហើយក៏មិនមែនមានន័យថាឲ្យតែមានទុន សុទ្ធតែអាចរកស៉ីជោគជ័យនោះទេ។ ការចាកចេញពីទីកន្លែងកំណើត ឆ្ងាយពីគ្រួសារ មកបើកអាជីវកម្មនៅទីក្រុងភ្នំពេញដែលមិនទាន់ស្គាល់ច្បាស់ គ្មានសាច់ញាតិនៅជិត ពិតជាមិនងាយស្រួលឡើយ ប៉ុន្តែដើម្បីមហិច្ចតា និងក្តីស្រមៃ ត្រូវតែប្រឈមមុខរាល់ឧបសគ្គដែលចូលមកបាំងមុខ។
ក្នុងនាមជាសហគ្រិនស្ត្រីវ័យក្មេង បានលះបង់ពេលវេលាផ្ទាល់ខ្លួន ខុសពីពេលមិនទាន់ចេះប្រឡូកក្នុងការរកស៉ី ខុសពីពេលអាជីវកម្មនៅតូច ដោយសារតែត្រូវចំណាយពេលផ្តោតលើអាជីវកម្មច្រើនជាងពេលវេលាដើម្បីដើរលេងសប្បាយ។
ចំណុចពិសេសរបស់ Hawaii Cake Shop
អតិថិជនជាច្រើនមកហាង Hawaii មិនចាំបាច់មានថ្ងៃខួបកំណើត ក៏ពួកគាត់ទិញទៅញាំ ដោយសារតែរសជាតិខុសពីហាងផ្សេង ការរចនានំស្អាតប្លែក និងដោយសារតែថៅកែស្រីទាំងបីនាក់ចូលចិត្តចំណាយពេលនៅក្នុងបន្ទប់ធ្វើនំដើម្បីរកគំនិតរចនារូបនំថ្មីៗ និងរសជាតិថ្មីៗសម្រាប់ទាក់ទាញ និងផ្គាប់ចិត្តអតិថិជន។ ទាំងនេះហើយ គឺជាមូលហេតុដែលហាងនំខេក Hawaii អាចឈរជើងប្រកួតប្រជែងជាមួយហាងនំខេកល្បីៗដទៃទៀតបាន។
មតិយោរបល់សម្រាប់អ្នកជំនាន់ក្រោយ
អ្នកនាង ហ៊ួ ម៉េងលី ជាបងស្រីច្បង និងតំណាងឲ្យប្អូនស្រីទាំងពីរនាក់ បានផ្តល់ជាគំនិតយោបល់ដល់អ្នកជំនាន់ក្រោយដែលត្រៀមចេញរកស៉ីថា “ប្រសិនបើគាត់ស្រលាញ់ គាត់ចង់ចាប់បើកអាជីវកម្មអ្វីមួយ គាត់ត្រូវសួរខ្លួនឯងសិនថាស្រលាញ់អាជីវកម្មហ្នឹងពិតប្រាកដឬអត់ កុំដោយសារឃើញគេបើករកបាន ឃើញគេមានបាន ត្រូវដឹងខ្លួនឯងថាធ្វើបានឬអត់។ ព្រោះជោគជ័យមិនពិបាកទេ ឲ្យតែយើងតស៊ូព្យាយាម ហើយយើងច្បាស់លាស់ជាមួយវា យើងចាប់វាឲ្យជាប់ កុំឲ្យតែយើងចាប់លែងៗ។ អញ្ចឹង បើសិនជាគាត់ស្រលាញ់មុខរបរហ្នឹង គាត់ត្រូវចាប់វាឲ្យជាប់ ទោះបីត្រូវប្រើពេលយូរបន្តិច ឲ្យតែនៅតែតស៊ូ គាត់នឹងជោគជ័យ។”
អ្នកនាងបានបញ្ចប់ថា ទោះបីជាពេលនេះទទួលបានជោគជ័យខ្លះពី Hawaii Cake Shop ក៏ដោយ ប៉ុន្តែអ្នកនាងមានមហិច្ចតាច្រើនទៀតដែលត្រូវសម្រេច៕
