ក្រុមហ៊ុនដែលគ្រប់គ្រងកោះសង្សារមានគម្រោងអភិវឌ្ឍរីសតនៅខេត្តសៀមរាបមានតម្លៃ២៥០លានដុល្លា

3194

ម្ចាស់ក្រុមហ៊ុនដែលគ្រប់គ្រងកោះសង្សារបានប្រាប់ទៅខាងក្រុមអ្នកសារពត៌មានពីម្សិលមិញថាក្រុមហ៊ុនរបស់លោកមានគម្រោងបង្កើតកន្លែងកំសាន្ដអេកូទេសចរណ៍នៅក្នុងខេត្តសៀមរាបដោយសារមើលឃើញពីសក្កានុពលខាងវិស័យទេសចរណ៍របស់ខេត្តមួយនេះ។ គម្រោងនេះមានឈ្មោះជាភាសាអង់គ្លេសថា Song Saa Reserve ហើយពេលនេះក្រុមហ៊ុនរបស់លោកក៏កំពុងតែស្វែងរកដៃគូរវិនិយោគផងដែរ។ នៅពេលគម្រោងនេះលេចចេញជារូបរាងវានឹងក្លាយទៅជាទីតាំងអេកូទេសចរណ៍ធំជាងគេបំផុតក្នុងប្រទេសកម្ពុជា។ 

គម្រោងរីសតនេះមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រីនិងមានចម្ងាយ១៩គីឡូម៉ែត្រពីភ្នំគូលែន ហើយវានឹងត្រូវសាងសង់លើផ្ទៃដី១២៥ហិចតាជាមួយនឹងបឹងធម្មជាតិដែលមានទំហំ៣៥ហិចតា។ នៅក្នុងរីសតនេះមានដូចជា សណ្ឋាគារ វីឡា និងកន្លែងដែលទាក់ទងនឹងវិស័យបដិសណ្ឋារកិច្ចជាច្រើនទៀត។ 

លោក Rory Hunter ដែលជា CEO របស់ Song Saa Collective បាននិយាយថាតាំងតែពីគាត់មកដល់ប្រទេសខ្មែរកាលពីឆ្នាំ២០០៥ គាត់ប្ដេជ្ញាចិត្តថានឹងធ្វើអោយគម្រោងរបស់គាត់ស្របទៅតាមការចង់បានរបស់កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន ហើយទន្ទឹមនឹងនោះក៏ធ្វើអោយពិភពលោកដឹងពីចំនុចពិសេសរបស់ប្រទេសកម្ពុជាផងដែរ។ គម្រោងនេះគឺការវិនិយោគទីពីរបន្ទាប់ពីជោគជ័យរបស់កោះសង្សារនៅក្នុងខេត្តព្រះសីហនុ។ អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE និងជាភ្នាក់ងារលក់របស់គម្រោងនេះបានអោយដឹងថាក្រុមហ៊ុនរបស់គាត់នឹងធ្វើការផ្សាយពាណិជ្ជកម្មអំពីគម្រោងនេះនៅទីក្រុង ហុងកុង សៀងហៃ និងសាំងហ្គាពួ ហើយរហូតមកដល់ពេលនេះមានក្រុមហ៊ុនពីរឬបីប៉ុណ្ណោះដែលចាប់អារម្មណ៍លើគម្រោងនេះ។ 

គួររំលឹកដែរថាត្រឹមប្រាំបីខែក្នុងឆ្នាំ២០១៨នេះប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន ៣.៩លាននាក់ រីឯខេត្តសៀមរាបតែឯងវិញកាលពីឆ្នាំមុនទទួលភ្ញៀវបានរហូតដល់ ២.៥លាននាក់ កើនឡើង១១.៤%បើប្រៀបទៅនឹងឆ្នាំ២០១៦៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។