​ការចុះបញ្ជីតាមច្បាប់ពាណិជ្ជកម្មកម្ពុជា សម្រាប់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត

5318

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត​​ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖

១.​ មានសមាជិកហ៊ុន ឬម្ចាស់ភាគហ៊ុន ច្រើនជាង១រូប រហូតដល់ ៣០រូប ដែលត្រូវមានមូលធន ឬភាគហ៊ុនសរុបអប្បបរិមាដំបូង បួនលានរៀល និងត្រូវបោះភាគហ៊ុនចេញយ៉ាងតិចបំផុតចំនួន មួយពាន់ភាគហ៊ុន ដែលមានតម្លៃចារឹកលើប័ណ្ណមិនតិចជាង បួនពាន់ រៀល ក្នុងមួយភាគហ៊ុន។ ប្រសិនបើមានបុគ្គលតែម្នាក់កាន់កាប់ភាគហ៊ុនទាំងអស់នោះ គេអាចចុះបញ្ជីជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត។

២.​  ក្រុមហ៊ុនមិនអាចអនុញ្ញាតិអោយលក់ភាគហ៊ុន ឬមូលប័ត្រដទៃទៀតជាសាធារណៈបានឡើយ ប៉ុន្តែអាចអនុញ្ញាតអោយធ្វើ អនុប្បទាន ឬផ្សព្វផ្សាយ​ទៅកាន់សមាជិកហ៊ុន សមាជិកគ្រួសារ និងអ្នកគ្រប់គ្រងបានក្រោមមនុស្ស​ ៣១រូប។

៣. ក្រុមហ៊ុនអាចមានការដាក់កំហិតមួយ ឬច្រើនចំពោះការផ្ទេរភាគហ៊ុននីមួយៗរបស់ខ្លួន។

ការចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

ជំហានទី​១៖ ពិនិត្យមើលនាមករណ៍ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ឬតាម website ក្រសួងពាណិជ្ជកម្ម www.moc.gov.kh

ជំហានទី២៖ បំពេញឯកសារតម្រូវ និងបង់ប្រាក់កម្រៃរដ្ឋបាលសម្រាប់ការចុះបញ្ជីក្រុមហ៊ុន។

ជំហានទី៣៖ នៅពេលឯកសារមានគ្រប់គ្រាន់សម្រាប់ការចុះបញ្ជី អភិបាល ឫម្ចាស់ហ៊ុនណាម្នាក់របស់ក្រុមហ៊ុន ត្រូវមកបង្ហាញខ្លួននៅក្រសួងពាណិជ្ជកម្ម ឫសាខាចុះបញ្ជីពាណិជ្ជកម្មខេត្ត ដើម្បីចុះហត្ថលេខាលើបែបបទនៃពាក្យសុំ មុនពេលចេញវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម។

ជំហានទី៤៖ ដើម្បីពិនិត្យឯកសារ និងចេញវិញ្ញាប័ត្រចុះបញ្ជីពាណិជ្ជកម្មជូនដល់ក្រុមហ៊ុន ត្រូវចំណាយពេល ៥ថ្ងៃនៃថ្ងៃធ្វើការ និង ១០ថ្ងៃ​ចំពោះការធ្វើនៅសាខាចុះបញ្ជីពាណិជ្ជកម្មខេត្ត។

ជំហានទី៥៖​ នាយកដ្ឋានបញ្ជីពាណិជ្ជកម្មអាចរៀបចំអោយក្រុមហ៊ុនដែលទើបនឹងចុះបញ្ជីថ្មី ទទួលបានត្រាមួយធ្វើឡើង ស្របតាមគំរូដែលបានអនុម័តរបស់ក្រសួងពាណិជ្ជកម្ម។

សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត គឺជាប្រភេទអាជីវកម្មដែលមានម្ចាស់តែម្នាក់ ឬមានបុគ្គលតែម្នាក់កាន់កាប់ភាគហ៊ុនទាំងអស់  ហើយមានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់។ សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត អាចផ្លាស់ប្តូរទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតបាន ក្រោយពេលដែលបានទទួលការអនុម័តយល់ព្រមពីសមាជិនហ៊ុនថ្មី ដើម្បីបញ្ចូលបុគ្គលមួយរូប ឬច្រើនរូប ឬនីតិបុគ្គលអោយទៅជាម្ចាស់ភាគហ៊ុនរបស់សហគ្រាសនោះ ដែលត្រូវតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតខាងលើ។

ការចុះបញ្ជីជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

ជំហានទី​១៖ ឯកកម្មសិទ្ធិករត្រូវជូនដំណឹងមកមន្រ្តីចុះបញ្ជីនៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថា ខ្លួនគឺជារូបវន្តបុគ្គលដែលមានបំណងធ្វើអាជីវកម្ម ជាសហគ្រាសឯកបុគ្គល និងធ្វើការពិនិត្យនាមករណ៍ជាមួយមន្ត្រីចុះបញ្ជី។

ជំហានទី២៖ បំពេញឯកសារតម្រូវ និងបង់ប្រាក់កម្រៃរដ្ឋបាលសម្រាប់ការចុះបញ្ជីក្រុមហ៊ុន។

ជំហានទី៣៖ នៅពេលឯកសារមានគ្រប់គ្រាន់សម្រាប់ការចុះបញ្ជី ឯកកម្មសិទ្ធិករត្រូវមកបង្ហាញខ្លួននៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីចុះហត្ថលេខាលើបែបបទនៃពាក្យសុំ មុនពេលចេញវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម។

ជំហានទី៤៖ រាល់ឯកសារទាំងអស់ត្រូវដាក់ជូននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម

ជំហានទី៥៖​ មន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង  ឬក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មសហគ្រាស ឯកបុគ្គលក្នុងបញ្ជីពាណិជ្ជកម្ម និងជូនដំណឹងដល់អ្នកស្នើសុំវិញក្នុងអំឡុងពេល មួយខែយ៉ាងយូរ ចាប់ពីថ្ងៃទទួលបានឯកសារទាំងនោះ ឬក្រោយពេលដាក់ពាក្យសុំ ដើម្បីមកទទួលយកវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម