ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ស្ថាបនិក Dell លោក Michael Dell

3510

មិនខុសពីបុគ្គលជោគជ័យនៅលើពិភពលោក Michael Dell ដែលជាស្ថាបនិកក្រុមហ៊ុន Dell Inc ក៏មានរឿងរ៉ាវដែលជួយជំរុញឲ្យលោកក្លាយជាបុគ្គលជោគជ័យនៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ ដោយសារតែមានការចាប់ចិត្តជាខ្លាំងក្នុងវិស័យបច្ចេកវិទ្យាបានធ្វើឲ្យលោក Dell ចាប់ផ្តើមផ្សាភ្ជាប់ជីវិតរបស់លោកជាមួយគ្រឿងអេឡិចត្រូនិចតាំងពីវ័យកុមារ។

បើទោះបីជាលោកមិនមានការយល់ដឹងជ្រាលជ្រៅអំពីដំណើរការនៃគ្រឿងអេឡិចត្រូនិចក៏ពិតមែន ក៏លោកនៅតែខាំជាប់នូវការស្វែងរករបកគំហើញថ្មីជានិច្ច។ មិនតែប៉ុណ្ណោះឆាកជីវិតរបស់លោកត្រូវបានជះឥទ្ធិពលដោយសារកត្តាពីរយ៉ាង។ កត្តាទីមួយគឺកត្តាឪពុកម្តាយ ដែលឪពុកម្តាយរបស់លោកបានបង្រៀនលោកថា ការប្រើជីវិតដើម្បីខិតខំធ្វើការវាមិនមានន័យថាពួកយើងកំពុងតែតតាំងនឹងជីវិតនោះទេ។ តែវាចង់បង្ហាញឲ្យយើងគ្រប់គ្នាដឹងថាបើទោះបីជាជួបនូវឧបសគ្គបែបណាក៏ដោយ ក៏យើងនៅតែបន្តឆន្ទះដើរទៅមុខជានិច្ច។ រីឯកត្តាទីពីរ គឺដើរតាមវិថីដែលពួកយើងស្រឡាញ់ពេញចិត្ត។ លោកចាប់ផ្តើមមានសេចក្តីស្រឡាញ់នេះចាប់តាំងពីវ័យកុមារ ដោយនៅពេលនោះលោកតែងតែសម្លឹងមើលផ្សារហ៊ុន និងការផ្លាស់ប្តូររបស់វាពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលនោះហើយដែលលោកពិតជាស្រឡាញ់នឹងពេញចិត្តវាជាខ្លាំង ដោយលោកបានចាប់ផ្តើមកំណត់គោលដៅនៃជីវិតរបស់លោកថានឹងប្រែក្លាយខ្លួនលោកទៅជាអ្នកជំនួញមួយរូបតាំងពីពេលដែលលោករៀននៅបឋមសិក្សា។

ការចាប់ផ្តើមនៃក្រុមហ៊ុន Dell

លោកចាប់ផ្តើមទម្លាប់សន្សំលុយតាំងពីពេលដែលលោករៀនផងធ្វើការផងនៅឯមហាវិទ្យាល័យ។ នៅអាយុ ១៥ ឆ្នាំលោក Dell បានទិញកំព្យូទ័រផ្ទាល់ខ្លួនមួយសម្រាប់ធ្វើការសិក្សាស្វែងយល់នូវប្រព័ន្ធដំណើរការរបស់វា។ ហើយនៅពេលដែលលោក Dell កំពុងរៀនមហាវិទ្យាល័យ លោកក៏បានចាប់ផ្តើមរកឃើញនូវក្តីសុបិន្តរបស់លោក ដោយលោកចង់បង្កើតនូវកុំព្យូទ័រយួរដៃមួយដែលមានការរចនា និងមុខងារប្រើប្រាស់មានលក្ខណ:ពិសេសអស្ចារ្យ។ ជីវិតនៅមហាវិទ្យាល័យរបស់លោក Dell គឺវាកាន់តែអស្ចារ្យនៅពេលដែលម៉ាស៊ីនកុំព្យូទ័រផ្ទុះការពេញនិយម។ លោក Dell បានដឹងថានៅពេលនោះគ្មានក្រុមហ៊ុនណាមួយដាក់លក់កុំព្យូទ័រនោះទេ។ ហើយលោកក៏បានចាប់ផ្តើមនូវសហគ្រាសដំបូងរបស់លោក ដោយលោកធ្វើការជួសជុល និងផលិតកុំព្យូទ័រសម្រាប់លក់ទៅឲ្យសិស្សដែលរៀននៅឯមហាវិទ្យាល័យជាមួយលោក។ អ្វីដែលធ្វើឱ្យលោក Dell មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមិត្តរួមថ្នាក់របស់គាត់គឺថា គាត់មានការយកចិត្តទុកដាក់ទៅលើការលក់នូវកម្មវិធីដែលទាក់ទងទៅនឹងកុំព្យូទ័រតែប៉ុណ្ណោះ។ ហើយអ្វីដែលពិសេសនោះ គឺគាត់ចង់ធ្វើឲ្យអ្នកទិញរបស់គាត់មានការគាំទ្រនូវកម្មវិធីកុំព្យូទ័រ ជាមួយនឹងការផ្តល់ជូននូវតម្លៃដ៏សមរម្យ។ មិនយូរប៉ុន្មានលោកក៏មានអតិថិជនកាន់តែច្រើនឡើងៗ។

ការចាប់ផ្តើមដ៏ជោគជ័យរបស់ក្រុមហ៊ុន Dell

ដោយសារតែក្រុមហ៊ុនមានការរីកចម្រើនកាន់តែខ្លាំងឡើង ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលរបស់លោកមានការកើនឡើងយ៉ាងឆាប់រហ័ស។ មិនយូរប៉ុន្មានលោក Dell ក៏បានបោះជំហានចូលក្នុងផ្សារមូលប័ត្រ ដោយលោកបានធ្វើការបោះលក់នូវភាគហ៊ុនរបស់ Dell ជាសាធារណៈលើកដំបូង។ ហេតុដែលលោកហ៊ានឈានចូលផ្សារមូលប័ត្រហ៊ុនបែបនេះ ដោយសារតែលោកមើលឃើញថាការលក់របស់ក្រុមហ៊ុនហាក់បីដូចជាមានភាពល្អប្រសើរ និងមានអតិថិជនជាច្រើនពេញចិត្តនូវគ្រឿងអេឡិចត្រូនិចរបស់លោកទៀត។ នៅដំណាក់កាលដំបូងលោកបានប្រើនូវយុទ្ធសាស្រ្តផ្សព្វផ្សាយ ដើម្បីលក់នូវផលិតផលរបស់លោកតាមរយ: ការនិយាយពីមាត់មួយទៅមួយ ការផ្សព្វផ្សាយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយនានា និងតាមរយ:ការបញ្ជាទិញតាម Mail។

ដោយសារតែមានដំណាងចែកចាយច្រើន និងមានការកាត់បន្ថយនូវថ្លៃផ្សព្វផ្សាយដែលមិនចាំបាច់ ក្រុមហ៊ុន Dell បានចំណេញប្រាក់មួយចំនួនធំពីប្រតិបត្តិការនោះ។ នៅក្នុងឆ្នាំ ១៩៨៤ ក្រុមហ៊ុន Dell បានប្រកាសថាក្រុមហ៊ុនរកចំណូលបានសរុបចំនួន ៦ លានដុល្លារ ហើយនៅក្នុងឆ្នាំ ២០០០ លោក Dell ក៏បានក្លាយជាមហាសេដ្ឋី។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Dell មានការិយាល័យជា ៣៤ នៅទូទាំងពិភពលោក និងមាននិយោជិកសរុបចំនួន ៣៥,០០០ នាក់។ គិតត្រឹមបច្ចុប្បន្នលោក Michael Dell មានទ្រព្យសម្បត្តិសរុប ២៧.៣ពាន់លានដុល្លារអាមេរិក និងជាប់ជាមហាសេដ្ឋីមានជាងគេទី ១៧លើផែនដី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។