ក្រុមហ៊ុន Audi ត្រូវពិន័យប្រាក់៩២៦លានដុល្លាទាក់ទងនឹងរឿងអាស្រូវឡានម៉ាស៊ូតរបស់ខ្លួន

2799

ព្រះរាជអាជ្ញារបស់ប្រទេសអាឡឺម៉ង់បានពិន័យក្រុមហ៊ុន Audi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Volkswagen ទាក់ទងទៅនឹងបញ្ហាបញ្ចេញឧស្ម័នកាកសំណល់ពីរថយន្ដម៉ាស៊ូតរបស់ខ្លួន។ ក្រុមហ៊ុន Volkswagen បានទទួលយកការពិន័យនេះកាលពីថ្ងៃពុធហើយទទួលស្គាល់ថាខ្លួនពិតជាបានប្រើល្បិចធ្វើអោយប្រព័ន្ធបញ្ជាក្នុងឡានហាក់ដូចជាបញ្ចេញឧស្ម័នពុលសមស្របទៅតាមស្ដង់ដា តែតាមពិតវាបញ្ចេញឧស្ម័នលើសពីអ្វីដែលបានបង្ហាញនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ខាងក្រុមហ៊ុនក៏បាននិយាយថាការពិន័យនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។

កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន Volkswagen ត្រូវបានពិន័យអស់ជាច្រើនពាន់លានដុល្លាម្ដងហើយចំណែកឯបុគ្គលិកចាស់ៗជាច្រើនក៏ប្រឈមមុខនឹងផ្លូវច្បាប់ដែរទាក់ទងនឹងការលាក់កំបាំងរឿងអាស្រូវរបស់ក្រុមហ៊ុនខ្លួន។ CEO របស់ Audi លោក Rupert Stadler ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ូនិច ហើយពេលនេះរូបលោកនិងអ្នកគ្រប់គ្រងផ្នែកធំៗជាច្រើនអ្នកទៀតកំពុងតែត្រូវគេស៊ើបអង្កេតទាក់ទងនឹងរឿងអាស្រូវនេះ។ 

អស់រយៈជិតដប់ឆ្នាំក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានផលិតឡានម៉ាស៊ូតដែលភ្ជាប់ជាមួយនូវឧបករណ៍ម្យ៉ាងដែលអាចកាត់បន្ថយចំនួនឧស្ម័នពុលដោយស្វ័យប្រវត្តិនៅពេលឡាននោះត្រូវបានអ្នកជំនាញបរិស្ថានត្រួតពិនិត្យ។ សម្រាប់ម្ចាស់ឡានជាច្រើនដែលគិតថាឡានដែលខ្លួនជិះមិនប៉ះពាល់ដល់បរិស្ថាន ពួកគាត់ត្រូវបានចាញ់បោកការដាក់ផ្សាយរបស់ក្រុមហ៊ុន ព្រោះឡានទាំងនេះបញ្ចេញជាតិពុលជាច្រើនទៅក្នុងបរិយាកាស។ រឿងអាស្រូវនេះបានធ្វើអោយប៉ះពាល់ដល់ឡានចំនួន១១លានគ្រឿងដែលក្រុមហ៊ុនបានដាក់លក់នៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។