តើអ្នកគួរថែរក្សានិងបង្កើនទ្រព្យសម្បត្តិដោយរបៀបណា?

3292

លុយគឺវត្ថុមួយដែលមនុស្សគ្រប់គ្នាចូលចិត្ត និងចង់បាន។ នៅពេលរកបានលុយហើយយើងគ្រប់គ្នាប្រាកដជាសប្បាយចិត្ត ប៉ុន្ដែបញ្ហាមួយទៀតដែលនឹងកើតឡើងនោះគឺតើយើងត្រូវថែរក្សាក៏ដូចជាត្រូវបង្កើនវាដោយរបៀបណា? ខាងក្រោមនេះគឺជាចំនុចចំនួនបួនដែលបកស្រាយពីរបៀបថែរក្សាទ្រព្យសម្បត្តិរបស់អ្នកអោយនៅបានច្រើនជំនាន់តទៅទៀត។ 

១. ចេះរៀបចំផែនការហិរញ្ញវត្ថុ៖ មិនសំខាន់ថាអ្នករកបានប្រាក់ច្រើនប៉ុណ្ណាទេ ប្រសិនបើគ្រួសារអ្នកមិនសូវចេះគ្រប់គ្រងលុយអោយបានល្អទេ យ៉ាងយូរកូនចៅជំនាន់ក្រោយៗនឹងធ្វើអោយបាត់បង់ទ្រព្យសម្បត្តិទាំងនោះតាមរយៈការបង់ពន្ធ ការចំណាយគ្មានខ្ទង់ ការរកស៊ី ឬវិនិយោគខុសជាដើម។ ដូចនេះមិនត្រឹមតែមេគ្រួសារទេដែលត្រូវចេះដឹងអំពីផែនការហិរញ្ញវត្ថុ សមាជិកគ្រួសារក៏ដូចគ្នាដែរ ហើយមុននឹងសម្រេចចិត្តធ្វើអ្វីមួយដែលទាក់ទងនឹងលុយអ្នកត្រូវសិក្សាអំពីវាអោយបានច្បាស់លាស់ ឬទៅពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៍ខាងនឹង។

២. វិនិយោគក្នុងចំណេះដឹង៖ ចំនុចនេះមិនមែនផ្ដោតលើតែការរៀននៅសាលាទេ គឺវាបូករួមនឹងការអានសៀវភៅទាក់ទងនឹងជំនួញ ហិរញ្ញវត្ថុ…ហើយនិងការរៀនសូត្រផ្ទាល់ផងដែរ។ ឪពុកម្ដាយដែលមានចំណេះដឹងទាំងនេះដាច់ខាតត្រូវតែបង្រៀនដល់កូនៗ ដែលមានជាឧទាហរណ៍ដូចជាគ្រួសារ Rockefeller ដែលក្លាយជាមហាសេដ្ឋីជាច្រើនជំនាន់ដោយសារតែមេគ្រួសារផ្ទេរចំណេះដឹងខាងការរកស៊ីដល់សមាជិកគ្រួសារទាំងអស់។ លោក Nelson Rockefeller តែងតែនិយាយថាឪពុករបស់គាត់កាលកូនៗនៅក្មេងអោយលុយមួយថ្ងៃ២៥សេនប៉ុណ្ណោះ ហើយបើកូនៗចង់បានលុយបន្ថែមទៀតគឺត្រូវធ្វើការដោយខ្លួនឯង។ អ្នកមានតាមពិតចូលចិត្តសន្សំសំចៃហើយថែមទាំងឧស្សាហ៍ធ្វើការងារទៀតផង។ 

៣. អចលនទ្រព្យ៖ មនុស្សតាំងតែពីដើមមកចូលចិត្តវិនិយោគលើអចលនទ្រព្យមានដូចជា ដីធ្លី និងលំនៅដ្ឋានជាដើម ដើម្បីបង្កើនក៏ដូចជាថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន។ វាមានចំនុចពិសេសត្រង់ថាបើយើងមានអចលនទ្រព្យ យើងអាចលក់ជួល ឬទុកបន្ដអោយកូនចៅជំនាន់ក្រោយៗទៀតដើម្បីធ្វើជាប្រភពចំណូលមួយ។ អចលនទ្រព្យយើងមិនបាត់បង់ទៅណាឡើយ បន្ថែមពីនេះតម្លៃរបស់វាក៏នឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៀតផង។

៤. ទិញមាសទុក៖ មាសត្រូវបានមនុស្សយកមកធ្វើជាឧបករណ៍សម្រាប់ដោះដូរជាង២០០០ឆ្នាំមកហើយនៅជុំវិញពិភពលោក។ លក្ខណៈពិសេសរបស់មាសគឺវាមានតម្លៃមិនសាបសូន្យដែលខុសពីលុយដែលពេលមានអតិផរណាលុយនឹងធ្លាក់ថ្លៃឬគ្មានតម្លៃតែម្ដង។ ដូចនេះហើយទើបមហាសេដ្ឋីជាច្រើនក៏ដូចជារដ្ឋាភិបាលរបស់ប្រទេសនៅលើសកលលោកតម្កល់មាសទុកជាច្រើននៅក្នុងធនាគារស្វីសព្រោះវាអាចទុកចិត្តបានបើប្រៀបទៅនឹងក្រដាសលុយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។