រៀនតាមស្តេចវិនិយោគលោក Warren Buffett នៅក្នុងជីវិតជាក់ស្តែងរបស់អ្នក

4405

ក្នុងនាមខ្ញុំជាអ្នករៀនសូត្រទ្រឹស្តីវិនិយោគរបស់ស្តេចវិនិយោគ Warren Buffett ខ្ញុំបានអានសៀវភៅរបស់លោក និងស្រាវជ្រាវប្រវត្តិរបស់លោក និងដំណើរដើមទងនៃការបង្កើតក្រុមហ៊ុនរបស់លោក។ យ៉ាងហោចណាស់ខ្ញុំដឹងអំពីអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Berkshire Hathaway និងការកើនឡើងតម្លៃភាគហ៊ុនពីមួយហ៊ុនតម្លៃ $8 ក្នុងឆ្នាំ 1960 ដែលថ្ងៃនេះវាមានតម្លៃដល់ទៅ $316,015 ក្នុងមួយភាគហ៊ុន គឺថាលោក Warren Buffett ផ្តោតលើការវិនិយោគក្នុងធុងពីរ (ពាក្យធុង គឺជាជម្រើសវិនិយោគដែលជាពាក្យគេនិយមនិយាយក្នុងភាសាវិនិយោគ) ធុងទីមួយគឺការគ្រប់គ្រងអាជីវកម្មបុត្រសម្ព័ន្ធដែល Berkshire Hathaway កាន់កាប់ និងធុងទីពីរគឺ វិនិយោគក្នុងផ្សារមូលបត្រមានដូចជាភាគហ៊ុន សញ្ញាបណ្ណ មូលនិធិវិនិយោគ និងច្រើនទៀតដែលភាគច្រើនកាន់កាប់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលជាបុត្រសម្ព័ន្ធរបស់ Berkshire Hathaway ដូចជាក្រុមហ៊ុន DEICO, General Re និង National Indemnity ជាដើម (នៅមានបុត្រសម្ព័ន្ធជាច្រើនទៀតរបស់ Berkshire Hathaway)

តើក្រុមហ៊ុន Berkshire Hathaway រកចំណូលដោយរបៀបណា?

នៅពេលដែលតម្លៃភាគហ៊ុនក្រឡាប់ចាក់ លោក Buffett អាចពឹងលើលុយដែលរកបានដោយអាជីវកម្មបុត្រសម្ព័ន្ធជាច្រើនដែលលោកកាន់កាប់ ហើយយកលុយទាំងនោះសម្រុកទិញយកភាគហ៊ុនដែលកំពុងតែដាក់លក់ក្នុងតម្លៃថោក និងផ្អិបទុកភាគហ៊ុនដែលមានស្រាប់ មិនលក់ចេញវិញ។ ផ្ទុយទៅវិញប្រសិនបើក្នុងករណីលោក Buffett ដំណើរការមូលនិធិវិយោគ នៅពេលតម្លៃភាគហ៊ុនធ្លាក់ចុះខ្លាំង វានឹងបង្ខំឲ្យលោក Buffett លក់ភាគហ៊ុនចេញវិញដើម្បីទៅទិញទ្រព្យណាដែលមានតម្លៃលើសតម្លៃដើមរបស់វា។

អាជីវកម្មបុត្រសម្ព័ន្ធធំៗចម្រុះដែលមានចំនួនប្រហែល 70ក្រុមហ៊ុននោះ បានធានាលំហូរសាច់ប្រាក់យ៉ាងមានស្ថេរភាព និងប្រសិទ្ធភាពសម្រាប់លោក Buffett ហើយជារៀងរាល់ថ្ងៃមានលុយរាប់សិបលានដុល្លារវិលចុះឡើងក្នុងគណនីធនាគាររបស់លោក។

នៅក្នុងជីវិតជាក់ស្តែងរបស់អ្នក អ្នកប្រហែលជាចង់មានទ្រព្យសម្បត្តិច្រើនក្នុងរយៈពេលខ្លី ប៉ុន្តែសម្រាប់លោក Buffett គាត់មានប្រភពចំណូលទាំងរយៈពេលខ្លី និងរយៈពេលវែង។ រយៈពេលខ្លីគឺបានមកពីអាជីវកម្មជាច្រើនរបស់លោក និងរយៈពេលវែងបានមកពីការវិនិយោគលើផ្សារមូលប័ត្រ និងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនធំនានាដូចជា Microsoft, Facebook, Uber, Coca Cola និង Apple ជាដើម។

សរុបមក ទាំងនេះហើយដែលលោក Warren Buffett បានទូន្មានថាកុំដាក់ស៊ុតរបស់អ្នកទាំងអស់ ទៅក្នុងធុងតែមួយ

ការប្រើប្រាស់ប្រព័ន្ធ

មនុស្សភាគច្រើនគិតថា នៅពេលចេញរកស៉ីគឺត្រូវចំណាយពេលរាល់ថ្ងៃមើលការខុសត្រូវលើអាជីវកម្មនោះ។ ជាក់ស្តែងវាបែបនោះមែននៅពេលពួកគេទើបតែប្រឡូកក្នុងការរកស៉ីដំបូង ប៉ុន្តែបើពួកគេចង់ពង្រីកវិសាលភាពអាជីវកម្ម នោះគឺត្រូវប្រើប្រាស់ធនធានមនុស្សដើម្បីជួយ ដែលយើងហៅថាជាប្រព័ន្ធសម្រាប់បំពេញការងារ។

រឿងពិតមួយគឺថា ជនជាតិលោកខាងលិចក្មេងៗដែលអ្នកតែងឃើញពួកគេមានលុយដើរលែងស្ទើរតែគ្រប់ប្រទេសដែលពួកគេចង់ទៅ ហូបចុក និងស្នាក់នៅកន្លែងថ្លៃៗ ខណៈប្រជាជនខ្មែរភាគច្រើនខំរកចំណូលតាំងពីក្មេងរហូតដល់ចាស់ នៅតែគ្មានលុយដើរកំសាន្តដូចពួកគេ។ អ្នកប្រាកដជាគិតថាពួកគេមានលុយចូលនិវត្តន៍ ប៉ុន្តែមិនមែនត្រឹមតែប៉ុណ្ណឹងទេ គឺពួកគេមានប្រភពចំណូលដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ មិនថាពួកគេដើរលេង ឬធ្វើអ្វីក៏ដោយក៏លុយនៅតែហូរចូលគណនីធនាគាររបស់ពួកគេ នោះគឺពួកគេមានប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ពួកគេ ឬពួកគេមានចំណូលពីការវិនិយោគ។

ឧទាហរណ៍ថា អ្នកគឺជាមេជាងសំណង់ អ្នកសល់ប្រាក់បានមួយខែ $400 ដែលគិតជាមួយឆ្នាំសល់បាន $4,800 ប្រសិនបើអ្នកទុកលុយនោះក្នុងធានាគារដែលមានអត្រាការប្រាក់ 8% ក្នុងមួយឆ្នាំ ក៏វានៅតែមិនច្រើនដែរ ប៉ុន្តែបើប្រៀបធៀបជាមួយលោក Warren Buffett ដែលមានប្រព័ន្ធធ្វើការជំនួសលោក បើគិតត្រឹមបច្ចុប្បន្នលោកមានអាយុ 88ឆ្នាំ មានទ្រព្យសម្បត្តិជាង 90ពាន់លានដុល្លារ។ បើសិនយកទ្រព្យសម្បត្តិដែលគាត់មាន ចែកនឹងអាយុរបស់គាត់ គឺគាត់រកចំណូលបាន ជាង1ពាន់លានដុល្លារក្នុងមួយឆ្នាំ រាប់ចាប់ពីលោកកំពុងនៅក្នុងពោះម្តាយរបស់លោកមកម្លេះ។ មេរៀនរបស់លោក Warren Buffett នេះ គឺបញ្ចាក់ថា បើអ្នកចង់មានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ និងលឿននៅថ្ងៃអនាគត អ្នកត្រូវចាប់ផ្តើមបង្កើតប្រភពចំណូលដែលមានស្ថេរភាពឲ្យច្រើនតាមតែអាចធ្វើបាន តួរយ៉ាងដូចជាលោក Warren Buffett និងមហាសេដ្ឋីជាច្រើនទៀត ដូចជាយកលុយតាមឧទាហរណ៍ខាងលើដែលសល់ $4,800 ក្នុងមួយឆ្នាំ ទៅវិនិយោគដើម្បីបង្កើតលុយបន្ថែម។ អ្នកអាចគិតមើលថា បើអ្នករកចំណូលបានសល់លុយ $4,800 ក្នុងមួយឆ្នាំថេរ (នេះគិតថាច្រើនផងសម្រាប់ប្រជាជនកម្ពុជាទូរទៅ) ហើយអ្នកទុកវាដោយមិនវិនិយោគអ្វីសោះ នោះ 80ឆ្នាំក្រោយ អ្នកនឹងមានលុយតែ $384,000 ប៉ុណ្ណោះក្នុងមួយជីវិតរបស់អ្នក។

វាមិនមែនជារឿងកំប្លែងទេ អ្នកអាចមើលក្នុងសង្គមជាក់ស្តែងនៅជុំវិញអ្នក អ្នកមាន មានប្រភពចំណូលជាច្រើនដោយមិនចាំបាច់ធ្វើការហត់ ខណៈអ្នកដទៃទៀតប្រឹងប្រើកម្លាំងស្ទើរតែស្លាប់ខ្លួនដើម្បីរកចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ ចំណែកអ្នកខ្លះវិញរកចំណូលបានច្រើនរាល់ខែ តែចុងបញ្ចប់ពេលចូលនិវត្តន៍អស់ចំណូលសម្រាប់ជីវិតចុងក្រោយ។ ដូច្នេះ បើអ្នកខ្វល់ អ្នកគួរគិតគូរអនាគតហិរញ្ញវត្ថុរបស់អ្នកឲ្យមែនទែន ទាន់នៅក្មេង មានកម្លាំងសម្រាប់កសាងប្រភពចំណូល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...