វិធីដើម្បីថែរក្សាអតិថិជនអោយបានយូរអង្វែង

5363

ក្នុងការរកស៊ីអតិថជនយូរអង្វែង គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍របស់យើង ព្រោះពួកគាត់គឺជាអ្នកដែលស្មោះត្រង់នឹងយើង ហើយថែមទាំងណែនាំអតិថិជនថ្មីជាច្រើនមកកាន់យើងទៀតផង។ សំណួរដែលសំខាន់នោះគឺ ធ្វើយ៉ាងណាដើម្បីទាក់ទាញអតិថជនយូរអង្វែងបាន? ចំនុចទាំងប្រាំពីរខាងក្រោមបកស្រាយពីតិចនិចខ្លះៗដើម្បីថែរក្សាអតិថិជនអោយបានយូរតាមតែអាចធ្វើបាន។

១. ផ្ដល់សេវាកម្មល្អ៖ ស្ដាប់មើលទៅដូចជានិយាយត្រង់ពេក តែការពិតសេវាកម្មគឺសំខាន់ខ្លាំងណាស់សម្រាប់អតិថិជនដោយពេលខ្លះ ទោះបីជាផលិតផលយើងគុណភាពមិនសូវល្អយ៉ាងណាក៏គេនៅតែគាំទ្រយើងដែរ។ ជាទូទៅគ្មានអាជីវកម្មណាដែលអាចបម្រើភ្ញៀវបានល្អឥតខ្ចោះនោះទេ ដូចនេះយើងត្រូវចេះស្ដាប់ការរិះគន់របស់អតិថិជនផងដើម្បីកែតម្រូវចំនុចខ្វះខាតរបស់យើង។

២. ទទួលស្គាល់កំហុសរបស់ខ្លួន៖ ពេលខ្លះអ្នកអាចនឹងធ្វើអោយមានកំហុសក្នុងការធ្វើដោះដូរទំនិញ ឬសេវាកម្មជាមួយអតិថិជន ដូចនេះអ្នកត្រូវចេះទទួលស្គាល់កំហុសរបស់ខ្លួននិងសុំទោសទៅកាន់ពួកគាត់ កុំយកតែរួចខ្លួន។ ឧទាហរណ៍ បើអ្នកលក់ម្ហូប តែកម្ម៉ង់ចេញម្ហូបអោយភ្ញៀវខុស កុំយករួចខ្លួនថាខ្លួនស្ដាប់ភ្ញៀវមិនច្បាស់ឬជួនកាលចោទថាភ្ញៀវហៅខុសខ្លួនឯង។ ផ្ទុយទៅវិញអ្នកគួរសួរទៅកាន់គាត់ថាតើចង់ប្ដូរថ្មីឬយ៉ាងណា បើគាត់ព្រមទទួលយកហើយ អ្នកគួរបញ្ចុះតម្លៃខ្លះឬផ្ដល់បង្អែម ភេសជ្ជៈ…ដើម្បីសងការខូចខាតអោយគាត់វិញ។ 

៣. ធ្វើអោយលើសពីការរំពឹងទុករបស់ភ្ញៀវ៖ ឧទាហរណ៍ថាមានអតិថិជនមកកម្ម៉ង់ទំនិញយើង ហើយយើងសន្យាថាពីរថ្ងៃទៀតនឹងដឹកជូនដល់ផ្ទះ តែអ្នកគួរតែធ្វើអោយបានមុនកាលកំណត់ បើមិនដូច្នោះទេយើងគួរមានថែមជូនរបស់បន្ដិចបន្ដួចអោយគាត់។ 

៤. កុំបោះបង់អតិថិជនចាស់៖ អតិថិជនថ្មីខ្លាចនៅពេលដឹងថាអ្នកយកចិត្តទុកដាក់តែចំពោះពួកគាត់ រីឯអតិថិជនចាស់ៗអ្នកមិនសូវខ្វាយខ្វល់ប៉ុន្មានទេ ព្រោះថ្ងៃក្រោយគាត់ក៏ខ្លាចអ្នកមិនសូវរវីរវល់ជាមួយដូចគ្នា។ ម្ល៉េះហើយទាំងអតិថិជនចាស់ ឬថ្មីយើងត្រូវអោយតម្លៃនិងបម្រើអោយបានល្អដូចគ្នា ព្រោះពួកគាត់នេះហើយជាអ្នកផ្សាយពាណិជ្ជកម្មអោយយើងទាំងយើងមិនចំណាយអស់មួយរៀល។ 

៥. ជ្រើសរើបុគ្គលិកត្រូវ៖ បុគ្គលិកគឺជាអ្នកដំបូងគេដែលជួបនឹងអតិថិជន ដូចនេះគាត់ត្រូវតែយល់ច្បាស់ពីសេវាកម្មឬទំនិញដែលក្រុមហ៊ុនផ្ដល់។ បើបុគ្គលិកអ្នកនៅស្ទើរខាងជំនាញនឹង អ្នកគួរតែមានការហ្វឹកហាត់បន្ថែម និងកំណត់ពេលប្រជុំដើម្បីមើលពីលទ្ធផលដែលទទួលបាន។ 

៦. ដឹងពីទំនិញដែលយើងលក់៖ បើអ្នកទៅទិញកាមេរ៉ាហើយមានហាងពីរ មួយដឹងពីលក្ខណៈបច្ចេកទេសនិងវិធីប្រើប្រាស់ទាំងអស់របស់កាមេរ៉ា រីឯមួយទៀតចំនុចខ្លះក៏ដឹងចំនុចខ្លះក៏មិនដឹង សួរថាតើអ្នកទុកចិត្តហាងណាជាង? អតិថិជនជាទូទៅទុកចិត្តអ្នកដែលមានជំនាញជាងទោះបីជាផលិតផលនោះរាងមានតម្លៃលើស ឬមានទីតាំងឆ្ងាយក៏ដោយ សំខាន់គឺថាគាត់អាចជឿជាក់លើយើងបាន។

៧. ផ្ដល់ការបញ្ចុះតម្លៃសម្រាប់អតិថិជនចាស់ៗ៖ វិធីសាស្ត្រនេះត្រូវបានអាជីវកម្មជាច្រើនយកមកប្រើជាពិសេសហាងកាហ្វេ ភោជនីយដ្ឋានជាដើម ដោយអតិថិជនមកទិញគ្រប់ចំនួនកំណត់នឹងមានការថែមជូនឬបញ្ចុះតម្លៃ។ យុទ្ធសាស្ត្រនេះអ្នកក៏អាចយកមកប្រើប្រាស់បានដែរមិនថាអាជីវកម្មអ្នកជាសេវាឬផលិតផលនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។